សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់

ប្រធានគណបក្សប្រឆាំង​នៅកម្ពុជា​ដ៏ល្បីល្បាញ បានជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ពិត​ជា​កំពុង​ភ័យ​​ស្លន់​ស្លោ ដោយ​ដឹង​ថា​លោក កែម ឡី នឹងមករួមកម្លាំង ជាមួយគណបក្សសង្គ្រោះជាតិ នៅពេល​ជិត​បោះ​ឆ្នោត។ លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន តែងតែចាត់​វិធានការ​ជា​មុន ចំពោះ​សភាពការណ៍​​ណា​ក៏​ដោយ ដែល​អាច​នាំ​មក​នូវ​គ្រោះថ្នាក់ សម្រាប់​លោក។
សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី - លោក កែម ឡី និងលោក ហ៊ុន សែន។ (រូបថតហ្វេសប៊ុក)

ខណៈពេលដែល ការស៊ើបអង្កេត​ទៅលើការបាញ់​«ឆៅ»​សម្លាប់​លោក កែម ឡី កំពុងប្រព្រឹត្តិទៅមុខនៅឡើយ ប៉ុន្តែក្រុមអ្នកនយោបាយវិញ បានយកព្រឹត្តិការណ៍ដ៏សាហាវព្រៃផ្សៃ ដែលកើតឡើងកណ្ដាលរាជធានីនេះ មក​ធ្វើការពន្យល់ ទៅតាមហេតុផលផ្សេងៗ ជាពិសេសទៅតាមរឿងរ៉ាវ ដែលធ្លាប់កើតឡើង ជាច្រើនដង​កន្លង​មក​ហើយ។

ប្រសិនបើក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា (កាន់អំណាច) ខិតខំយកទឡ្ហីករណ៍ផ្សេងៗមកពន្យល់ថា ឃាតកម្មលើលោក កែម ឡី អាចជាការរៀបចំឡើងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការទម្លាក់កំហុស ទៅ​លើ​គណបក្សកាន់អំណាចនោះ តែសម្រាប់មេដឹកនាំគណបក្សប្រឆាំងវិញ បានហៅក្រុមមនុស្សដែល​បាន​លើក​ឡើង​នោះ ថា​ជា​ក្រុម​​«មនុស្ស​ឆ្កួត​លីលា»សុទ្ធសាធ។

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «ខេមបូឌាដេលី» លោក សម រង្ស៊ី ដែល​កំពុង​និរទេសខ្លួនឯងនៅក្រៅប្រទេស បានលើកឡើងថា៖ «ថ្មីៗនេះ ក្នុងឋានៈជាបុគ្គល(សមញ្ញ) លោក កែម ឡី បាន​ជួយគណបក្ស​សង្គ្រោះជាតិ​យ៉ាង​សកម្ម ក្នុងការរៀបចំកម្មវិធីនយោបាយ​របស់គណបក្ស។ លោក កែម ឡី ជា​មិត្តភក្តិ​ស្និតស្នាលរបស់លោក កឹម សុខា។ នរណាដែលនឹកថា លោក កឹម សុខា អាចមានគំនិតចង់​សម្លាប់​លោក កែម ឡី នោះ គឺជាមនុស្សឆ្កួតលីលាសុទ្ធសាធ។»

បន្ថែមពីលើការបកស្រាយនេះ លោក សម រង្ស៊ី បានវាយបកទៅគណបក្សប្រជាជនកម្ពុជាវិញ ថាគឺគណបក្ស​នេះ​ហើយ ជាអ្នកប្រឌិតរឿងរ៉ាវ ដើម្បីបង្វែអារម្មណ៍មហាជន ឲ្យងាយចេញពីហេតុការណ៍ និងភស្ដុតាងពិត​ប្រាកដ ដែលកើតឡើង នៅក្នុងឃាតកម្មដ៏រង្គាលមួយនេះ។

លោក រង្ស៊ី បានថ្លែងឡើងថា៖ «គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម្មពីមហាជន ថាតើនរណាខ្លះអាច​ជឿរឿង គួរឲ្យអស់សំណើច ដែលថាលោក កឹម សុខា ជាអ្នកបញ្ជាឲ្យសម្លាប់លោក កែម ឡី ដែលពួកគេបាន​ប្រឌិត ហើយដែលមានបំណង​បង្វែរអារម្មណ៍មហាជន ពីហេតុការណ៍​និងភស្តុតាងពិតប្រាកដ ក្នុងការសម្លាប់​លោក កែម ឡី នេះ? ពួកគេមិនត្រឹមតែបាញ់សម្លាប់ទេ តែពួកគេថែមទាំងប្រមាថ ដល់វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ថែម​ទៀត។»

ប្រធានគណបក្សសង្គ្រោះជាតិ បានលើកយកករណីគប់គ្រាប់បែក កាលពីចុងខែមិនា ឆ្នាំ១៩៩៧ នៅមុខ​រដ្ឋសភា​(ចាស់)​កន្លងទៅ មកបញ្ជាក់ដែរថា៖ «ពួកគេគួរតែដកមេរៀន ពីល្បិចកលដូចគ្នាអញ្ចឹងដែរ ដែល​ពួក​គេ​បាន​ចោទប្រកាន់ថា រូបខ្ញុំ សម រង្សុី ជាអ្នករៀបចំការវាយប្រហារ ដោយគ្រាប់បែកដៃ កាលពីថ្ងៃទី៣០ ខែ​មិនា ឆ្នាំ១៩៩៧»។

ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានព្យាយាមពន្យល់ថា រាល់ឃាតកម្មបែបនយោបាយកន្លងមក ជា​ការ​រៀបចំឡើង ដោយគណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសការគប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាល​ពី​ឆ្នាំ១៩៩៧ ដែលបានសម្លាប់ និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ប៉ុន្តែករណីឧក្រិដ្ឋកម្មនេះ មិនដែលត្រូវ​បាន​អាជ្ញាធរ ដែល​គ្រប់គ្រងដោយ​​គណបក្សប្រជាជនកម្ពុជា ចាប់បានជនល្មើស យកមកផ្ដន្ទាទោសនោះទេ។

ផ្ទុយទៅវិញ អតីតស្នងការនគរបាល​រាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់​របស់លោក ហ៊ុន សែន ដែល​មាន​ឈ្មោះ ហេង ពៅ និងដែលកំពុងជាប់​ក្នុងពន្ធនាគារ រហូតដល់សព្វថ្ងៃនេះ ធ្លាប់បានទម្លាយអាថ៌កំបាំង នៃការ​គប់​គ្រាប់​បែក​នោះ ថាជាស្នាដៃ​នៃកងអង្គរក្ស​​របស់​នាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង។ ជនដៃដល់ម្នាក់ ដែលត្រូវ​បាន​លោក ហេង ពៅ ខ្លួនលោកអះអាងថា បានសួរចម្លើយផ្ទាល់នោះ បានឆ្លើយប្រាប់លោកថា ខ្លួនគេបានស្ដាប់​តាម​​បញ្ជា​របស់​លោក ហ៊ុន សែន។ អានអត្ថបទ ដែលនិយាយពីកិច្ច​សម្ភាស​ដ៏ពិស្ដានេះ រវាងលោក ហេង ពៅ ជា​មួយ​​នឹង​​ទស្សនាវដ្ដី​​បារាំង ដោយចុចនៅលើទីនេះ

យ៉ាងណាក៏ដោយ ក៏កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានប្រកាសទៅកាន់​ជនរួមជាតិ​កម្ពុជា​ទាំងអស់ ស្នើសុំឲ្យរក្សាភាពស្ងប់ស្ងៀម ដើម្បីទុកលទ្ធភាពឲ្យអាជ្ញាធរ ស្វែងរកជនល្មើសមកផ្ដន្ទាទោស។ ថ្លែងនៅក្នុង​ពិធី​​សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ចំនួន​ពីរ រួម​និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​ទី​បញ្ជា​ការ​ដ្ឋាន​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា កន្លងមក លោក ហ៊ុន សែន បាន​លើក​ឡើង​ថា៖ «រាជ​រដ្ឋាភិបាល​ គឺ​ពិត​ជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់​​អំពី​ ម្ខាង​គឺ​​អសមត្ថភាព​​នៃ​ការ​ការពារ​សន្តិសុខ​សម្រាប់ តែ​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លាប​ពណ៌​ភ្លាមៗ​អំពី​បញ្ហា​នេះ ដែល​មាន​ចរិត​​ជា​​បញ្ហា​ខាង​​នយោបាយ​»។

នាយករដ្ឋន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជាបានថ្លែងទៅកាន់ប្រជាជនកម្ពុជាថា៖ «ដូច្នេះ​សង្ឃឹម​ថា ​ប្រជា​​ពលរដ្ឋ​របស់​យើង ​នឹង​ទុក​លទ្ធភាព​ឱ្យ​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ម៉ត់​ចត់​ ហើយ​​ដោយ​​ចៀស​វាង​​បង្វែរ​បញ្ហា ​ពី​សោកនាដកម្ម​មួយ​នេះ ​ទៅ​ជា​បញ្ហា​ខាងនយោបាយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់