«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»

ភាពភ្ញាក់ផ្អើលបានកើតឡើង នៅក្នុងវេទិកាពិភាក្សា «តើលោក កឹម សុខា គួរលាលែង (ឬត្រូវលាលែង) ពីតំណែង​ឬទេ?» របស់​កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន បន្ទាប់ពីសមាសភាព មកពីគណបក្ស​នយោយបាយ​ចំនួន​បី បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ខណៈ​​មជ្ឈដ្ឋាន​​នយោបាយ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់លើក​ឡើងថា ករណីលោក កឹម សុខា មិនមែនជា​រឿងនយោបាយ​ឡើយ។ ដោយឡែក សម្រាប់លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានយល់ថា រឿងរបស់គណបក្សមួយ ត្រូវតែផ្ទៃក្នុងរបស់​គណបក្សនោះ ជាអ្នកដោះស្រាយ។
«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»
ពីឆ្វេងមកស្ដាំ៖ លោក ខឹម វាសនា - កញ្ញា ធី សុវណ្ណថា និងលោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)

តើវត្តមានរបស់គណបក្សនយោបាយ​ចំនួនបី នៅក្នុងវេទិកា«កិច្ចពិភាក្សា៖ តើលោក កឹម សុខា គួរ​លា​លែង​ ពី​តំណែង​ឬទេ?» របស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន មាន​ន័យយ៉ាងដូចម្ដេច? តើ​ពាក្យ​ថា វេទិកា​«ពិភាក្សា»​​មាន​ន័យ ត្រឹមជាសន្និសីទការសែត ដែលមានកញ្ញា ធី សុវណ្ណថា ជាអ្នកសូត្រ​សេចក្ដី​ថ្លែងការណ៍​មួយ​​របស់​ខ្លួន រួចប្រគល់ក្បាលមីក្រូ ទៅឲ្យអ្នកសារព័ត៌មាន ដើម្បីម្ចាស់កម្មវិធីខ្លួនឯង (កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន) ជា​អ្នក​ឆ្លើយ?

ផ្ទុយទៅ​វិញ វត្តមានរបស់គណបក្សនយោបាយចំនួនបី មានគណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ និង​គណបក្ស​កម្ពុជាសេរីភាព នៅក្នុងកម្មវិធីនេះ បានធ្វើឲ្យគេកាន់តែ​ជឿ​ថា ករណី​ទាក់ទង​នឹង​លោក កឹម សុខា គឺ​ជា​ករណី​«នយោបាយ» និងមាន«អ្នកនយោបាយនៅពីក្រោយ» ជាពិសេសនៅ​ចំពោះ​ការ​បដិសេធ​ជា​រៀង​រាល់​ដង នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថារឿងនេះជា​ករណី​បុគ្គល ឬ​ជា​ករណី​មិនជាប់ពាក់ព័ន្ធ​នឹងនយោបាយ។

ប៉ុន្តែយ៉ាងហោចណាស់ ប្រធានគណបក្សដទៃចំនួនពីរ (ក្រៅពីគណបក្សទាំងបីខាងលើ គណបក្ស​សង្គ្រោះ​ជាតិ​ និង​​គណបក្ស​ប្រជាជន​កម្ពុជា) បានសម្ដែងប្រតិកម្ម ទាក់ទងនឹងករណីនេះ ដោយចាត់​ទុក​ថា វា​ជា​ការ​លូក​លាន់​ ចូល​​រឿង​​ផ្ទៃក្នុង​របស់គណបក្សមួយ។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បានចាត់ទុកករណី ឬ​សំនួរ​ថា លោក កឹម សុខា គួរលាលែង​ពីតំណែង ឬយ៉ាងណានោះ ជារឿងរបស់គណបក្សសង្គ្រោះជាតិ និងរបស់​អ្នកគាំទ្រ​គណបក្ស​​នេះ​សុទ្ធសាធ។ លោក ខឹម វាសនា បានសរសេរ​​នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​​​របស់លោក ភ្ជាប់​ជា​មួយ​​នឹង​​លិខិត​អញ្ជើញ របស់​កញ្ញា ធី សុវណ្ណថា ឲ្យចូលរួម​​ក្នុងវេទិកា​​របស់នាង​ថា៖ «មានតែអ្នកគាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ត្រូវ​ពិភាក្សា​រឿងនេះ ហើយធ្វើការសំរេច ថាត្រូវទុក ឬបណ្តេញលោក កឹម សុខា ចេញ​​ពី​តំណែង។ គ្មាន​ជា​រឿង​អ្វី ​ដែលអ្នកដទៃ ឬបក្សដទៃទៅពិភាក្សា ឬសំរេចចិត្តក្នុងរឿងនេះ ជួស​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​​ទាល់​​តែ​សោះ។»

ខ្លាំងក្លាជាងនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅក្រុមនោះ ថាជា​អ្នក​នយោបាយ​មិន​​ដឹង​ខ្យល់ និងចេះត្រឹមតែរត់ស៊ី«ពែព្រឹត្តិការណ៍» ដែលបង្កើត​និងដឹកនាំដោយ​អ្នក​ផ្សេង​ប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុករបស់លោក អមដោយលិខិតអញ្ជើញ​របស់​កញ្ញា ធី សុវណ្ណថា នោះ​ដែរ​​ថា៖ «វា​ជា​រឿង​ដ៏​អស់​សំណើច ដែលគណបក្សមួយ ទៅចូលរួមក្នុងចលនាលូកលាន់ ចូលកកូរ​កកាយ​រចនា​​សម្ព័ន្ធ​ដឹកនាំ របស់គណបក្សផ្សេង ដោយមិនស្គាល់ ពីតំលៃអធិបតេយ្យភាព​ផ្ទៃក្នុង​​​របស់​​គណបក្ស​គេ ដែល​​អនុម័ត​​​ដោយ​សមាជគណបក្ស​​របស់គេ»។

ប្រធានគណបក្សអំណាចខ្មែរ ដែលធ្លាប់ត្រូវបានតុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារនោះ បានពន្យល់​ថា រចនា​សម្ព័ន្ធ​​ផ្ទៃក្នុង​​និង​ការដឹកនាំ របស់គណបក្សនីមួយៗ វាជាអធិបតេយ្យភាពរបស់គណបក្សនោះ ដែល​គ្មាន​គណបក្ស​​ណា ឬ​មេដឹកនាំ​គណបក្ស​ណា​​មាន​សិទ្ធិ ទៅទាមទារឲ្យដោះដូរ ឬដេញចេញបានទេ ក្រៅពី​សមាជ​ពេញ​អង្គ​របស់​​គណបក្ស​គេ។ លោកបានសរសេរបន្តថា បើរិះគន់នូវកំហុសឆ្គង​នយោបាយ​របស់​គេ នោះ​វា​ជា​សិទ្ធិ​​នយោបាយ ដែល​គ្រប់​​គណបក្ស​នយោបាយ មានសិទ្ធិ​និយាយ​រិះគន់​ដោយ​សេរី ដោយ​ផ្អែក​លើ​ការ​ពិត ដើម្បី​​ប្រកួត​​ប្រជែង​​សមត្ថភាពនយោបាយ តែមិនអាចទៅទាមទារដេញ ឬដកដូរមេដឹកនាំ ​ក្នុង​គណបក្ស​របស់​គេ​​នោះ​​ទេ។

នៅក្នុងវេទិកាកិច្ចពិភាក្សា រៀបចំឡើងដោយតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ កាលពីរសៀល​ថ្ងៃ​ទី១៣ ខែ​ឧសភា​ម្សិលម៉ិញ តំណាងមកពីគណបក្សនយោបាយទាំងបី មានលោក ញ៉ែម វណ្ណថន (គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ) អ្នកស្រី ឃី ប៉េងលី (គណបក្សខ្មែរដើម្បីខ្មែរ) និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល (គណបក្ស​កម្ពុជា​សេរី​ភាព) សុទ្ធតែបានឯកភាពថា លោក កឹម សុខា គួរតែលាលែងពីដំណែង និងពីជីវិតនយោបាយ។ អ្នក​​ទាំង​​បី​​បាន​​​លើក​​​ឡើង ហាក់​ដូច​ចេញ​ពីពុម្ភតែមួយថា លោក កឹម សុខា បានធ្វើឲ្យប៉ះពាល់ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​​ជា​​មនុស្ស​​គ្មាន​​​ការ​​​ទទួល​​ខុសត្រូវ ចំពោះទំនាក់ទំនងស្នេហាលួចលាក់ ដែលគេចោទទៅលើលោក និង​កញ្ញា ខុម ចាន់​តារាទី ហៅស្រីមុំ។

លោក ញ៉ែម វណ្ណថន ដែលបានអួតអាង ពី«ក្រម​​ចរិយា​ធម៌»របស់គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ និង​ដែល​មាន​លោក​ជា​តំណាង បានបង្ហាញការយល់​ឃើញ​ថា លោក កឹម សុខា គួរ​ចេញ​​បក​​ស្រាយ លើរឿង​ដែល​គេ​កំពុង​​ចោទ​ប្រកាន់​នេះ និងសុំទោស​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន។

«វេទិកាជូនដំណឹង "លោក កឹម សុខ ត្រូវលាលែងពីតំណែង"»

ប៉ុន្តែសម្រាប់មតិមួយចំនួន ជាពិសេសអ្នកសារព័ត៌មាន ដែលបានចូលរួមយកព័ត៌មាន ក្នុង​កម្មវិធី​ខាង​លើ បាន​ខ្សឹប​ខ្សៀវ​​គ្នា​ថា បើពិនិត្យមើលការរៀបចំ និងរបៀបវារៈ គេត្រូវហៅវេទិកា​«កិច្ច​ពិភាក្សា»​នេះ ថាជា​វេទិកា​​«ជូន​​ដំណឹង» ឬជាវេទិកានៃកិច្ចពិភាក្សា​ដោយស្ងាត់ៗជាមុន ដើម្បី«ជូនដំណឹង» មកអ្នកចូលរួមស្ដាប់​​ជា​​ក្រោយ។ ជា​​ពិសេស គេ​ត្រូវ​ប្ដូរចំណងជើង សរសេរឲ្យច្បាស់ដែរថា ជាវេទិកា«ជូនដំណឹង៖ លោក កឹម សុខា ត្រូវ​​លា​លែង​ពី​តំណែង» និងមិនមែនជាវេទិកា«កិច្ចពិភាក្សា៖ តើលោក កឹម សុខា គួរលាលែងពីតំណែងឬទេ» នោះ​​ទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់