កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម

របាយការណ៍តួលេខ នៃប្រទេសអ្នកផ្គត់ផ្គង់ឈើប្រណិត ច្រើនជាងគេទៅឲ្យប្រទេសវៀតណាម ទើប​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​ប្រទេស​នេះ​​ ទម្លាយចេញមកដោយខ្លួនឯង កាល​ពី​ចុង​សប្ដាហ៍​មុន។ នៅដើមឆ្នាំ២០១៦នេះ ប្រទេសចិន​បាន​ដណ្ដើម យក​តួលេខ​លេខ​មួយ ពីប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែលធ្លាប់ទទួលបាន​ចំណាត់​ថ្នាក់​នេះ កាលពីឆ្នាំកន្លងទៅៗ។ តែកម្ពុជា និងឡាវ នៅតែជា​ប្រទេស​ដែល​ផ្ដល់​ឈើ​ប្រណិត និង​គ្រឿង​សង្ហារឹម​យ៉ាងច្រើន ទៅ​ឲ្យ​វៀតណាម ក្នុង​ឆ្នាំ​នេះ​ដដែល។
កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម
ឈើប្រណិតៗ របស់កម្ពុជា ដែលត្រូវបានដឹកចេញ ទៅផ្គត់ផ្អង់ឲ្យទីផ្សារ នៃគ្រឿងសង្ហារឹម និងគ្រឿងលំអ របស់ប្រទេសវៀតណាម។ (រូបថត AFP)

កាលពីឆ្នាំទៅម៉ិញ ប្រទេសកម្ពុជា និងប្រទេសឡាវ ជាប្រទេសពីរ ដែលបានផ្គត់ផ្គង់ និងនាំចេញឈើប្រណិត និង​សម្ភារៈ​គ្រឿង​សង្ហារឹម​ច្រើនជាងគេ ទៅឲ្យប្រទេសវៀតណាម។ ប៉ុន្តែរាប់ចាប់តាំងពីខែមករា មកដល់ខែកក្កដា ឆ្នាំ​នេះ ការ​នាំ​ចេញ​នូវ​ឈើ​ប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ ពីប្រទេសទាំងពីរខាងលើ បានថមថយយ៉ាងខ្លាំង។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជាទីភ្នាក់ងារផ្លូវការ របស់ប្រទេស​វៀតណាម ចេញផ្សាយកាលពីចុងសប្ដាហ៍ កន្លងមកនេះ។

ការ​ប្រើពាក្យ«ឈើប្រណិត» ដោយហេតុថា ឈើដែលប្រទេសកុម្មុយនីស ទទួលចូលទៅក្នុងទីផ្សាររបស់ខ្លួន មាន​គោលដៅដើម្បីធ្វើគ្រឿងសង្ហារឹម និងការតុបតាំងលំអ នៅក្នុងវិស័យសំណង់។ ទីភ្នាក់ងារ «VNA» ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅដើមឆ្នាំនេះ ប្រទេសចិនបានទទួលបានចំណាត់ថ្នាក់ទីមួយ ក្នុងការនាំឈើប្រណិត និងសម្ភារៈ​គ្រឿង​សង្ហារឹម​ ចេញ​ច្រើន​ជាងគេ ប្រមាណជា ១៤,៥% ត្រូវនឹងទឹកប្រាក់ ១៤៥លានដុល្លារ ចូលទៅ​ក្នុង​ប្រទេស​វៀតណាម។

បន្ទាប់ពីប្រទេសចិន គឺសហរដ្ឋអាមេរិក ដែលនាំចូលឈើប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ របស់ខ្លួន មកក្នុង​ទីផ្សារ​វៀតណាម មានប្រមាណជា ១២,៦% ត្រូវនឹងទឹកប្រាក់ ១២៥លានដុល្លារ សម្រាប់៧ខែចុងក្រោយនេះ។ រយៈ​ពេល​នេះ ការនាំឈើប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ ចូលមកក្នុងប្រទេសវៀតណាម មានតម្លៃសរុប​ទាំង​អស់ ៩៩៨លានដុល្លារ ដែលបានថយចុះ ប្រមាណជា ២១,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនីសបានបញ្ជាក់ទៀតថា បើទោះជាប្រទេសជិតខាងទាំងពីរ (កម្ពុជា និង​ឡាវ) បានកាត់បន្ថយការនាំឈើប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ ចូលទៅក្នុងប្រទេសខ្លួន តាំងពីដើម​ឆ្នាំនេះ​ក៏​ដោយ តែប្រទេសបងប្អូន «ម៉ឺនឆ្នាំ» កម្ពុជា និងឡាវ នៅតែជាប្រទេសដែលផ្គត់ផ្គង់ឈើប្រណិត និងសម្ភារៈ​គ្រឿង​សង្ហារឹម​ ទៅឲ្យប្រទេសវៀតណាម ដ៏ច្រើនសន្ធឹកសន្ធាប់ដដែល ប្រហាក់ប្រហែលនឹងប្រទេស ម៉ាឡេស៊ី និង​ប្រទេស ថៃ ដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់