ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ

ឡានក្រុង ដែលមានឈ្មោះ «TEB» ត្រូវបានយកមកបង្ហាញ និងដាក់ឲ្យមាន​ដំណើរការសាកល្បង កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ នៅប្រទេសចិន។ ឡានក្រុងដ៏ពិសេសនេះ ត្រូវដាក់ឲ្យរត់ កន្លង​ពីលើថ្នល់ធំ ដែលសម្បូរ​ដោយ​​ចរាចរណ៍​ស្មុគ្រ​ស្មាញ នៅ​តាម​បណ្ដា​ក្រុង​ធំៗ នៃមហាប្រទេស ដែលមានប្រជាជន​ច្រើនជាង​គេ​មួយ​នេះ។
ឡានក្រុង ដែលមានឈ្មោះ «TEB»។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៣ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 04, 2016
  • ប្រធានបទ: បច្ចេកវិទ្យា
  • អាន និងបញ្ចេញយោបល់

សហគ្រាសចិន «Transit Explore Bus» បានប្រកាសកាលពីខែឧសភា ថាខ្លួនកំពុងធ្វើការ នៅលើ​គម្រោង​រថយន្ដ​ក្រុងមួយ ដែលនឹងជំនះឲ្យបាន នូវការស្ទះចរាចរណ៍។ នៅថ្ងៃអង្គារកន្លងមកនេះ រថយន្ដក្រុងនោះ បាន​ចេញជារូបរាងពិតប្រាកដហើយ និងត្រូវបានសហគ្រាស យកមកដាក់ឲ្យរត់ ជាការសាកល្បង នៅពី​លើ​ថ្នល់​ធំ នៃទីក្រុង «Qinhuangdao» របស់ខេត្ត «Hebei» ភាគខាងកើតនៃប្រទេសចិន។ រថយន្ដក្រុងនោះ មាន​ឈ្មោះ «TEB» ដែល​បាន​មក​ពី​អក្សរកាត់ នៃពាក្យ «Transport Elevated Bus»។

ប្រសិនជាអ្នកជិះរថយន្ដផ្ទាល់ខ្លួន នោះអ្នកមិនដឹងថា ត្រូវនឹងធ្វើយ៉ាងដូចម្ដេចឡើយ នៅពេលដែល​មាន​ការ​កក​ស្ទះចរាចរណ៍។ អ្នកច្បាស់ជាក្ដៅក្រហាយណាស់ ព្រោះអ្នកទៅមុខមិរួច ទៅក្រោយក៏មិនបាន។ ប៉ុន្តែ​ឡាន​ក្រុង «TEB» ដែលមានកំពស់ទាំងអស់ ៥ម៉ែត្រនេះ នឹងរត់កន្លងពីលើការកកស្ទះ យ៉ាងរំភើយជាទីបំផុត។ ជា​មួយ​ទំហំដ៏ធំទូលាយ ទាំងទទឹង ទាំងបណ្ដោយនោះ រថយន្ដក្រុង «TEB» ក្នុងជំហានដំបូងនេះ នឹង​អាច​ទទួល​មនុស្ស​ឲ្យ​ចូល​ជិះ បានចំនួនដល់ទៅ ៣០០នាក់។

មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកបង្កើត «TEB» មានគម្រោងចង់ធ្វើយានមួយនេះ ឲ្យដើរដូចរថភ្លើង ឬមេត្រូ (Métro) នោះដែរ។ បើគម្រោងនេះ ពិតដើរទៅដល់នោះមែន ឡានក្រុង «TEB» នឹងទទួលអ្នកដំណើរ​បាន​ដល់​ទៅ ១២០០នាក់។

«TEB» ដ៏ពិសេសមួយនេះ បានចូលរួម ក្នុងការកាត់បន្ថយកម្ដៅផែនដី ដោយសារវាដើរដោយចរន្ដអគ្គិសនី ដែលទទួលបាន ពីពន្លឺព្រះអាទិត្យ។ បន្ទះស្រូបពន្លឺជាច្រើន ត្រូវបានដាក់គ្រប ពីលើដំបូលរបស់វា ដើម្បី​ទទួល​យក​ពន្លឺ​ព្រះអាទិត្យ ហើយបំលែងឲ្យទៅជាអគ្គិសនី សម្រាប់ធ្វើឲ្យម៉ាស៊ីនរត់ បានរហូតដល់ល្បឿន ៦០​គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង។

នៅក្នុងការសាកល្បងដំបូង កាលពីថ្ងៃអង្គារនេះ រថយន្ដក្រុង «TEB» បានរត់បានចំងាយ៣០០ម៉ែត្រ ត្រួត​ពិនិត្យ​ការ​ចាប់ហ្វ្រាំង និងការប្រើប្រាស់ចរន្តអគ្គិសនី។ នៅក្នុងពេលភ្លាមៗ «TEB» នៅមិនទាន់អាច​ដាក់​ឲ្យ​ប្រើ​ប្រាស់ ជាសាធារណៈបាននៅឡើយ។ ប៉ុន្តែបើតាមគេហទំព័រ «Xinhuanet» បានឲ្យដឹងថា ប្រទេស​ជា​ច្រើន ដូច​យ៉ាង ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសបារាំងជាដើម កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រភេទ​យាន​ដឹក​ជញ្ជូន​សាធារណៈ​មួយនេះ៕

----------

» វីដេអូបន្ថែម ទាក់ទងនឹងរថយន្ដក្រុង «TEB»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់