កោះ​ហៅ កឹម សុខា ជា​លើក​ទី២ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម«សាក្សី»

អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន ព្រះរាជអាជ្ញារង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កោះហៅជាលើកទី២ ឲ្យចូលទៅបំភ្លឺ ក្នុងនាមជាសាក្សី លើដំណើររឿងពាក់ព័ន្ធ នឹង​អំពើ​សញ្ចារកម្ម នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ២០១៦ ខាងមុខ។
កោះ​ហៅ កឹម សុខា ជា​លើក​ទី២ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម«សាក្សី»
លោក កឹម សុខា បានចូលខ្លួនទៅកាន់សាលាដំបូង កាលពីអំឡុងខែបួន ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ (info@monoroom.info) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 18, 2016
  • ប្រធានបទ: យុត្តិធម៌-កម្ពុជា
  • អាន និងបញ្ចេញយោបល់

ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយព្រះរាជអាជ្ញារង លោក សៀង សុខ ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៦នេះ បានបង្គាប់ឲ្យលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​ទៅបំភ្លឺ ក្នុងនាមជាសាក្សី នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥​ខាង​មុខ ​ក្នុង​សំនុំ​រឿង​សញ្ចារ​កម្ម ក្រោមបណ្ដឹង​របស់ស្ត្រីជាង​ធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។

នេះ ជាដីកាលើកទីពីរហើយ បន្ទាប់ពីដីការលើកទីមួយ ចុះហត្ថលេខានៅថ្ងៃទី៦ ខែឧសភា ក្នុង​សំនុំ​រឿង​ដដែល​ ដែល​បាន​បង្គោប់លោក កឹម សុខា ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាសក្សីដូចគ្នា នៅថ្ងៃទី១៧ ខែ​ឧសភាម្សិល​ម៉ិញ។ ប៉ុន្តែ​លោក កឹម សុខា មិនបានចូលខ្លួន ទៅតាមការកោះនោះទេ ដោយសំអាងថាលោក ជា​តំណាង​រាស្ត្រ​មាន​អភ័យឯក​សិទ្ធិ ដែលរួចផុតពីការស៊ើបសួរ ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន។

ប៉ុន្តែការមិនចូលខ្លួន កាលពីម្សិលម៉ិញ មិនមែនជាលើកទីមួយនោះទេ ព្រោះ​លោក កឹម សុខា បាន​ខកខាន​មិនចូលខ្លួន ទៅបំភ្លឺម្ដងមុនរួចហើយ កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ នៅក្នុងសំនុំរឿងបរិហារកេរ្តិ៍ ក្រោម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា។

គេនៅមិនទាន់ដឹងថា ការមិនចូលខ្លួន ទៅបំភ្លឺនៅតុលាការច្រើនដងដូច្នេះ នឹងអាចឈានទៅដល់ ការ​ចាប់​ខ្លួន​លោក កឹម សុខា ឬ​យ៉ាងណា​ឡើយ។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់​ព្រមាន​តាម​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យថា ការមិនចូលខ្លួន ទៅតាមនីតិវិធីរបស់តុលាការ លោក កឹម សុខា នឹង​បន្ថែម​បទ​ល្មើស​«ជាក់ស្ដែង» មកឲ្យខ្លួនឯងមួយទៀត។ ប៉ុន្តែលោក កឹម សុខា វិញ នៅតែប្រកាន់​ជំហរ​មិន​ចូល​ខ្លួន​ដដែល ដោយ​អះអាង​ពី​ការ​«ធ្វើ​ពលិកម្ម» ប្រសិនជាមានការចាប់ខ្លួនណាមួយនោះ។  

ចំពោះសំនុំរឿងសញ្ចារកម្ម-ពេស្យាកម្មខាងលើ តុលាការសាលាដំបូង ក៏បានកោះ​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូលខ្លួនទៅបំភ្លឺដែរ។ តំណាងរាស្ត្រទាំងពីរ មាន​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ត្រូវ​បាន​កោះ​ឲ្យ​ទៅ​បំភ្លឺ ក្នុងនាមជា«ជនសង្ស័យ» កាលពីថ្ងៃទី ១៦ ខែឧសភា កន្លង​មក ប៉ុន្តែ​លោក​ទាំង​ពីរ​មិន​បាន​ចូល​ខ្លួន តាមការកោះនោះទេ ដោយសំអាង ពីអភ័យឯកសិទ្ធិ​សភា​ដូចគ្នា។

តាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញាកម្ពុជា បានចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​អាច​ត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសំដែងយោបល់ ឬ​បញ្ចេញ​មតិ ក្នុង​ការ​បំពេញ​មុខងាររបស់ខ្លួន សោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពី​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុង​ចន្លោះ​​សម័យ​ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ (...)»


Loading...

អត្ថបទទាក់ទង


មតិ-យោបល់