អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

បើក្រុមបាល់ទាត់អង់គ្លេស ត្រូវបានបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ ឆាប់ជាងការព្រាងទុកនោះ តែសម្រាប់​គូស្នេហ៍​ជាតិ​អង់គ្លេស​​ពីរ​នាក់​នេះ ទំនងជាទុក«អ៊ឺរ៉ូ២០១៦»ឆ្នាំនេះ ក្នុងប្រទេសបារាំង ថាជាព្រឹត្តិការណ៍ ដ៏មានតម្លៃ​ជាង​គេ​បង្អស់ នៅ​ក្នុង​ជីវិត។ នៅ​ក្នុង​ចំណោម អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​នាក់ យុវជនបានដកចិញ្ចៀន ដើម្បី​ស្នើ​សុំរៀប​អាពាហ៏​ពិពាហ៍ ជាមួយ​មិត្រ​ស្រី​របស់​ខ្លួន។
អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់
ទិដ្ឋភាពសុំ«អូន»រៀបការ នៅកណ្ដាលចំណោមមនុស្ស លើទីលានក្បែរតួអេហ្វែល នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតផ្តិតពីវីដេអូ)

តាមពិតទៅ គូស្នេហ៍ទាំងពីរ មិនមែនជាជនជាតិអង់គ្លេសសុទ្ធនោះទេ៖ យុវជនជាជនជាតិ វៀល្ស៍ (Wales - តំបន់​មួយស្ថិតនៅភាគខាងលិច) ខណៈយុវតីវ័យក្មេង ទើបជាជនជាតិអង់គ្លេសពិតប្រាកដ។ អ្នកទាំងពីរបាន​មក​គាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិ​​តែរៀងខ្លួន។ ប៉ុន្តែសេចក្ដីស្នេហា មានទំហំធំ និងមានទម្ងន់ធ្ងន់​ជាង​បាល់​ទាត់។ មិនអញ្ចឹងទេឬ?

យុវជនបានដកចិញ្ចៀនចេញមក ហើយបានបង្ហាញជូន ទៅនារីកំពុងស្នេហ៍ ដោយពោលពាក្យ​ដ៏​អស្ចារ្យ​ដូច្នេះ​ថា៖ «បងសុំស្នើចិត្តអូន ដើម្បីរៀបការជាមួយបង»។ វីដេអូត្រូវបានយកមកបង្ហោះ នៅលើគេហទំព័រ «YouTube» តាំងពីច្រើនថ្ងៃមកហើយ ហើយមានមនុស្សចូលទៅទស្សនា ប្រមាណជិត៥ម៉ឺនដងហើយ។ នៅ​លើ​បណ្ដាញ​សង្គម​វិញ ក៏វីដេអូនេះ បានបង្កភាពជ្រួលជ្រើមមិនតិចដែរ។

កាយវិការ«លុតជង្គង់» របស់យុវជនជាគូស្នេហ៍ លើទីលានក្បែរតួអេហ្វែល (Tour Effel) នៃ​រដ្ឋធានី​ប៉ារីស បាន​ពញ្ញាក់អារម្មណ៍យុវតីឲ្យស្រឡាំងកាំង ជាពិសេសនៅក្នុងចំណោម អ្នកគាំទ្រ​បាល់ទាត់​ផ្សេង​ទៀត ដែល​បាន​ហ៊ោរ​កញ្ជ្រៀវ​​ឡើង ដូចក្នុងពេលក្រុម​បាល់ទាត់របស់ពួកគេ រកបានគ្រាប់បាល់ដូច្នេះ។

បើអញ្ចឹងទៅហើយ ថាតើយុវតីជាតិអង់គ្លេស មានជម្រើសណាផ្សេង ក្រៅពីទទួលយល់ព្រម ការស្នើរសុំនេះ? នៅ​ក្រោម​ការជួយជំរុញ ពីក្រុមមនុស្សនៅជុំវិញផង ឈុតឆាកដ៏កម្របានបញ្ចប់ទៅ ដោយភាពសប្បាយ​រីករាយ មាន​ចម្រៀង និង​មាន​ហូរ​ទឹកភ្នែក​ផង៕

----------

» វីដេអូ នៃការស្នើរសុំ«អូន»រៀបការ​នេះ​ទាំងស្រុង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់