ជប៉ុន៖ កាន់​កាំបិត​ចាក់​សម្លាប់​១៩នាក់ ក្នុង​មណ្ឌល​ជន​ពិការ​មួយ

មនុស្ស១៩នាក់ ស្លាប់ និង២៥នាក់ រងរបួស នៅក្នុងការវាយប្រហារ ដោយប្រើកាំបិត នាព្រឹកនេះ ក្នុង​ប្រទេស​ជប៉ុន។ ការវាយប្រហារ បង្កឡើងដោយយុវជនម្នាក់ អាយុជាង ២០ឆ្នាំ នៅក្នុងមជ្ឈមណ្ឌល​ជនពិការ​មួយ ដែល​យុវជន​នោះ​ធ្លាប់​បម្រើ​ការ ពី​ពេល​មុន​មក។
ជប៉ុន៖ កាន់​កាំបិត​ចាក់​សម្លាប់​១៩នាក់ ក្នុង​មណ្ឌល​ជន​ពិការ​មួយ
ទិដ្ឋភាពថតពីលើអាកាស នៃមជ្ឈមណ្ឌលគាំពារជនពិការ បន្ទាប់ពីហេតុការណ៍វាយប្រហារ។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 26, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

«ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកស្លាប់មានចំនួន១៩នាក់» នេះបើតាមការអះអាង របស់អ្នកនាំ​ពាក្យ​ផ្នែក​ជួយ​សង្ក្រោះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» នាព្រឹកថ្ងៃអង្គារនេះ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា អ្នក​របួស​មាន​ចំនួន​២៥នាក់ ក្នុងនោះ២០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ រីឯខាងនគរបាលវិញ បានរាយការណ៍​នៅ​មុន​នេះ ថាមនុស្សស្លាប់មានចំនួន ១០នាក់។

យុវជនម្នាក់អាយុជាង២០ឆ្នាំ បានចូលទៅបង្ហាញខ្លួន នៅក្នុងស្នងការដ្ឋាននគរបាល វេលាម៉ោង៣ភ្លឺ ម៉ោង​ក្នុង​ស្រុក ថ្ងៃអង្គារទី២៦ ខែកក្កដានេះ (ត្រូវនឹងម៉ោង១ភ្លឺ ម៉ោងនៅកម្ពុជា និងម៉ោង ៩យប់ម្សិលម៉ិញ ម៉ោងនៅ​បារាំង) ដោយ​បានអះអាងថា ខ្លួនជាឃាតករ នៃការចាក់សម្លាប់ដ៏រង្គាលនេះ។ នេះ បើតាមអ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល ខណ្ឌ «Kanagawa» (ស្ថិតនៅជុំវិញរាជធានីតូក្យូ) ថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង​ដដែល។ អ្នក​នាំ​ពាក្យ​បានបន្តទៀតថា៖ «យើងកំពុងព្យាយាមកំណត់ ពីសាច់រឿងលំអិត នៃហេតុការណ៍នេះ»។

នគរបាលក៏បានទទួល​ការហៅទូរស័ព្ទ នៅមុននេះដែរ ទាក់ទងនឹងការវាយប្រហារនេះ ដែលបានកើតឡើង នៅ​ក្នុង​ក្រុង «Sagamihara» ស្ថិតនៅចម្ងាយជាង៥០គីឡូម៉ែត្រ ពីរាជធានីតូក្យូ។ យុវជនចូលសារភាពនោះ អាយុ​២៦ឆ្នាំ ត្រូវបានគេស្គាល់ ថាមានឈ្មោះ «Satoshi Uematsu» និងជាអតីតបុគ្គលិកធ្លាប់បម្រើការងារ នៅ​ក្នុង​មជ្ឈមណ្ឌលនោះ។ សារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «Asahi» បានស្រង់សំដីយុវជននេះ ដែលបាន​ថ្លែង​ប្រាប់​នគរបាល ដូច្នេះថា៖ «ជនពិការទាំងអស់ គួរតែរលាយឲ្យបាត់ផុត ពីពិភពលោកនេះ»។

កាបិតជាច្រើន...

បើតាមទូទស្សន៍ជប៉ុន «NHK» បានឲ្យដឹងថា យុវជននេះបានចូលទៅក្នុងអាគារ តាមរយៈការវាយបំបែក​ទ្វារ​កញ្ចក់។ នគរបាលបានរកឃើញ មានកាំបិតជាច្រើន នៅក្នុងកាបូបស្ពាយរបស់យុវជន ហើយមួយចំនួន​មាន​ដិតដាមដោយឈាម។ ទូរទស្សន៍បានធ្វើការសម្ភាស​ បុរសជាឪពុកម្នាក់ ដែលមានកូនខ្លួន កំពុង​ស្នាក់ក្នុង​មណ្ឌល​នោះ ដូច្នេះថា៖ «ខ្ញុំបានឮដំណឹងនេះ នៅតាមវិទ្យុ។ ខ្ញុំបានប្រញាប់ប្រញាល មកកាន់ទីនេះ តែខ្ញុំមិន​អាច​ចូល​ទៅ​ក្នុងបានទេ។»

ស្នងការដ្ឋាននគរបាល ប្រចាំតំបន់ បានអះអាងថា មនុស្សប្រមាណជា ១៦០នាក់ កំពុងស្នាក់នៅ ក្នុង​មជ្ឈ​មណ្ឌល​មួយនេះ។

ម្ដងម្កាល...

ឧក្រិដ្ឋកម្មដ៏រង្គាលរបៀបនេះ កម្រកើតមានណាស់ នៅក្នុងប្រទេសជប៉ុន។ ប្រទេសនេះ​មានការត្រួតពិនិត្យ​អាវុធ (កាបិតក៏ជាអាវុធដែរ = អាវុធចុងស្រួច) យ៉ាងតឹងតែងជាទីបំផុត ហើយតួលេខ នៃឧក្រិដ្ឋកម្ម​ប្រហាក់​ប្រហែល ក៏មិនសូវមានប៉ុន្មានដែរ។ ប៉ុន្តែម្ដងម្កាល ការផ្ទុះអំពើហិង្សា ដែលបង្កឡើងដោយជនមោល៍បាំង ឬជន​​ដែល​មាន​អារម្មណ៍​ចម្លែកៗ តែងបង្កើតឲ្យមានភាពរំជើបរំជួល ដល់ប្រទេសទាំងមូល។

កាលពីខែមិថុនា ឆ្នាំ២០០៨កន្លងទៅ យុវជនម្នាក់អាយុ២៨ឆ្នាំ ដែលមានកាំបិតមួយនៅនឹងដៃ បានបើក​រថយន្ដ​ដឹកទំនិញ ចូលក្នុងសង្កាត់ «Akihabara» នៃរាជធានីតូត្យូ បំបុកអ្នកដំណើរថ្មើរជើងជាច្រើននាក់ មុននឹង​បន្ត​ចាក់​នរណា​ក៏ដោយ ដែលដើរកាត់មុខខ្លួន។ នៅក្នុងព្រឹត្តិការណ៍នោះ មនុស្ស៧នាក់បានស្លាប់ និង១០នាក់ បាន​រង​របួស។ យុវជន​ដៃដល់​ត្រូវបានផ្ដន្ទាទោស ដោយទោសដ៏ខ្លាំងបំផុត។ ក្នុងព្រឹត្តិការណ៍មួយទៀត កាល​ពី​ខែ​មិថុនា ឆ្នាំ២០០១ បុរសម្នាក់បានចូល ទៅក្នុងសាលាបឋមសិក្សាមួយ ស្ថិតនៅជាយក្រុង «Osaka» ហើយ​បាន​ចាក់​សម្លាប់​កុមារ ៨នាក់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់