ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

តើការចាប់ខ្លួន មន្ត្រីរបស់សមាគមអាដហុក​ទាំងបួននាក់ និងមន្ត្រី គ.ជ.ប ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ទាក់ទង​នឹង​បទ​ចោទអ្វី? នៅពេលនេះ គ្មាននរណាដឹងឡើង បើសូម្បីលោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយខ្លួនលោក ក៏ហាក់ដូចជាចង់លាក់ទុក ពីបទចោទនេះសិន មិនព្រមបញ្ចេញ​ឲ្យក្រុម​អ្នក​សារព័ត៌មាន​ដឹងឡើយ។
ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»
ផ្លាកសញ្ញា របស់អង្គភាពប្រឆាំងអំពើពុករលួយ។ (រូបថត MONOROOM.info/ D. KEO)

«ខ្ញុំនិយាយមុនមិនបាន នៅមុនម៉ោង» នេះជាសំដី របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី២៩ ខែមេសានេះ ដើម្បីចង់ដឹង​ពីបទ​ចោទ​ណាមួយ ដែលអាចឈាន​ទៅធ្វើការចាប់ខ្លួនមន្ត្រី របស់សមាគមអាដហុក៤នាក់ និងមន្ត្រី អគ្គ​លេខាធិការ​​​រង របស់​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត​មួយនាក់។ លោក យ៉ិនទៀង បាន​អះអាង​ទៀត​ថា រហូត​លុះ​ត្រា​តុលាការ​​ទទួលធ្វើការ​ចោទប្រកាន់ នោះលោកនឹងធ្វើសន្និសីទ​សារព័ត៌មាន​ប្រកាស​​ប្រាប់ ហើយ​នឹង​សរសេរ​​ជា​លាយ​លក្ខណ៍​អក្សរបន្ថែមទៀត។

ចម្លើយរបស់លោក ឱម យ៉ិនទៀង បានបង្កនូវភាពមន្ទិល ទាក់ទងនឹងការចាប់ខ្លួន ឬការបង្ខាំង​សេរីភាព​មនុស្ស ក្នុង​នាមជាពលរដ្ឋ ដោយ«ខុសច្បាប់» ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក។ ប៉ុន្តែ​យ៉ាងហោចណាស់ លោកប្រធានអង្គភាពរូបនេះ បានបង្ហើយបន្តិចថា ការឃាត់ខ្លួនទាំងនេះ ដោយយោង​ទៅ​តាម​មាត្រា «ណាមួយ» នៃច្បាប់ប្រឆាំងអំពើពុករលួយ និងដោយសារចម្លើយ របស់អ្នកទាំងប្រាំ មាន​លក្ខណៈ​«ស៊ីចង្វាក់»គ្នា ជាមួយនឹងភស្ដុតាង និងចម្លើយរបស់អ្នកដទៃទៀត។

ក្នុងចំណោមមនុស្សទាំងប្រាំ មានមន្ត្រី​សិទ្ធិមនុស្ស មកពីសមាគម​អាដហុក ៤​នាក់ (​លោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) និង​អគ្គលេខាធិការ​រង មកពី​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺលោក នី ចរិយា។ អ្នកទាំងប្រាំរូប ត្រូវបានអង្គភាពប្រឆាំង​អំពើពុករលួយ ធ្វើការ​ឃាត់​ខ្លួន កាលពីយប់ថ្ងៃទី២៨ ខែមេសា រាប់ចាប់តាំង ពីម៉ោង២០មក នៅក្នុងសំនុំរឿង«កឹម សុខា-ស្រីមុំ» បន្ទាប់​ពី​លិខិត​ចំហរមួយ របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ត្រូវបានផ្សាយចេញ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នាង ចាន់តារាទី បានសរសេរចោទមន្ត្រីទាំងនេះ ថាបានលួងលោមឲ្យនាង និយាយកុហក ឬធ្វើសាក្សី​ក្លែង​ក្លាយ ទៅ​ឲ្យ​តុលាការ ទាក់ទងនឹងទំនាក់ទំនងស្នេហា ដ៏គួរឲ្យសង្ស័យ រវាងរូបនាង និងលោក កឹម សុខា អនុ​ប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ។

អតីតមន្ត្រីច្បាប់ចាស់វស្សាមួយរូប ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា ការប្រកាសឃាត់ខ្លួន នៅបន្ទាប់ពីការសាកសួរនោះ ជាទង្វើខុសនិតិវិធីច្បាប់ របស់​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ និងជាកង្វះខាតដ៏ធំ នៅក្នុងប្រព័ន្ធអនុវត្តច្បាប់ របស់ប្រទេស​កម្ពុជាសព្វថ្ងៃ។ មន្ត្រីចូល​និវត្តន៍​រូប​នេះ បានពន្យល់ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ នៅក្នុងលិខិតកោះហៅ អស់លោក​ទាំង​ប្រាំ​នាក់ ថាគ្រាន់តែឲ្យចូលខ្លួន ដើម្បីអង្គភាពស្ដាប់ចម្លើយប៉ុណ្ណោះ។ តែនៅពេលអ្នក​ទាំង​នោះ ឈាន​ជើងជាន់អង្គភាព ៗមិនបញ្ជាក់ឲ្យច្បាស់ ថាការផ្ដល់ចម្លើយនោះ ក្នុងនាមអ្វី? ក្នុងនាមសាក្សី ឬ​ក្នុង​នាម​ជន​សង្ស័យ?»

លោក ព្រហ្ម គិត បានបញ្ជាក់ទៀតថា៖ «ទីមួយ បើក្នុងនាមជាសាក្សី អង្គភាពត្រូវប្រាប់ឲ្យអ្នកទាំងប្រាំ ត្រឡប់​ទៅ​ផ្ទះ​វិញសិន ដើម្បីបញ្ជៀសការបង្ខាំងមនុស្ស ទាំងមិនដឹងហេតុផល និងចាំបាច់ត្រូវត្រឡប់ ទៅ​ចាប់​ខ្លួន​មនុស្ស​ទាំង​នេះ​តាម​ក្រោយវិញ  បើរកឃើញថា អ្នកទាំងនោះពិតជាជនសង្ស័យ។​ ទីពីរ បើក្នុងនាម​ជា​ជន​សង្ស័យ ដូច្នេះ​ការ​ឃាត់​ខ្លួន ត្រូវរាប់ចាប់តាំងពីម៉ោងដំបូង ពីនាទីដំបូង ដែលជនទាំងប្រាំ បានឈានជើង​ចូល​ក្នុង​អង្គភាព និងត្រូវមានបទចោទច្បាស់លាស់ ថាឃាត់ខ្លួនគេពីរឿងអ្វី។ បទចោទនេះ ត្រូវ​ប្រកាស​ប្រាប់​សាមី​ខ្លួន មុន​នឹង​ធ្វើការ​ចាប់​ខ្លួន។ ហើយតំណាងការពារខ្លួន​ខាងផ្លូវច្បាប់ របស់សាមីខ្លួន (មេធាវី) ក៏ត្រូវដឹង​ពី​បទ​ចោទ​នេះ​ដែរ។»

លោក ព្រហ្ម គិត បានសង្ស័យថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យ៉ិនទៀង មិន​បានធ្វើការស៊ើបអង្កេតអ្វី ឲ្យបានហ្មត់ចត់ឡើយ នៅមុនការកោះហៅជនទាំងនេះ ចូលទៅសាកសួរ។ លោក​បាន​ពន្យល់​បន្ថែមថា៖ «ហេតុអ្វីបានជាខ្ញុំ ដាក់ការសង្ស័យដូច្នេះ? ព្រោះហៅគេចូលទៅហើយ ឲ្យគេនៅ​រង់ចាំ​ខ្លួន ដើម្បីធ្វើការថ្លឹងថ្លែង ជាមួយចម្លើយអ្នកដទៃ។ ការកំណត់ឲ្យគេរង់ចាំ រហូតលុះត្រាពេលចាប់ខ្លួន នៅ​ក្នុង​ទី​កន្លែង​ខ្លួន​នេះ ជាទង្វើបង្ខាំងមនុស្ស ដោយខុសច្បាប់។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់