តួអង្គ​«បង​នឹង​ធ្វើ​ឲ្យ​អូន​​សើច​ច្រើន​ជាង​យំ» ប្រកាន់​ជំហរ​លែង​លះ

តើបច្ចុប្បន្នភាព នៃសាច់រឿង​«បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ» បានធ្វើដំណើរទៅដល់ណាហើយ បន្ទាប់​ពី​តួឯក​ទាំងពីរ​នៃ​រឿង​នេះ ត្រូវ​បានតុលាការកោះហៅ ឲ្យចូលទៅបំភ្លឺ ទាក់ទងនឹងពាក្យបណ្ដឹង ស្នើសុំលែង​លះ​របស់​តួឯក​ប្រុស​នោះ? មានរឿងរ៉ាវ​លំអិត​តិចតួច​បំផុត ត្រូវបានបង្ហើបឲ្យដឹង ពីការចូលទៅបំភ្លឺនេះ ខណៈតួឯក​ទាំងពីរ បានដើរចេញ​ពីតុលាការ តាមច្រកទ្វា​មួយ​ចំហៀង​ម្នាក់​ពីគ្នា ហើយ​ព្យាយាម​គេស​វេស​ពី​អ្នក​សារព័ត៌មាន ដោយមិនឆ្លើយ​អ្វីច្រើន​ឡើយ។
តួអង្គ​«បង​នឹង​ធ្វើ​ឲ្យ​អូន​​សើច​ច្រើន​ជាង​យំ» ប្រកាន់​ជំហរ​លែង​លះ
ឈុតឆាក «បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ» ដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ កាលពីខែកញ្ញា ឆ្នាំទៅម៉ិញ។ (រូបផ្តិតពីវីដេអូ)
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 13, 2016
  • ប្រធានបទ: ជីវិតតារា
  • អាន និងបញ្ចេញយោបល់

ជាផ្លូវការ តួអង្គនៃឈុតឆាកសម្ដែង «បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ» មានលោក ប៉ែន ចំរ៉ុង និង​នាង ភិន សុដាលីស មិនបានប្រកាសអ្វីលំអិត ទៅកាន់អ្នកសារព័ត៌មានឡើយ នៅក្រោយការ​សាកសួរ​នៅ​ថ្ងៃ​ទី១២ ខែឧសភា​នេះ របស់​សាលា​ដំបូង​រាជធានី ដែលប៉ុនប៉ងចង់ផ្សះផ្សារអ្នកទាំងពីរ ឲ្យឡើងឆាកសម្ដែង​ឈុត​ឆាក​នេះបន្ត​ទៅ​ទៀត។ គេគ្រាន់តែបានដឹងដ៏តិចតួច ពីសំណាក់លោក ប៉ែន ចំរ៉ុង ដែលចេញ​តាម​ទ្វា​ក្រោយ​របស់​តុលាការ ខណៈ​នាង ភិន សុដាលីស បាន​ដើរ​ចេញ​តាម​ទ្វា​មុខ។

លោក​ ប៉ែន​ ចំរ៉ុង​ បាននិយាយប្រាប់អ្នកសារព័ត៌មានថា​ លោក​មក​តុលាការ ​ដើម្បី​ប្តឹង​​សុំ​លែងលះ​ ពី​នាង​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែង និងបាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ថា មូលហេតុអ្វីទើបលោកសម្រេចចិត្ត ប្តឹង​លែងលះឡើយ។ ដូច្នេះ វាដូចជាគ្មាន​អ្វីផ្សេង​ទៀត ​ដែលត្រូវ​​​​និយាយ​​ឲ្យ​វែងឆ្ងាយទេ​។

តារាទូរទស្សន៍មុខស្រស់រូបនេះ បានអះអាងបន្តថា នាពេល​ខាងមុខ​ តុលាការ​នឹង​កោះ​​ហៅ​​សាមី​ខ្លួន ​ឲ្យ​​​ចូល​តុលាការជាថ្មី​ តែ​ពុំ​ដឹង​ថ្ងៃ​ណា​ឲ្យប្រាកដ​នោះ​ទេ​។ លោក ចំរ៉ុង បាននិយាយថា៖ «ពេលនេះខ្ញុំ មិន​ទាន់​ចង់​បកស្រាយ​ទេ គឺទុកឲ្យតុលាការបន្តនិតិវិធីរបស់គាត់ ព្រោះការពិតគឺនៅតែការពិត»។

ប្រភពមួយពីតុលាការ ក៏បានបង្ហើបប្រាប់ដែរថា តួអង្គទាំងពីរបានប្រកាន់ជំហរ តែរៀងៗ​ខ្លួន ក្នុង​ការ​លែងលះ​គ្នា ជាពិសេសជំហរដ៏តឹងរ៉ឹង​របស់តួអង្គប្រុស ដែលជាមូលហេតុ ធ្វើឲ្យការសម្រុះសម្រួល របស់​តុលាការ​ត្រូវបរាជ័យ។ ដូច្នេះតុលាការមិនមានជម្រើសណាផ្សេង ក្រៅតែពីបន្តនីតិវិធីទៅមុខទៀត។ ប្រភព​បាន​បញ្ជាក់​បន្ត​ថា ការកោះហៅជាលើកទីពីរ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាក៏ដោយ នៅក្នុងករណីប្ដីប្រពន្ធប្ដឹងលែងគ្នា តុលាការចាំបាច់កោះហៅសាមីខ្លួន មកធ្វើការសម្រុះ​សម្រួល​ចំនួន​៣ដង មុននឹងសម្រេចសេចក្ដី ឈានទៅដល់ការលែងលះ និងធ្វើការបែងចែក ទៅ​លើ​ទ្រព្យ​សម្បត្តិ ​ឬ​ទៅ​លើ​កូនចៅ ប្រសិនជាដើមបណ្ដឹង នៅតែទាមទារ​តាមការស្នើសុំក្នុងបណ្ដឹង។ ប៉ុន្តែជំហរ​របស់​តួអង្គ នៃ​រឿង​«បង​នឹង​ធ្វើ​ឲ្យ​អូន​សើច ច្រើនជាងយំ» ទំនងជានៅតែរឹង មិនចង់ឲ្យមានការសម្រប​សម្រួល​នោះ​ទេ ដែល​នឹង​អាច​ធ្វើ​ឲ្យ​ការ​សម្របសម្រួលចំនួនពីរដងទៀត ពីសំណាក់តុលាការ ជួបនឹងភាពបរាជ័យ ដូចលើក​នេះ​ទៀត។

រហូតមកដល់ពេលនេះ មូលហេតុដែលឈានទៅការប្រេះឆារ របស់តួឯកស្នេហ៍ស្និតទាំងពីរ ដែល​ធ្លាប់​ព្យាយាម​ប្រឆាំង​ការ​រារាំង របស់ឪពុកតួឯកស្រី ហើយលួចពង្រត់គ្នា ចេញទៅរស់នៅតែពីរនាក់នោះ មិនត្រូវ​បាន​ពន្លេច​ឲ្យ​ដឹង សូម្បី​បន្តិច​ឡើយ។ គេគ្រាន់តែដឹង តាមរយៈអ្នកដែលនៅក្បែរអ្នកទាំងពីរ ថារវាង​គូស្នេហ៍ ម្ចាស់​ប្រយោគ​«បង​នឹង​ធ្វើ​ឲ្យ​អូន​សើច ច្រើនជាងយំ» បានអស់ចិត្តនឹងគ្នា។

រីឯតួឯកស្រី នាង ភិន សុដាលីស វិញ បានប្រកាសដោយខ្លួនឯង នៅតាមបណ្ដាញ​សង្គម នៅមុន​ការ​កោះ​ហៅ​លើក​ទីមួយ របស់តុលាការថា៖ «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ (...) អរគុណ​ណាស់ (ចំពោះ​អ្នក​មាន​សមានចិត្ត​​ទាំង​​ឡាយ) មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់​មួយ​នេះ ជា​សះស្បើយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់