​អ៊ូ វីរៈ​ ថ្លែង​ពី​យុទ្ធសាស្ត្រ​យក​«បដិវត្តន៍​ពណ៌» មក​ធ្វើ​ជា​ខ្មោច​លង​

តើនរណាមួយ ឬក្រុមណាមួយទៅ ដែលអាចមានលទ្ធភាព ធ្វើ«បដិវត្តន៍ពណ៌» ដើម្បីផ្ដួលលោក ហ៊ុន សែន ចេញ​ពី​អំណាច ដូចការ​ទន្ទេញ​ចាំ​មាត់ របស់​មន្ត្រី​គ្រាក់ៗ ក្នុងជួរ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ? អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ មិនបាន​មើល​ឃើញ​ក្រុម​ណា​មួយ ឬ​នរណា​ម្នាក់ ថា​មាន​លទ្ធភាព​នឹង​ធ្វើ «បដិវត្តន៍​ពណ៌»​នេះ កើត​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​លើក​ឡើង​ដដែលៗ ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល គឺជាការ​ដណ្ដើម​មុខ​មាត់​តួនាទី​គ្នា តាមរយៈ​ហេតុការណ៍ «ខ្មោចលង» នៃ​បដិវត្តន៍​ពណ៌​នេះ តែ​ប៉ុណ្ណោះ។
​អ៊ូ វីរៈ​ ថ្លែង​ពី​យុទ្ធសាស្ត្រ​យក​«បដិវត្តន៍​ពណ៌» មក​ធ្វើ​ជា​ខ្មោច​លង​
ពីឆ្វេងទៅស្ដាំ៖ លោក មូអាម៉ា កាដាហ្វី អតីតមេដឹកនាំលីបី - លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា - លោក បាឆារ អាល់អាសាធ ប្រធានាធិបតីស៊ីរី។ (រូបថតឯកសារ)

មិនមានបដិវត្តន៍ពណ៌ទេ! វាទៅមិនរួចទេ! ទាំងនេះជាការលើកឡើង របស់លោក អ៊ូ វីរៈ ​ប្រធាន​​វេទិកា​​អនាគត ​ដែល​​ជា​​មជ្ឈមណ្ឌល​សិក្សា​​ស្រាវ​ជ្រាវ​​គោល​​នយោបាយ ក្នុង​ប្រទេសកម្ពុជា តបទៅនឹងការលើកឡើង តាំង​ពី​ច្រើន​ខែ​មកហើយ ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ជុំវិញការធ្វើ​«បដិវត្តន៍​ពណ៌» ដោយកម្លាំងប្រជាជន ដើម្បីផ្ដួលលោក ហ៊ុន សែន ពីអំណាចជានាយករដ្ឋមន្ត្រី បីទសវត្សរ៍ជាង នៅ​កម្ពុជា។

ការថ្លែងពីការទប់ស្កាប់ «បដិវត្តន៍ពណ៌» ត្រូវបានលើកឡើងផ្ទួនៗ កាលពីពេលកន្លងមក ដោយមន្ត្រីរដ្ឋាភិបាល​ជាន់​ខ្ពស់​មួយចំនួន និងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមេទ័ពកំពូលៗ របស់ជាតិ។ អគ្គ​មេ​បញ្ជា​ការ នៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ថែមទាំងប្រកាសជាចំហរទៀតថា កងទ័ពជាតិ​ត្រូវ​បាន​បញ្ជា ឲ្យការពារលោក ហ៊ុន សែន និងគ្រួសារ ឲ្យមានសុវត្ថិភាព ១០០% នោះផង។

នៅក្នុងពិធី​រំឭក​ខួប ​នៃ​ការ​បង្កើត​ក្រុម​កង​អង្គ​រក្ស កាលពីថ្ងៃអាទិត្យម្សិលម៉ិញ លោក ប៉ុល សារឿន បានដាក់​បទ​បញ្ជា ឲ្យកងទ័ពជាពិសេសកងអង្គរក្ស ចំនួនពីរយ៉ាងដូច្នេះថា៖ «ទីមួយ ដាច់​ខាត​ស្មោះត្រង់ ​ការពារ​សម្ដេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ (ប៊ុន រ៉ានី) ព្រមទាំង​ក្រុម​គ្រួសារ ​ឲ្យ​បាន​មួយ​រយ​ភាគ​​រយ។​ ទីពីរ ​ដាច់​ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌ ​នៅ​កម្ពុជា​ឡើយ។»។​

យក«បដិវត្តន៍ពណ៌»ធ្វើជាខ្មោចលង

អ្នក​តាមដានស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជា បានសម្ដែងចំងល់របស់ពួកគេ ជុំវិញការលើកឡើង មិនដាច់សូរ ពី«បដិវត្តន៍ពណ៌» និងជាពិសេសពីការប្រកាស លូកដៃលូកជើង ក្នុងរយៈពេលចុងក្រោយ ពី​សំណាក់​​កងទ័ព ខណៈប្រទេសកម្ពុជា ជារដ្ឋស៊ីវិល ដែលច្បាប់ទាំងឡាយរបស់ប្រទេសនេះ កំពុងត្រូវបាន​អនុវត្តន៍​ជា​​ធរមាន​​នៅ​​ឡើយ​នោះ។

ចំងល់នេះ ត្រូវបានលោក អ៊ូ វីរៈ បកស្រាយ តាមរយៈកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)​ ថាមានតែគន្លឹះពីរប៉ុណ្ណោះ ដែលសំខាន់ជាងគេ។ ទីមួួយ គឺបណ្ដាលមកពីការព្រួយបារម្ភ «ជ្រុល​ហួស​ហេតុ»​ របស់​មន្ត្រីទាំងអស់នោះ។ ខណៈឯចម្លើយទីពីរ ត្រូវបានលោកពន្យល់ថា៖ «​ខ្ញុំ​មើល​ទៅ​ជា​យុទ្ធ​សាស្រ្ត​ ប្រហែល​​ជា​​យុទ្ធ​សាស្រ្ត​​ដណ្ដើម​អំណាច​គ្នា​ទេ ​ឬ​មួយ​ក៏​យុទ្ធ​សាស្រ្ត​ ទាញ​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ ​ពេល​ណា​​យក​​បដិវត្តន៍​ពណ៌ ​ធ្វើជា​ខ្មោច​លង​គ្នា​ទៅ​ គេ​ថា​ដើម្បី​បង្ការ​ ឲ្យ​អំណាច​មក​ខ្ញុំ​អី​បន្តិច​មក​ ឲ្យ​ឥទ្ធិពល​​មក​​ខាង​ខ្ញុំ​អី​​វិញមក។ ​ជា​យុទ្ធ​សាស្រ្ត​ដណ្ដើម​តួនាទី​គ្នា​ នៅ​ក្នុងជួរ​រដ្ឋាភិបាល។»។

អ្វីទៅជាបដិវត្តន៍ពណ៌?

និយមន័យស្រួលយល់ គឺជាការទម្លាក់របប ឬមេដឹកនាំណាមួយ ចេញពីអំណាច ដោយកម្លាំងពលរដ្ឋ។ ប៉ុន្តែ​បដិវត្តន៍​«កម្លាំងមហាជន»ទាំងនោះ មានសណ្ឋានខុសៗគ្នា។ បដិវត្តន៍ទម្លាក់ក្រុមមេដឹកនាំផ្ដាច់ការ នៅក្នុង​បណ្ដាប្រទេសអារ៉ាប់ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា តែងយកមកនិយាយប្រៀបធៀបនោះ ត្រូវបានគេដាក់​ឈ្មោះ​ថា «បដិវត្តន៍ផ្កាម្លឹះ ឬ​បដិវត្តន៍​​នៃរដូវផ្ការីកអារ៉ាប់ (Arab Spring)» និងមិនមែនជា «បដិវត្តន៍ពណ៌ ​(Colour revolution)» ដែលបានកើតឡើង នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងកើត នៅក្រោយការដួលរលំទៅ នៃ​ប្លុក​កុម្មុយនីស​នោះ​ទេ។

ប៉ុន្តែបដិវត្តន៍ណាក៏ដោយ (ទោះមានការលូកដៃ ពីបរទេសក៏ដោយ) ក៏សុទ្ធតែ​​ជា​ការ​ងើបឈរឡើង ពីសំណាក់​ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការ កាន់​អំណាច​ដុះ​ស្លែ បក្ខពួក គ្រួសារនិយម ពុករលួយ... ដែល​យក​ប្រទេស​ជាតិ ទឹកដី និងប្រជាជនទាំងមូល មកធ្វើជាទ្រព្យផ្ទាល់ខ្លួន ឬជារបស់​គ្នីគ្នា​បក្ខពួក​របស់​ខ្លួន។ (សូមចូលទៅអាន ពីដំណើរការនៃបដិវត្តន៍ទាំងពីរ ជាភាសាអង់គ្លេស នៅក្នុងខ្សែភ្ជាប់ទាំងពីរ ដែល​ដាក់​ជូន នៅក្នុងកថាខណ្ឌមុន)

តែការងើបឈរឡើង ដូចក្រុមប្រទេសទាំងនោះ មិនមែនជាជំហាន ដែលប្រជាជនកម្ពុជា ត្រូវដើរនោះឡើយ។ នេះ​បើតាមលើកឡើង របស់លោក អ៊ូ វីរៈ ដដែល។ ប្រធានវេទិកាអនាគតរូបនេះ បានបន្តទៀតថា៖ «​គឺ​អត់​មាន​ទេ​ បាទ។​ ប្រជា​ពលរដ្ឋ​យើង ​នៅ​មិន​ទាន់​ហ៊ាន​ មិនទាន់​មាន​សុវត្ថិភាព​ នៅ​មាន​ការ​បាក់ស្បាត ​គ្មាន​សមត្ថភាព ​ដោយសារ​សេដ្ឋកិច្ច។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ជន​បទ​ទេ​ ​មិនមែន​ជា​ប្រទេស​មួយ​ ដែល​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​​នៅ​​ក្រុង ​នៅ​ប្រជុំ​ជន​ទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់