ជាង​មួយ​ថ្ងៃ ទំព័រ​ហ្វេសប៊ុក ធី សុវណ្ណថា បាត់ Likes ជាង៣ម៉ឺន

សកម្មភាពចុងក្រោយ របស់តារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានបង្កការក្ដៅក្រហាយ ដល់អ្នក​ដែល​ធ្លាប់​គាំទ្រ និង​ចូលចិត្ត​នាង រហូត​ដល់​អ្នក​ទាំង​នោះ បបួលគ្នាបើកយុទ្ធនាការ «Unlike» ទៅលើទំព័រហ្វេសប៊ុករបស់នាង កាលពីចុងសប្ដាហ៍​មុន។ គ្រាន់តែ​ក្នុង​រយៈ​ពេល ​ជាង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​«Like»​​ប្រមាណ​ជា​ជាង៣ម៉ឺន បាន​បាត់​បង់​ចេញ ពី​លើ​ទំព័រ​«Thy Sovantha»។
ជាង​មួយ​ថ្ងៃ ទំព័រ​ហ្វេសប៊ុក ធី សុវណ្ណថា បាត់ Likes ជាង៣ម៉ឺន
កញ្ញា ធី សុវណ្ណថា នៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជាមួយគណបក្សប្រឆាំង។ (រូបថត MONOROOM.info/ O. Vary)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 16, 2016
  • ប្រធានបទ: ហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបាត់បង់ចំនួនអ្នកចូលចិត្ត ដ៏ច្រើនពាន់ម៉ឺននាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់កញ្ញា ធី សុវណ្ណថា អាច​ធ្វើ​ឲ្យ​ខាតបង់​យ៉ាងច្រើន  ដោយសារតែអ្នកទាំងនោះ ភាគច្រើនជាសកម្មជន​នៅលើហ៊្វេសប៊ុក ដែលគាំទ្រ​គណបក្ស​ប្រឆាំង ហើយក្នុងពេលកន្លងមក អ្នកទាំងនោះបានគាំទ្រនាង ដោយជួយចុចចូលចិត្ត ឬ​ចែក​រំលែក ដែល​ជាកក្តាជំរុញឲ្យនាង មានឈ្មោះកាន់តែល្បី​រហូតក្លាយជាតារា​​នៅក្នុងបណ្ដាញសង្គម មកដល់​ពេល​បច្ចុប្បន្ន។

ជាពិសេស បើកញ្ញា ធី សុវណ្ណថា បានទិញ«Like» តាមរយៈការធ្វើពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហ្វេសប៊ុក ផង​នោះ ការបាត់បង់«Like» ដែលមានចំនួនដល់ទៅ​រហូតដល់រាប់ម៉ឺនបែបនេះ អាចនឹងធ្វើឲ្យខាតបង់​ជា​ទឹក​ប្រាក់ ច្រើន​រយ​ដុល្លារ ឬអាចដល់រាប់ពាន់ដុល្លារ។ នេះ គេមិនទាន់និយាយ ដល់ពេលវេលា និងការ​ខំប្រឹង​នានា ដែល​ម្ចាស់​​ទំព័រ​​បាន​ធ្វើក្នុងពេលកន្លងមក ដើម្បីរកប្រជាប្រិយភាព ឲ្យទំព័ររបស់ខ្លួននោះផងទេ។

បើតាមទំព័រ ឬគណនីហ្វេសប៊ុក​ល្បីៗមួយចំនួន បានឲ្យដឹងថា យុទ្ធនាការ«Unlike»​ទំព័រហ្វេសប៊ុក​របស់​កញ្ញា ធី សុវណ្ណថា បានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែឧសភានេះ រហូតមក​ដល់​យប់​ថ្ងៃ​អាទិត្យ ទី១៥ ខែ​ឧសភានេះ មុននឹងកញ្ញា ធី សុវណ្ណថា បានសម្រេចចិត្តបិតទំព័ររបស់នាង មិនឲ្យឃើញ​ជា​សាធារណៈ ឬ «Unpublic» ជា​បណ្ដោះ​អាសន្ន​សិន។

យុទ្ធនាការ«Unlike»បានរីករាលដាលខ្លាំងឡើងៗ នៅបន្ទាប់ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បាន​សម្ដែង​ការ​ខឹង​ក្រេវ​ក្រោក ទៅនឹងសកម្មភាពចុងក្រោយបំផុត របស់កញ្ញា ធី សុវណ្ណា ដែលបានដាក់ពាក្យ​បណ្ដឹង ប្ដឹង​លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ និងប្រកាស​ស្វែង​រក​ស្នាម​មេដៃ ចំនួន១លានមេដៃ ដើម្បីសុំឲ្យលោក កឹម សុខា ឲ្យលាលែងពីតំណែង។

បើតាម​គណនីហ្វេសប៊ុក «សុវណ្ណភូមិ ខ្មែរ» ដែលល្បីខាងតាមដានវិភាគ​​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​ដែលមាននិន្នាការ​ស្និត​នឹងគណបក្សប្រឆាំង បាន​អះអាង​ថា នៅមុនយុទ្ធនាការនេះបើកធ្វើ ទំព័រ«Thy Sovantha»​​មានចំនួនអ្នកចូលចិត្ត ដល់ទៅ ១ ៦៥៦ ៩៣៥ Likes។ ប៉ុន្តែនៅយប់ថ្ងៃអាទិត្យ ប្រមាណជាម៉ោង ២០ (មុនទំព័រនេះ ត្រូវបានផ្អាកចេញផ្សាយ) ក្រុមអ្នកតាមដាន បានរាយការណ៍បន្ថែមថា ចំនួនអ្នក​ចូល​ចិត្ត​ទំព័រ​របស់​តារា​វ័យ​ក្មេង បានធ្លាក់ចុះយ៉ាងគំហុក មកនៅត្រឹមតែ ១ ៦២៥ ៩៩៥ Likes ប៉ុណ្ណោះ។

នៅក្នុងគេហទំព័រ SocialBakers ដែលជំនាញខាងតាមដានទំព័រនានា នៅលើបណ្ដាញសង្គមនោះ ក៏បាន​បញ្ជាក់​ដែរ​ថា ទំព័រហ្វេសប៊ុក « Thy Sovantha» បានរងការ «Unlike» យ៉ាងគំហុកប្រហាក់ប្រហែល នឹង​ចំនួន​ខាង​លើ រាប់ចាប់ពីថ្ងៃទី១៤ មកទល់នឹងថ្ងៃទី១៥ ខែឧសភា។ ប៉ុន្តែតាំងពីថ្ងៃទី១៣ មួយថ្ងៃមុន ទំព័រ​របស់​តារា​វ័យ​ក្មេង បានរងការធ្លាក់ចំនួន«Like»ទាំងនេះរួចហើយ។ ការធ្លាក់ចំនួនអ្នកចូលចិត្ត ឬអ្នកតាម​ដាន​ទំព័រ​របៀប​នេះ មិនធ្លាប់កើតមាន ពីមុនមកទេ។ ផ្ទុយទៅវិញ ក្នុងរយៈពេល៦ខែចុងក្រោយនេះ  ចំនួន«Like»នៃទំព័រ«Thy Sovantha» បានកើនឡើងរហូតជាប់ៗគ្នា។

បើតាមគេហទំព័រដដែល បានបញ្ជាក់ថា ចំនួនអ្នកចូលចិត្ត ឬតាមដាន​ទំព័រហ្វេសប៊ុក របស់កញ្ញា ធី សុវណ្ណថា មាន​​ចំនួន​​ច្រើន​លើសលប់ មកពីក្នុងប្រទេសកម្ពុជា (ច្រើនជាង ១លាន៦សែន Likes) ប្រទេសថៃ (ច្រើនជាង ៦ម៉ឺន Likes) និង​មកពីប្រទេសកូរ៉េខាងត្បូង (ច្រើនជាងមួយម៉ឺន Likes)។ ក្រៅពីនេះ ទំព័រ«Thy Sovantha» មាន​​អ្នក​​ចូល​ចិត្ត​​មក​ពី​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន អូស្ត្រាលី បារាំង និងមានអ្នកចូលចិត្តផងដែរ​ពី​ប្រទេស​ភូមា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...