រក​ឃើញ​មីក្រូ​របស់​អ្នក​កាសែត ដែល​ត្រូវ រ៉ូណាល់ដូ កញ្ឆក់​រួច​គ្រវាត់​ចូល​ទឹក​បឹង

រូបភាពកញ្ឆក់មីក្រូ​ថតសម្លេង​ របស់អ្នកសារព័ត៌មាន រួចគ្រវាត់ចូលទឹកបឹង ពីសំណាក់កីឡាករ​ម្ចាស់បាល់​មាស​​បី​ជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានបង្កការភ្ជាក់ផ្អើល នៅជុំវិញពិភពលោក។ ហេតុការណ៍​នេះ បាន​កើត​ឡើង នៅ​ថ្ងៃ​ទី២២ ខែមិថុនាកន្លងទៅ នៅមុនជំនួបរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ជា​មួយ​នឹង​ក្រុម ហុងគ្រី។ ប៉ុន្តែ​ម្សិលម៉ិញ​នេះ មីក្រូរងគ្រោះ​ខាងលើ ទើប​ត្រូវ​បាន​អ្នក​ជ្រមុជ​ទឹក រក​ឃើញ​មក​វិញ។
រក​ឃើញ​មីក្រូ​របស់​អ្នក​កាសែត ដែល​ត្រូវ រ៉ូណាល់ដូ កញ្ឆក់​រួច​គ្រវាត់​ចូល​ទឹក​បឹង
ពីឆ្វេងទៅស្ដាំ៖ កីឡាករ រ៉ូណាល់ដូ កញ្ឆក់មីក្រូពីអ្នកសារព័ត៌មាន ហើយគ្រវែងចូលទឹកបឹង និងមីក្រូ ដែលទើបនឹងរកឃើញមកវិញ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 05, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មីក្រូថតសម្លេងដ៏កំសត់... បន្ទាប់ពីត្រូវបានអ្នក​សារព័ត៌មានប្រើញក់ញ៉ីរួច នៅទីបំផុតមីក្រូថតសម្លេង​ឯង ត្រូវ​បានកីឡាករល្បីឈ្មោះ កញ្ឆក់យកទៅគ្រវាត់ចោល នៅក្នុងទឹកបឹង។ ហេតុការណ៍ បានកើតឡើងនៅ​ថ្ងៃ​ទី២២ ខែមិថុនាកន្លងទៅ នៅក្នុងដំណើរលំហែអារម្មណ៍មួយ របស់ក្រុមកីឡាករជម្រើសជាតិព័រទុយហ្គាល់ នៅមុន​ជំនួប​ជា​មួយ​នឹង​ក្រុម ហុងគ្រី នៅកីឡាដ្ឋានក្រុង លីយ៉ុង ភាគខាងត្បូងប្រទេសបារាំង។

ប៉ុន្តែអ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ព័រទុយហ្គាល់ «CMTV» បានឆ្លៀតឱកាសនោះ ដើម្បីសាកសួរ​មួយ​ម៉ាត់ពីរ ទៅកាន់កីឡាករដ៏ល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែល​កំពុង​មាន​វត្តមាន នៅក្នុង​ការ​លំហែ​នោះ​ដែរ។

រំពេចនោះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែលកំពុងស្អប់អ្នកសារព័ត៌មាន ព្រោះតែការដាក់សម្ពាធ មក​លើ​​ខ្លួន​ឯង​ជាង​គេ​ស្រាប់ផង បានកញ្ឆក់មីក្រូ​ពីដៃអ្នកកាសែត ហើយបានគ្រវែងមីក្រូដ៏កំសត់ ចូលទៅក្នុងទឹកបឹង នៅ​ក្បែរ​​នោះ​​ទៅ​​ហោង។

រហូតដល់១០ថ្ងៃក្រោយ និងដោយសារមានជំនួយ ពីអ្នកជ្រមុជទឹកពីររូបផង ទើប​ក្រុមអ្នកសារព័ត៌មាន​របស់​ស្ថានីយ​​ទូរទស្សន៍ បានរកឃើញ​មីក្រូថតសម្លេង​នោះ​មកវិញ។ ប៉ុន្តែគេ​នៅមិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា មីក្រូ​នោះ​​អាច​​នឹង​​​ត្រូវ​​យក​​មក​ប្រើប្រាស់​ជាថ្មី ដើម្បីសម្ភាសកីឡាករ ម្ចាស់បាល់មាស​ដ៏ល្បីឈ្មោះខាងលើ ឬ​យ៉ាង​ណា​ទេ។

តែបើទោះជា​អាចប្រើបាន ក៏មិនប្រាកដថា អ្នកកាសែតរបស់ទូរទស្សន៍ខាងលើ ទទួលបានចម្លើយពីកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះដែរ។ តាំងពីយូរមកហើយ កីឡាករ រ៉ូណាល់ដូ បានបដិសេធជាច្រើន​លើក​ច្រើន​គ្រា មិន​ឆ្លើយ​ទៅ​នឹងសំនួរ របស់អ្នកកាសែត​មកពីស្ថានីយ​ទូរទស្សន៍នោះឡើយ ដោយហេតុ​កីឡាករ រ៉ូណាល់ដូ បាន​«ឆេះដុំ» នឹង​ការ​ផ្សាយ​​ព័ត៌មាន​​​ដ៏​អាថ៌កំបាំ​ង​មួយ ទាក់ទង​នឹង​ជីវិត​ឯកជន​​របស់​កីឡាករ ៕

------------------

» រូបភាពស្ដែងៗ ពីការកញ្ឆក់មីក្រូពីអ្នកសារព័ត៌មាន ហើយគ្រវាត់ចូលទៅក្នុងបឹង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...