អត្ថន័យ​និង​ប្រវត្តិ​របស់​បុណ្យ ស៊ាំង​វ៉ាឡង់តាំង ឬ​បុណ្យ​នៃ​សេចក្ដី​«ស្រឡាញ់»

ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យស៊ាំងវ៉ាឡង់តាំង (Saint Valentin) គ្រាន់តែជាបុណ្យ​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បីរក​ទទួលទាន ដូច​ជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែលគួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈ​បែបណា។
  • ដោយ: ដ. កែវ ដោយ ដ.កែវ (ទំនាក់ទំនង [email protected]) - ប៉ារីស ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ: ស្រាវជ្រាវ
  • អាន និងបញ្ចេញយោបល់

ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ទៅតាមពេលវេលា និងការស្រាវជ្រាវរកឃើញ នៃ​ប្រវត្តវិទូ​នានា និងទៅតាម​បំរែបម្រួល នៃឆន្ទះរបស់ព្រះវិហារសាសានាគ្រឹស្ទ៍។ តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកតែ ខ្លឹមសារ​សំខាន់ៗ​នៃព្រឹត្តិការណ៍​ទាំង​ឡាយ ដែលឈានទៅដល់ការប្រារព្ធ បុណ្យ​ស៊ាំងវ៉ាឡង់តាំង​នេះតែប៉ុណ្ណោះ។

គេនៅចាំបាន កាលពីប៉ុន្មានសតវត្សមុនគ្រឹសសករាជ ដែលប្រវត្តិរបស់ បុណ្យស៊ាំង វ៉ាឡង់តាំង ទំនងជាបាន​ចាប់​ផ្ដើមពី​ចក្រភពរ៉ូម (Rome ប្រទេសអ៊ីតាលីសព្វថ្ងៃ)។ នៅពេលនោះ ជនជាតិរ៉ូម៉ាំង បានយកថ្ងៃទី១៥ ខែកុម្ភះ ដើម្បី​ប្រារព្ធពិធី​បុណ្យ​មួយឈ្មោះ លូពើកាល់ (Lupercales) ក្នុងន័យឧទ្ទិសអោយ​ដល់អាទិទេព​មួយ​អង្គ ព្រះ​នាម ​ហ្វូនូស (Faunus)។

ព្រះអាទិទេព ហ្វូនូស ជារាជសន្តិវង្សជំនាន់ក្រោយ នៃព្រះអាទិទេពមួយអង្គទៀត ព្រះនាម សាទួន (Saturne ប្រៀប​នឹង ក្រូណូ ក្នុងព្រេងកថារបស់ជនជាតិក្រិច) ហើយព្រះហ្វូនូសនេះ ជាអាទិទេព​ដែលបានចុះមក​ការពារ​ហ្វូង​សត្វ​ស្រុក និង​អ្នកគង្វាល ពីពពួកសត្វចចកកាចសាហាវ ធ្វើអោយអ្នកស្រុកដាក់​រហសនាម​អោយ​ព្រះអង្គ​មួយ​ទៀត ហៅថា លូពើកាល់ (ជាភាសាខ្មែរ អាចនិយាយបានថា៖ អ្នកការពារទល់នឹងសត្វចចក)។

ហ្វូនូស ជាអាទិទេពដែលមានជើងនិងដងខ្លួន ជាជើងនិងដងខ្លួនរបស់សត្វពពែ ហើយអាទិទេពនេះ មាន​ដំណើរ​ទំនង​​ប្រហាក់ប្រហែលនឹង អាទិទេពមួយអង្គទៀត ឈ្មោះប៉ង់ (Pan) ក្នុងព្រេងកថារបស់ជនជាតិក្រិច។

នៅថ្ងៃទី១៥ខែកុម្ភះ បុព្វជិករបស់ហ្វូនូសចំនួន១២នាក់ ដែលសុទ្ធសឹងមានវ័យក្មេងៗនោះ បានប្រជុំគ្នា​នៅ​ក្នុង​រូង​ភ្នំមួយ នៃ​លូពើកាល់ មានទីតាំងនៅជើងភ្នំប៉ាឡាតាំង (Palatin មានទីតាំងនៅក្បែរនឹងទីក្រុងរ៉ូម អ៊ីតាលី​សព្វ​ថ្ងៃ)។ បុព្វជិក​ដែល​ស្លៀកបាំងខ្លួន តែនឹងសំពត់ប៉ឹងមួយនោះ បានបូជាឧទ្ទិសទៅហ្វូនូស នូវសត្វពពែ​ឈ្មោល​មួយ​ក្បាល​។ ពួកគេ បានយកកាំបិត​ទៅចាក់កពពែ ដើម្បីអោយចេញឈាម ដាក់នៅពីមុខបុព្វជិក​ទាំង១២នាក់​នេះ។ បន្ទាប់មក​បុព្វជិក​ដដែល​ បានយកអំបោះ​ឡែនមួយដុំ ជ្រលក់ជាមួយនឹងទឹកដោះ មកជូត​ឈាម​នេះ​ចេញ​ពី​លើកាំបិត រួចអារជ្រៀក​ស្បែករបស់ពពែ​ឈ្មោលជា​ជំរៀកៗ បង្កើតបានជាខ្សែរតីជាច្រើនខ្សែរ។

ពិធីបុណ្យនេះ អនុញ្ញាតអោយក្រុមបុព្វជិក ដែលជាយុវជនពេញកម្លាំងទាំង១២នាក់ រត់ពាសពេញទីក្រុងរ៉ូម ជា​មួយ​នឹង​សំណើចសើចក្អាកក្អាយផង ហើយបានវាយទៅលើនារីក្មេងៗ ជាមួយនឹងខ្សែរតី ដែលទើបនឹងធ្វើរួច ពី​ស្បែក​សត្វ​ពពែ​ឈ្មោលមុននេះ។ ការវាយនេះ មកពីនៅក្នុងសម័យកាលនោះ ជនជាតិរ៉ូម៉ាំងមានជំនឿថា នឹង​ជួយ​អោយពួកនាង​មាន​ភាពត្រជាក់ត្រជុំ​ នៅក្នុងការប្រកបដំណាំដាំដុះ ឬធ្វើកិច្ចការរកស៊ីអ្វីក្ដី។


គំនូរគូរឡើងវិញ ពីការប្រារព្ធពិធី​បុណ្យ​លូពើកាល់។

នៅពេលនោះ ក្នុងអំឡុងសតវត្សទី៣នៃគ្រឹសករាជ បុព្វជិកម្នាក់ឈ្មោះ វ៉ាឡង់តាំង ដែលមានឈ្មោះដើម វ៉ាឡង់តាំង ឌឺតែនី (Valentin de Terni) បានចុះមកជួយបណ្ដាគ្រឹស្ទ៍សានិកជន ដែលរងគ្រោះ​នឹង​រំពាត់​ខ្សែ​តី​នេះ។ នៅ​ក្រោយ​​ពេល​អន្តរាគម របស់បុព្វជិក វ៉ាឡង់តាំង ដែលល្បីឈ្មោះ ថាជាបុព្វជិកពូកែ​ខាង​ការ​ផ្សំផ្គុំ​គូ​ស្វាមីភរិយា តាមបែប​សាសនានៅ​ក្នុង​ព្រះវិហារ​រូបនេះ អធិរាជក្លូដទី២ (Claude II) ដែលនិយមទំនៀម​ទំលាប់​ហ្គោទិក (Gothique) បាន​ចេញបញ្ជា​អោយ​ចាប់​បុព្វជិក​រូបនេះ ទៅដាក់ឃុំ។

នៅក្នុងឯកសារខ្លះទៀត បានសរសេរថា បុព្វជិក វ៉ាឡង់តាំង ជាអ្នកទទួលខុសត្រូវធំម្នាក់ នៅក្នុងព្រះវិហារ​សាសនា​​គ្រឹស្ទ៍ នា​សម័យនោះ ហើយបានប្រព្រឹត្តិខុសនឹងរាជបញ្ជារបស់អធិរាជ។ សាច់រឿងដោយឡែកនោះ បាន​សរសេរថា​ដោយសារបារម្ភ ខ្លាចមិនមានទាហានគ្រប់គ្រាន់ចេញទៅច្បាំង ដោយសារតែពួកគេបានភ្ជាប់​ពាក្យ​រួចជាមួយ នឹងគូរ​សង្សារបស់គេហើយនោះ អធិរាជ ក្លូដទី២ បានលប់ចោលទាំងអស់ នូវកិច្ចសន្យា​ភ្ជាប់​ពាក្យ​ទាំង​នោះ។ តែបុព្វជិក វ៉ាឡង់តាំង នៅតែទទួលធ្វើ នូវ«អាពាហ៍ពិពាហ៍ដោយលួចលាក់»ជាច្រើន រវាង​ពួកអ្នកកាន់​សាសានាគ្រឹស្ទ៍ ដែល​សុំ​អោយបុព្វជិកជួយពួកខ្លួន។ ហេតុការណ៍ បង្កអោយមាន​នូវការខឹង​ក្រេវ​ក្រោក​យ៉ាងខ្លាំង ដល់ព្រះអធិរាជ រហូត​ចេញ​ព្រះរាជបញ្ជា អោយចាប់បុព្វជិកយកទៅឃុំ។


បុព្វជិកវ៉ាឡង់តាំង (សម្លៀកបំពាក់ពណ៌ ស) នៅពីមុខ សាវ័កព្រហ្មចារីយ៍ ម៉ារី (ម្ដាយព្រះគ្រឹស្ត៍)។

នៅក្នុងមន្ទីរឃុំឃាំង បុព្វជិកដែលមានចិត្តធម៌រូបនេះ បាននិយាយពីសេចក្ដីសណ្ដោស និងពីអ្វីដែលបុព្វជិក​យល់​ឃើញ ប្រាប់ទៅកូនស្រីរបស់ឆ្មាំពន្ធនាគារម្នាក់ ឈ្មោះហ្សូលីយ៉ា (Julia)។ នាងហ្សូលីយ៉ា ដែលមាន​ភ្នែក​ខ្វាក់​ពី​កំណើតនេះ មាន​ទំនាក់ទំនង​បែបមិត្តភាពយ៉ាងជិតដិត ជាមួយនឹងបុព្វជិក ហើយតែងតែទៅស្ដាប់​ពាក្យ​សម្ដី​ល្អៗ ថ្លែងពន្យល់ពីសេចក្ដី​ស្រឡាញ់ និងភាពសណ្ដោសមេត្តាធម៌ នៅក្នុងពិភពលោកពីបុព្វជិក វ៉ាឡង់តាំង ពុំសូវដែល​លោះពេលឡើយ។ រហូតមកដល់ថ្ងៃមួយ ក្នុងពេលដែលនាងកំពុងជជែកជាមួយ នឹងអ្នកទោស​រូប​នេះ ស្រាប់តែភ្នែក​ទាំងគូររបស់នាង បានភ្លឺមើលឃើញ បង្កជាហេតុភេទអស្ចារ្យ ធ្វើអោយមានការនិយាយ កាន់​តែ​ខ្លាំង​បន្ថែមទៀត ពីបុព្វជិក វ៉ាឡង់តាំង។

បុព្វជិក វ៉ាឡង់តាំង បានឡើងទៅបង្ហាញខ្លួន នៅពីមុខព្រះរាជា ក្លូដទីពីរ ដើម្បីរងចាំការសម្រេច​ទោសមក​លើ​ខ្លួន និង​នៅ​តែ​ព្យាយាម​ពន្យល់ព្រះមហាក្សត្រ ពីសេចក្ដីស្នេហា និងការសណ្ដោស ដែលកើតមាន​នៅក្នុង​លោក។ តែផ្ទុយ​ស្រឡះ​ពីក្ដី​សង្ឃឹម ព្រះមហាក្សត្រដែលមិនជឿជាក់​លើសាសនាគ្រឹស្ទ៍ មួយអង្គនេះ បាន​ចេញ​រាជ​បញ្ជាកាត់ទោស «ប្រហារជីវិត» បុព្វជិករូបនេះ និងថែមទាំងយកបុព្វជិក ទៅអូសតាមដងផ្លូវ ដោយក្រុម​ទាហាន​​ស្មោះស្ម័គ្រ​នឹង​ព្រះមហាក្សត្រនោះផង។

ទោះបីបុព្វជិក បដិសេធពីទោសកំហុស និងដង្ហោយហៅ រកការរួចរស់មានជីវិត តែនៅទីបំផុត បុព្វជិក​នៅតែ​ត្រូវ​បាន​គេ​កាត់ក នៅថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២៦៩ ក្រោយគ្រឹស្ទ៍សករាជ។

ចំណេរតកាលក្រោយមក រហូតមកទល់នឹងឆ្នាំ៤៩៤ ក្រោយគ្រឹស្ទ៍សករាជ សម្ដេចសង្ឃកាតូលីក ហ្សេឡាស ទី១ (Gélase I) បានចេញការហាមឃាត់បុណ្យ លូពើកាល់ ដែលប្រារព្ធធ្វើពីមុនមក នៅថ្ងៃទី១៥កុម្ភះ។ សម្ដេច​បាន​ដាក់​ជំនួសវិញ នូវ​បុណ្យមួយផ្សេងទៀត ប្រារព្ធធ្វើនៅថ្ងៃទី១៤ខែកុម្ភះ ថ្ងៃដែលបុព្វជិក វ៉ាឡង់តាំង ត្រូវ​គេ​ប្រហារជីវិត ដើម្បីឧទ្ទិសទៅ​អោយ​បុព្វជិករូបនេះផង និងរំលឹកពីសេចក្ដីមេត្តាសណ្ដោស និងស្រឡាញ់ ដែល​បុព្វជិក​បានផ្ដល់ ទៅអោយមនុស្សគ្រប់គ្នាផង។ ពិធីបុណ្យ​ ដែលនៅក្នុងឯកសារខ្លះទៀត បាននិយាយថា ជា​បុណ្យ ស៊ាំង វ៉ាឡង់តាំង ត្រូវបានប្រារព្ធធ្វើជាផ្លូវការ នៅ​សតវត្ស​ក្រោយៗបន្ទាប់មកទៀត មិនមែននៅសតវត្ស​ទី៥​នោះទេ ប៉ុន្តែនៅក្នុង​អត្ថន័យ​ដូចគ្នា។

អត្ថន័យពិតប្រាកដនៃបុណ្យ ស៊ាំង វ៉ាឡង់តាំង

ដូចដែលបានរៀបរាប់មកពីខាងលើ បុណ្យស៊ាំង វ៉ាឡង់តាំង មិនមានអត្ថន័យគ្រាន់តែ​ ជាការស្រឡាញ់គ្នា ឬថ្ងៃ​ដែល​គូរ​ស្វាមីភរិយា ឬថ្ងៃដែលគូរសង្សាត្រូវតែជួបគ្នា និងជូនអំណោយគ្នាប៉ុណ្ណោះនោះទេ។ បុណ្យនេះមាន​អត្ថន័យ​​ជ្រាលជ្រៅ ហួសពីអ្វីដែលដែលយើងបានគិតនៅត្រឹម តែជា​ការស្រឡាញ់ រវាងពីមនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តែវាជា«សេចក្ដី​មេត្តាសណ្ដោស» ដែលមនុស្សត្រូវមានរវាងគ្នា​និងគ្នា ហើយនៅក្នុង​នោះ​«សេចក្ដី​ស្នេហា» ឬ​«សេចក្ដី​ស្រឡាញ់» ជាផ្នែក​មួយ។

សេចក្ដីមេត្តាសណ្ដោសនេះ ដែលត្រូវ​ផ្ដើមចេញ ពី«មេដឹកនាំ»ធំៗជាមុន និងត្រូវសួរខ្លួនឯងថា «តើខ្លួន​អ្នក​សព្វថ្ងៃនេះ មានសេចក្ដី​មេត្តា​សណ្ដោស ក្នុងខ្លួនបានគ្រប់គ្រាន់ហើយឬនៅ?»

បណ្ដាថ្នាក់ដឹកនាំ ក្នុងប្រទេសមួយ​ចំនួន ជាពិសេសក្នុងប្រទេសកម្ពុជា «មិនបានយល់»ពីអត្ថន័យនៃបុណ្យ ហើយ​«មិនចេះពន្យល់»យុវវ័យជំនាន់ក្រោយ អោយស្គាល់ពីជីវិតស្នេហារវាងគ្នា តែមួយចំនួន បែរជាបន្លំ​អត្ថន័យ នៃពិធី​បុណ្យ​ស៊ាំងវ៉ាឡង់តាំងនេះ អោយទៅជាពិធីបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ជូនទៅឪពុកម្ដាយ ឬ​គ្រូ​អាចារ្យ​ទៅ​វិញ។ អ្នក​ខ្លះទៀត អោយតម្លៃបុណ្យនេះ គ្រាន់តែជាផ្នែកមួយ នៃ​ឥទ្ធិពលរបស់វប្បធម៌អ៊ឺរ៉ុប ហើយ​មិន​ចង់​បើក​ភ្នែក​បើក​ត្រជៀក មកស្វែង​យល់ពីអត្ថន័យនៃបុណ្យនេះផង។

ឥទ្ធិពលណាក៏ដោយ វាត្រូវនាំមកជាមួយ ជានិច្ចជកាល នូវគុណវិបត្តិ និងគុណសម្បត្តិ។ គេត្រូវពិនិត្យ​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ ថាតើឥទ្ធិពលនេះអាចទទួលយកបាន ឬអត់ និងបន្ទាប់មក ត្រូវពន្យល់ពលរដ្ឋ អោយដឹងច្បាស់ ពី​លទ្ធផល​​នេះ ជៀសវាងការប្រើ​ពាក្យដាក់កំហុសទៅពលរដ្ឋវិញ ក្នុងន័យថា«ជាសិទ្ធរបស់គាត់» និងរកអ្នក​ទទួល​ខុសត្រូវ​​គ្មាន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់