សួន​ សេរីរដ្ឋា តប​ទៅ​«នាយក​រដ្ឋ​មន្ត្រី​ដែល​មិន​ចេះ​ស្លាប់»

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានហៅលោក ហ៊ុន សែន នាយរដ្ឋមន្ត្រី​ក្នុង​តំណែង តាំង​ពី​ជាង​៣ទសវត្សន៍​រូបនេះ ថា​កំពុង​មាន​អំណួត​​ហួស​ព្រំដែន និងកំពុងស្រវឹង ក្នុង​ល្អាង​អំណាច។ ជា​ការ​បក​ស្រាយ​មួយ តបទៅនឹងការអះអាង របស់លោក ហ៊ុន សែន ក្នុង​វេទិកា​«ការការពារ និង​​ការ​​អភិរក្សធនធាន​ធម្មជាតិ» កាល​ពី​ថ្ងៃ​ទី ២២ ខែសីហា ដែលថា​លោក​ចង់​លាលែង ពី​តំណែង​ថ្ងៃ​ស្អែក​ក៏បាន តែ​មាន​នរណា​មកជំនួស?
សួន​ សេរីរដ្ឋា តប​ទៅ​«នាយក​រដ្ឋ​មន្ត្រី​ដែល​មិន​ចេះ​ស្លាប់»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 24, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អាន និងបញ្ចេញយោបល់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា «កំពុងមើលងាយពលរដ្ឋខ្មែរ រាប់លាននាក់ ថា​គ្មាន​សមត្ថភាព ព្រមទាំងមើលងាយធនធាន យុវជនក្នុងគណបក្ស ដែលខ្លួនឯងកំពុងដឹកនាំនោះផង» នេះ ជា​សំណេរ​ពន្យល់ របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន ដែល​អះអាង នៅក្នុងវេទិកា «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថាលោក «ចង់លាលែងពីតំណែង​ស្អែក​ក៏​បាន... តែមាន​នណា​មកជំនួសលោក?»។

ក្នុងវេទិការៀបចំឡើងដោយលោក​ ហ៊ុន សែន ផ្ទាល់ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ដែលកំពុងបង្កើនសកម្មភាព​ចុះ​តាម​មូលដ្ឋាន តាំងពីច្រើនសប្ដាហ៍កន្លងមកនោះ បានលើកឡើង​ថា ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម ​ប្រសិន​ជា​ការ​​ចុះ​ចេញ​​របស់​លោក អាច​នាំ​សន្តិភាព​ដល់​ប្រទេស។ ​លោក ហ៊ុន សែន បានបញ្ជាក់​ថា ​លោក​នឹង​នៅ​បន្ត​កាន់​អំណាច ​ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស ​បើទោះជាមានការ​រិះគន់​ថា​ លោក​កាន់​អំណាច​យូរ​នោះ​ក៏ដោយ។​

នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងឡើង​ថា៖​ «ករុណា​ខ្ញុំ​ចង់​ចេញ​ស្អែក​ក៏​បាន​ដែរ​ អត់​បញ្ហា ​មិន​បាច់​ថា​ ដូរ ​មិន​ដូរ​ទេ។ ​ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​អី ​After Hun Sen ​(បន្ទាប់​ពី​ហ៊ុន សែន)។ ​ក្រោយ​ហ៊ុន សែន ​ជា​អ្នក​ណា?​ នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិត។​ បើសិន​ជា​ក្រោយ ​ហ៊ុន សែន​ វា​ស្រួល​ អត់​ទេ ​មួយ​អាទិត្យ​វាយ​កូន​ហ្គោល​៥​ដង​ ក៏​គ្មាន​អ្នកណា​ទៅ​ឈឺ​ក្បាល។ ​ប៉ុន្តែ​ត្រូវ​គិត​ឲ្យ​ច្បាស់។»។​

នាយករដ្ឋមន្ត្រី សើម...

សម្រាប់លោក សួន សេរីរដ្ឋា មិនបានគិតដូច្នោះទេ។ ប្រធានគណបក្សអំណាចខ្មែរ បានពន្យល់តបទៅលោក ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូការ​របស់លោកថា តំណែងនាយករដ្ឋមន្ត្រី ឬប្រធានាធិបតី ដឹកនាំប្រទេស គឺ​សម្រាប់​មនុស្ស​មានសមត្ថភាព មានការទទួលខុសត្រូវ និងចេះទទួលយកការរិះគន់ ហើយចេះខ្មាស់អៀន នូវ​អំពើ​អាក្រក់ និងកំហុសដែលខ្លួនប្រព្រឹត្តិ ។ ពោលគឺមិនមែនសម្រាប់មនុស្ស ស៊ីជោរ «សើមក្បាលជោរក្បាល សើម​កន្ទុយ​ជោរកន្ទុយ» ហើយមានអំណួតបែបអវិជ្ជាថា បើអស់ពីខ្លួន ឬខ្លួនលាលែង នឹងគ្មានមនុស្សដូចខ្លួន ឬគ្មាន​អ្នក​មាន​​សមត្ថភាព មកជំនួសខ្លួននោះទេ ។

នាយករដ្ឋមន្ត្រី ដែលមិនចេះស្លាប់...

ប្រធានគណបក្ស ដែលទើបតែបង្កើតថ្មីរូបនេះ បានចាត់ទុកការលើកឡើង របស់លោក ហ៊ុន សែន ថាជា​«អំណួត​ហួស​ព្រំដែនទាំងវង្វេង និងស្រវ៉ឹងក្នុងល្អាងអំណាច»។ លោក សួន សេរីរដ្ឋា បានចោទសួរ ទៅវិញដូច្នេះថា៖ «បើ​អត់​ពី​លោក ហ៊ុន សែន ទៅ តើប្រទេសខ្មែរមួយនេះ នឹងគ្មានមនុស្សមានសមត្ថភាព ឡើងកាន់ដំណែងជា នាយក​រដ្ឋ​មន្ត្រី​ទេឬ? តើកូនខ្មែររាប់លាននាក់ ដែលកើតមក ខំរៀន គឺដើម្បីតែបម្រើលោក ហ៊ុន សែន ឲ្យធ្វើជា​នាយក​រដ្ឋ​មន្ត្រី ដែលមិនចេះស្លាប់ឬ?»។

ការបកស្រាយខាងលើនេះ មិនលែងអី នឹងមានប្រតិកម្មខ្លាំងៗ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាន​និន្នាការ​គាំទ្រលោក ហ៊ុន សែន នោះឡើយ។ ទន្ទឹមនឹងការចាត់ទុកថា ការលើក​ឡើង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែលធ្លាប់តុលាការកម្ពុជាកាត់ទោស ឲ្យជាប់គុកជាច្រើនឆ្នាំ ថាជាការប្រមាថធ្ងន់ធ្ងរ ដល់​«ប្រមុខ​ដឹកនាំ»​នោះ អ្នក​គាំទ្រ​លោក ហ៊ុន សែន ខ្លះបានអះអាងថា៖ «បើលោក ហ៊ុន សែន មិនមានសមត្ថភាព ម៉េច​បាន​ធ្វើ​ឲ្យ​លោក សួន សេរីរដ្ឋា រត់ចោលស្រុក ហើយទើបបានមកវិញដូច្នេះ?»។

តែរវាងសមត្ថភាព ដែលធ្វើឲ្យនរណាម្នាក់រត់ចោលស្រុក និងសមត្ថភាព សម្រាប់ការដឹកនាំប្រទេស «ទំនង»​ជា​មិនដូចគ្នាទេ។ លោក សួន សេរីរដ្ឋា បានបរិហារការដឹកនាំជាង៣០ឆ្នាំ របស់លោក ហ៊ុន សែន ថា៖ «បើ​ពូកែ មិន​​មែន​ស្រុក​​រលាយ​អស់​នូវ​អ្វី ដែលដូនតាខ្មែរទុកឲ្យនោះទេ ហើយបើខ្លាំង ក៏មិនមែនខ្មែរ រត់ទៅធ្វើការ​ស៊ីឈ្នួល​គេ ស្ងាត់​​ស្រុក​បែប​នេះ​ដែរ និងម្យ៉ាងវិញទៀត ដឹកនាំប្រទេសជាង ៣០ឆ្នាំ សូម្បីស្លាកសញ្ញាដើម្បី​ធ្វើ​ចរាចរណ៍ បង្ហាញ​អ្នក​​ដំណើរ​​ឲ្យ​ស្គាល់​ទិស លិច កើត ជើង ត្បូង រៀបចំមិនបានផង។ តើអាចធ្វើកិច្ចការធំជាង​នេះ​ទៀត ម្តេច​ហ្នឹង​បាន​​​ទៅ ? បើ​​យុវជន​​ជំនាន់​ថ្មី គេឡើងធ្វើជានាយករដ្ឋមន្ត្រីវិញនោះ មិនមែនដឹកនាំបាន​ដូច​លោក​ទេ តែ​វា​នឹង​បាន​ប្រសើរ​​​ជាង​​លោក​​ឆ្ងាយ​ណាស់។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់