ទេសចរណ៍​ក្នុង​អវកាស៖ «Virgin Galactic» ប្រកាស​បើក​ជើង​ហោះ​ហើរ​នៅ​ឆ្នាំ​ក្រោយ

យានអវកាស ឈ្មោះ «SpaceShipTwo» របស់ក្រុមហ៊ុន «Virgin Galactic» បានទទួលការអនុញ្ញាត ពីរដ្ឋបាល​អកាសចរណ៍​សហព័ន្ធ (Federal Aviation Administration) ដើម្បីអាចធ្វើអាជីវកម្ម នាំទេសចរណ៍អ្នកមានៗ ឲ្យឡើង​ទៅ​ដើរ​កំសាន្ដ នៅ​ក្នុង​អវកាសនាឆ្នាំខាងមុខ។ យានអវកាសមួយនេះ ទើបនឹងត្រូវបាន​ដាក់​សំពោធ​ជាផ្លូវការ កាល​ពី​ថ្ងៃចន្ទ​កន្លងមក។
យានអវកាស «SpaceShipTwo» ដែលត្រូវបានសំពោធ កាលពីថ្ងៃចន្ទ។

ក្រុមហ៊ុនអាមេរិក ឈ្មោះ «Virgin Galactic» ទើបនឹងទទួលបាន«ភ្លើងខៀវ» ពីសំណាក់​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ (Federal Aviation Administration) អាមេរិក ដើម្បីអាចធ្វើអាជីវកម្ម នាំ​ទេសចរណ៍​អ្នក​មានៗ ឡើង​ទៅ​កំសាន្ដ​ក្នុងអវកាស ជាមួយនឹងយាន «SpaceShipTwo» របស់ខ្លួន ដែល​ទើប​នឹង​សំពោធ ដាក់​​បង្ហាញ​​ជា​ផ្លូវ​ការ កាល​ពីថ្ងៃចន្ទកន្លងមក។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន «Virgin Galactic» បានឲ្យដឹងថា លិខិតអនុញ្ញាត ដែលផ្ដល់​ដោយ​ការិយាល័យ «FAA-AST (Federal Aviation Administration Office of Commercial Space Transportation)» នឹងផ្ដល់លទ្ធភាពនៅទីបំផុត ការធ្វើអាជីវកម្ម ទៅលើយាន «SpaceShipTwo» ហើយ​វាជាលទ្ធផល ដែលចេញពីការផ្លាស់ប្ដូរយោបល់គ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ការ​​សិក្សា​​ត្រួត​​ពិនិត្យ របស់​ការិយាល័យ​ខាងលើ ត្រូវស្វែងយល់ ឲ្យដឹងច្បាស់លាស់ ពីគោលគំនិត​សំខាន់ៗ​​​នៃ​តួយាន - ប្រព័ន្ធ​ការពារ​សុវត្ថភាព និងផ្លូវហោះហើររបស់យាន។

គេនៅចាំបាន ពីការចាប់ផ្ដើមដ៏ស្មុគ្រស្មាញ របស់យានអវកាស «SpaceShipTwo» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ នៅពេលដែលយាននេះ ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ។ នៅក្នុងគ្រោះថ្នាក់នោះ ជំនួយ​ការ​បើកបរយាន បានស្លាប់ ខណៈឯមេបញ្ជាការបើកបរ បានរងរបួសធ្ងន់ធ្ងរ បើទោះជាបានចុចបំប៉ើងខ្លួន ចេញ​ពី​យាន​ទាន់ពេលក៏ដោយ។ ប៉ុន្តែបញ្ហានេះ បានធូរស្រាលមកវិញ បន្ទាប់ពីរបាយការណ៍ស៊ើបអង្កេត របស់ «National Transportation Safety Board (NTSB)» បានរកឃើញថា គ្រោះថ្នាក់នេះបានកើតឡើង ក្រោម​មូលហេតុ មកពីកំហុសអ្នកបើកបរខ្លួនឯង៖ ការចាប់ហ្វ្រាំងបញ្ឈប់យាន បានធ្វើឡើងមុនពេលកំណត់ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម កំពុងរុញយានទៅមុខ និងមាន​សន្ទុះខ្លាំង​នៅឡើយ។

សារព័ត៌មាន «Wall Street Journal» បានស្រង់សំដី របស់អ្នកនាំពាក្យ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ មក​បញ្ជាក់​ថា លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេះ ត្រូវបានផ្ដល់ជូន ដោយមានលក្ខខណ្ឌ និងតម្រូវឲ្យក្រុមហ៊ុន «Virgin Galactic» ចាំបាច់ត្រូវបំពេញឲ្យបានសិន មុននឹងបើកជើងហោះហើររបស់ខ្លួន ឆ្ពោះទៅអវកាស។

រីឯសំបុត្រមួយសន្លឹក ដើម្បីអនុញ្ញាតឲ្យទេសចរណ៍ម្នាក់ មានឱកាសទៅកំសាន្ដ តែប៉ុន្មាននាទី នៅក្នុង​អវកាស​នោះ មានតម្លៃប្រមាណជា ២៥០ ០០០ ដុល្លារ។ ជើងហោះហើរមួយៗ អាចទទួលបាន​អ្នក​ដំណើរ​ច្រើនបំផុត ត្រឹម​តែ៦នាក់ប៉ុណ្ណោះ បូករួមទាំងអ្នកបើកបរ២នាក់ទៀត។ រីឯការធ្វើដំណើរនោះទៀតសោត ត្រូវធ្វើឡើង​ជា​ពីរ​ដំណាក់កាល។ យាន «SpaceShipTwo» ត្រូវបានយាន «WhiteKnightTwo»ដ៏ធំមួយទៀត  បញ្ជូន​ឡើង​ទៅ​ដល់​កំពស់ ១៥ ០០០ម៉ែត្រសិន មុននឹងយាន «SpaceShipTwo» ផ្ដាច់ខ្លួន ហើយបញ្ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​​របស់​​ខ្លួន ដើម្បី​បន្តដំណើរ​ចូលទៅក្នុងអវកាស ហួសពីស្រទាប់​ដែលមានទំនាញផែនដី៕

» ដើម្បីយល់បន្ថែម សូមទស្សនាការពន្យល់ជាវីដេអូ ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់