«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

ស្ត្រីជាតិរ៉ូស្ស៊ីម្នាក់បានគិតថា នាងបានបើករថយន្ដរបស់ខ្លួន ទៅ«វាក់អ៊ើ» ជាមួយខ្មោចលងជាស្រីម្នាក់ ដែល​បាន​ស្លាប់​ទៅ​តាំង​ពី២៧ឆ្នាំមុន។ ជាមរណៈភាពដ៏ខ្លោចផ្សារ នៅក្នុងថ្ងៃដែលនាងទើបនឹងរៀបការ ជាមួយ​គូជីវិត​​របស់​ខ្លួន។ វីដេអូ​ដែល​ថត​ជាប់ ពីស្រមោលសស្ទុង ត្រូវបានបង្ហោះ នៅតាមបណ្ដាញ​អ៊ិនធើណែត និង​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​ខ្លាំងក្លា ពី​បណ្ដា​ជនទូទៅ ជាពិសេសពីសំណាក់អ្នក​ដែលជឿថា មានខ្មោចលង។
«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»
រូបសម្លៀកបំពាក់រៀបការ សម្រាប់ស្ត្រី និងរូបថតដែលផ្តិតពីវីដេអូ ឃើញស្រមោលស្ទុងពណ៌ស។

វាជាការជួបភ្ញៀវ​ម្នាក់ ដែលមិនធ្លាប់ស្គាល់ពីមុន និងមក​ដោយមិនបានអញ្ជើញ តែបានធ្វើឲ្យលោះ​ព្រលឹង។ នេះ​បើតាម​ការ​អះអាង របស់នាង ការីណា ឌមីទ្រីអេវ៉ា (Karina Dmitrieva) ពីហេតុការណ៍មិននឹក​ស្មាន​ដល់ នៅ​ពេល​នាង​​បាន​បើករថយន្ដរបស់នាង នៅលើដងផ្លូវមួយ រវាងក្រុង «Lyubertsy» និង​ក្រុង«Lytkarino» ស្ថិត​នៅ​ភាគ​ខាងកើត​នៃប្រទេសរ៉ូស្ស៊ី។

បន្ថែមពីការរៀបរាប់លើហេតុការណ៍ ដែលនាង ការីណា បានឃើញផ្ទាល់នោះ នៅមានរូបភាពវីដេអូ ​ដែលថត​ជាប់​​ដោយកាម៉េរ៉ា​នៅជាប់នឹងរថយន្ដទៀត ដែលបានបង្ហាញឲ្យឃើញថា រថយន្ដបានទៅឈប់ នៅទី​កន្លែង​​ដ៏​ស្ងាត់​មួយ មុននឹងជួបជាមួយស្រមោលស្ទុង ពណ៌ស ដែលមានរាងរៅ ដូចជាមនុស្សស្រី​ស្លៀក​សំពត់​រ៉ូប​។ (វីដេអូ​មាន​ដាក់ជូន នៅខាងក្រោមអត្ថបទ)

ឃើញរូបភាព... បះសក់!

រឿងរ៉ាវកាន់តែធ្វើឲ្យអ្នកផងលោះព្រលឹង​ជាមួយនាង ការីណា ដោយហេតុថា នៅត្រង់ចំណុចនោះ កាល​ពី​ឆ្នាំ​១៩៨៩ ស្ត្រីវ័យក្មេងម្នាក់​បានស្លាប់បាត់បង់ជីវិត នៅចំថ្ងៃដែលនាងបានរៀបការ។ នៅថ្ងៃនោះ នាងនិង​ស្វាមី​ថ្មីថ្មោង បានជិះរថយន្ដដើម្បី​ទៅចូលរួមពិធី​លៀងអាហារ នៅឯភោជនីយដ្ឋាន។ ប៉ុន្តែនៅពេលមកដល់ ត្រង់​ចំណុច​ផ្លូវកោង​ខាងលើ រថយន្ដរបស់ពួកនាងបានបុកមួយទំហឹង ជាមួយរថយន្ដដឹកទំនិញមួយគ្រឿង បង្ក​ឲ្យ​មនុស្សនៅក្នុងរថយន្ដ រងរបួសធ្ងន់ធ្ងរ។ ស្វាមីនាងត្រូវបានជួយ ឲ្យរួចរស់មានជីវិតរហូតដល់សព្វថ្ងៃ ខណៈ​​​នាង​ជា​ភរិយា​បានស្លាប់ នៅនឹងកន្លែង។

នាង ការីណា បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស «Daily Mail» ថានាងបានជួបនឹងខ្មោចលង នៅពេល​យប់​នោះ ខណៈនាងកំពុងចេញ ទៅដើរលេងពេលយប់។ នាងគិតថា ស្រមោលស្ទុងនោះ មានស្លៀកពាក់​ខោអាវ​រៀប​អាពាហ៍ពិពាហ៍ ​ពណ៌ស និងពាក់ស្បៃទទូរពីលើក្បាល កំពុងឈរនៅទីកន្លែង ដែលធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ដែល​មាន​ពោរពេញ ដោយព្រិលទឹកកក យ៉ាងត្រជាក់។ បន្ទាប់ពីបានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ នាង ការីណា បាន​យកវីដេអូមកមើលទៀត ប៉ុន្តែរូបភាពនេះ ធ្វើឲ្យនាង«ញ័រខ្លួន»​កាន់តែខ្លាំងឡើង។

អ្នកជំនាញថា ពិត...

វីដេអូ ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម និងនៅពាសពេញ បណ្ដាញចែកផ្សាយវីដេអូផ្សេងទៀត។ ក្រុម​អ្នកជំនាញ ទាក់ទងនឹងខ្មោចព្រាយបីសាច បានអះអាងថា វាជារឿងពិត នៅត្រង់ចំណុចនោះ។ អ្នកជំនាញ​ម្នាក់ ឈ្មោះ «Sagliani» ដែលស្គាល់ផ្លូវនោះច្បាស់ជាងគេ បានលើកឡើងពីករណីខ្មោចលងនេះ ថាមិនមែន​ទើប​តែ​កើត ជាលើកទីមួយឡើយ ហើយនោះ គឺជាខ្មោចស្រីម្នាក់ ដែលស្លៀកពាក់ខោអាវរៀបការ។ លោកបាន​ថ្លែង​អះអាង​​ថា៖ «ខ្ញុំបានស្រាវជ្រាវ ពីផ្លូវនេះ តាំងពី៨ឆ្នាំមុនមកម្លេះ។ ហើយកាលពីពីរឆ្នាំមុន ខ្ញុំទទួលបាន​រូបថត​មួយ​​សន្លឹក ដែលបង្ហាញពីស្រមោល របស់ស្ត្រីវ័យក្មេងម្នាក់ កំពុងឈរនៅផ្នែកម្ខាងនៃផ្លូវ។ តែវីដេអូលើកនេះ កាន់​​តែ​ធ្វើ​​ឲ្យ​​គេ​ជឿ​ជាក់​ខ្លាំង​ឡើង។»

អ្នកធ្វើដំណើរតាមរថយន្ដជាច្រើននាក់ ក៏បានអះអាងដែរថា ពួកគេបានបាត់បង់សតិ និងលែងអាចបញ្ជាលើ​យានយន្ដ​​ខ្លួន​ឯង នៅពេលដែលពួកគេ​បានបើករថយន្ដមកដល់ទីនោះ ដែលស្រាប់តែមានផ្សែងអ័ព្ទ​​ដ៏​​ក្រាស់​ បាន​​កើត​​ឡើង​ភ្លាមៗ បើទោះជាផ្ទៃមេឃ មានសភាពស្រឡះក៏ដោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់