ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»

លោក កូរ៉ងតាំង ដេឡូប៊ែល (Corentin Delobel) មេធាវីមួយរូប ដែលប្រកបអាជីពរបស់ខ្លួន នៅក្រុងនីស (Nice) បាន​អះអាង​ថា​ខ្លួន ធ្លាប់ជាមេធាវីការពារក្ដី ឲ្យភេរវជនឈ្មោះ «Mohamed Lahouaiej Bouhlel» ដែលបានបើក​រថយន្ដ​ដឹក​ទំនិញ បំបុក​ចូល​ហ្វូង​មនុស្ស បណ្ដាលឲ្យស្លាប់៨៤នាក់ របួសរាប់សិបនាក់ កាល​ពី​យប់​ថ្ងៃ​​ព្រហស្បត្តិ​កន្លង​ទៅ។ បញ្ហា​នៅ​ត្រង់​ថា មេធាវី​រូប​នេះ មិនដែលស្គាល់ភេរវជន ឈាមត្រជាក់​ខាង​លើ សូម្បីតែម្ដង។ បន្ទាប់​ពី​ត្រូវ​បាន​សារព័ត៌មាន​ធំៗ ធ្វើការ​«បក​ស្បែក» កាលពីម្សិលម៉ិញរួច មេធាវីរូបនេះ​បានប៉ុនប៉ង​ធ្វើ​អត្តឃាត កាល​ពី​ព្រឹក​ម៉ិញ តែ​មិន​បាន​សម្រេច​។
ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»
លោក កូរ៉ងតាំង ដេឡូប៊ែល មេធាវីមួយរូប ដែលប្រកបអាជីពរបស់ខ្លួន នៅក្រុងនីស។ (រូបថតផ្តិតពីវីដេអូ)

ដើម្បីភាពល្បីល្បាញ តាមរយៈការចេញមុខ តាមប្រព័ន្ធផ្សព្វផ្សាយ តើគេចាំបាច់ត្រូវប្រឌិតរឿងមួយឡើង ទាំង​រឿង​នេះ​មិនដែលធ្លាប់កើតមានអញ្ចឹងឬ? ប៉ុន្តែយ៉ាងហោចណាស់ ក៏នៅពេលនេះ នរណាៗក៏ស្គាល់លោក កូរ៉ង់តាំង ដេឡូប៊ែល (Corentin Delobel) មេធាវីអាជីពមួយរូប ប្រចាំនៅក្រុង នីស (Nice) ភាគខាងត្បូង​បារាំង​ដែរ។

គេបានស្គាល់លោកមេធាវី សឹងតែនៅជុំវិញផែនដី ដោយសារលោកមេធាវី បានចេញមុខមកអះអាង នៅ​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយថា លោកធ្លាប់ជាមេធាវីការពារក្ដីឲ្យភេរវជន ឈ្មោះ «Mohamed Lahouaiej Bouhlel» ដែល​បានបើករថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស បណ្ដាលឲ្យស្លាប់៨៤នាក់ របួសរាប់សិបនាក់ កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៤ ខែកក្កដា កន្លងទៅ។

ប៉ុន្តែគេកាន់តែស្គាល់លោក កូរ៉ង់តាំង ខ្លាំងឡើងថែមទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាពិសេស​សារព័ត៌មាន​បារាំងដ៏ធំ ឈ្មោះ «Figaro» បានចេញរបាយការណ៍ «បកស្បែក»លោកមេធាវីរូបនេះ ថាលោក​​មិន​ដែលបានជួបភេរវជនខាងលើ សូម្បីតែម្ដង។ បើតាមសារព័ត៌មានមួយនេះ គឺលោកមេធាវីខ្លួនឯងតែម្ដង ដែល​បាន​ប្រឌិតរឿងនេះឡើង សព្វគ្រប់បែបយ៉ាង។

សារព័ត៌មាន «Figaro» បានសរសេរថា៖ «ដោយចេញមុខប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមក លោកមេធាវីរូបនេះបានធ្វើការស្រមើស្រមៃ ពីលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់ (ឧទាហរណ៍ ដូចជាភេរវជន) ទាំងខ្លួនឯងមិនដែលស្គាល់ មិនដែលការពាក្ដី​សូម្បីតែម្ដង។ មូលហេតុបណ្ដាលចិត្ត​លោកមេធាវី​ឲ្យធ្វើដូច្នេះ នៅ​កំពុងស្វែងរក ការស្រាយបំភ្លឺនៅឡើយ។»

សារព័ត៌មានបារាំង ប្រចាំតំបន់ ឈ្មោះ «Nice Matin» បានសរសេរពីលោកមេធាវីដែរថា ករណីរបស់លោក កូរ៉ង់តាំង ដេឡូប៊ែល មានលក្ខណៈដ៏ពិសេសជាងគេ បន្ទាប់ពីលោកបានធ្លាក់ខ្លួនពិការ អស់រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។ ប្រធានគណៈមេធាវីប្រចាំនៅក្រុង នីស លោក ហ្សាក់ រ៉ង់ដុង (Jacques Randon) បាន​សម្រេច​កោះ​ហៅ​លោក កូរ៉ង់តាំង ក្នុងព្រឹកថ្ងៃពុធនេះ ឲ្យមកបង្ហាញមុខ នៅចំពោះគណៈមេធាវី ដើម្បីធ្វើការព្រមាន និង​រំលឹក​ពី​លក្ខន្តិកៈ ជាមេធាវី។

លោក ហ្សាក់ រ៉ង់ដុង បានថ្លែងឡើងថា៖ «ទង្វើបែបនេះ មានលក្ខណៈធ្ងន់ធ្ងរណាស់។ លោកមេធាវីបាន​ផ្ដល់​កិច្ចសម្ភាស​មិនតិចដង ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងបរិយាកាសមួយ បន្ទាប់ពីសោកនាដកម្ម​បាន​កើត​ឡើង ដ៏ខ្លោចផ្សារ។ នាព្រឹកនេះ ខ្ញុំបានសម្រេចប្ដឹងឡើង ទៅក្រុមប្រឹក្សាវិន័យ នៃគណៈមេធាវី​ប្រចាំ​តំបន់។»។

បើតាមសារព័ត៌មានតំបន់ដដែល បានឲ្យដឹងថា លោក កូរ៉ង់តាំង មិនបានទៅបង្ហាញខ្លួន តាមការកោះ​ហៅ​នោះ​ទេ។ ផ្ទុយទៅវិញ នាព្រឹកម៉ិញនេះ លោកមេធាវីបានព្យាយាមធ្វើអត្តឃាត តែមិនបានសម្រេច និង​បន្ទាប់​មក ត្រូវ​បាន​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ«Pasteur» នាទីក្រុង នីស រហូតមកដល់ពេលនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់