ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

កីឡាករដែលលេងឲ្យក្រុមព្រីមែ លីក របស់ប្រទេសអង់គ្លេស រូបនេះ បាននិយាយប្រាប់ក្នុងសេចក្តីថ្លែងការណ៏ កាលពីថ្ងៃព្រហស្បតិកន្លងទៅ។ គាត់និយាយថា «នេះជារដូវកាលចុងក្រោយសំរាប់ខ្ញុំ ដែលនៅជាមួយនិងក្រុមលីវើភូល ហើយក៏ជាពេលចុងក្រោយ សំរាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំដែរ។»

កីឡាករលីវើភូល (Liverpool) ចេមី ខារ៉ាកឺ (Jamie Carragher) នឹងបញ្ចប់អាជីពបាល់ទាត់របស់គាត់ ក្រោយចប់រដូវកាល នេះ។


កីឡាករចេមី ខារ៉ាកឺ នៅលើវាលស្មៅ។

កីឡាករដែលលេងឲ្យក្រុមព្រីមែ លីក របស់ប្រទេសអង់គ្លេស រូបនេះ បាននិយាយប្រាប់ក្នុងសេចក្តីថ្លែងការណ៏ កាល​ពីថ្ងៃ​ព្រហស្បតិកន្លងទៅ។ គាត់និយាយថា «នេះជារដូវកាលចុងក្រោយសំរាប់ខ្ញុំ ដែលនៅជាមួយនិងក្រុមលីវើភូល ហើយក៏​ជាពេលចុងក្រោយ សំរាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំដែរ។»

កីឡាកររូបនេះបានបន្តទៀតថា «ខ្ញុំធ្វើការប្រកាសជាផ្លូវការពេលនេះ ព្រោះខ្ញុំមិនចង់ឲ្យ គ្រូបង្វឹកគឺលោក ប្រិនដាន់ រ៉ដជឺ (Brendan Rodgers) និងក្រុមទាំងមូលមានការចោតជាសំនួរ ចំពោះអនាគតរបស់ខ្ញុំ ពេលនេះខ្ញុំបានសំរេចចិត្ត​រួចហើយ​ថា នឹងត្រូវធ្វើអ្វីជាបន្តទៀត»។

អតីតកីឡាករអន្តរជាតិ របស់ប្រទេសអង់គ្លេសវ័យ ៣៥ឆ្នាំ ហើយជាកីឡាករដែលលេងឲ្យក្រុម បាល់ទាត់តែមួយគត់ ក្នុង​អាជីពរបស់គាត់ បានមកចូលរួមជាមួយនឹងក្រុម ដែលស្ថិតក្នុងទឹកដីកំណើតរបស់ខ្លួនលីវើភូល តាំងពីរូបគាត់នៅ​វ័យ​ក្មេង។ ក្នុងនោះគាត់មានវត្តមានសំរាប់ក្រុម ចំនួន ៧០០ប្រកួត ដោយគិតចាប់ពីថ្ងៃចូលលេងដំបូងរបស់គាត់នៅឆ្នាំ ១៩៩៧។

ខារ៉ាកឺ ជាកីឡាករស្ថិតក្នុងលំដាប់លេខរៀងទី២ នៅក្នុងតារាងរបស់ក្រុមបាល់ទាត់លីវើភូល ដែលមានវត្តមានច្រើន​ជាង​គេ បន្ទាប់ពីកីឡាករ អ៊ីយ៉ាន កាឡាកាណ (Ian Callaghan)។ គាត់ បានឈ្នះពានរង្វាន់កិត្តិយសជាច្រើន ក្នុងអាជីព​របស់​គាត់ ក្នុងនោះមានដូចជា ឆែមពាន លីក (Champions League) , យូហ្វា ខាប់ (UEFA Cup) និងអេហ្វអេ ខាប់ (FA Cup) ចំនួន២ដង។

គាត់បានប្រាប់ កាលពីថ្ងៃព្រហស្បតិទៀតថា គាត់មានបំណងចង់បន្តការលេងរបស់គាត់ ឲ្យ ចប់យុទ្ធនាការនៃរដូវ​កាល​នេះ។ គាត់បន្តថា ចំពោះអនាគតខ្ញុំក៏ពុំទាន់សំរេចច្បាស់លាស់នៅ ឡើយដែរ ប្រហែលជារង់ចាំឲ្យចប់រដូវកាលសិន។

កីឡាករខ្សែការពារកណ្តាលរបស់ក្រុមលីវើភូលរូបនេះ បានជំរាបទៀតថា «ខ្ញុំប្តេជ្ញាចិត្តពីពេល នេះរហូតដល់ចប់រដូវ​កាល​ថា នឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាងឲ្យល្អបំផុត សំរាប់ក្រុមបាល់ទាត់ លីវើភូល ដូចដែលខ្ញុំធ្លាប់បានធ្វើកន្លងមកក្នុងអាជីពរបស់ខ្ញុំ ចាប់តាំងពីខ្ញុំមានវ័យ ៩ឆ្នាំ។»

«មានអនុស្សាវរីយ៏ល្អៗ ជាច្រើនដែលខ្ញុំចង់ចែករំលែក និងអំណរអរគុណដល់ប្រិយមិត្តទាំងឡាយ ប៉ុន្តែឥឡូវជាពេល​មួយ ដែលក្រៀមក្រំសំរាប់ខ្ញុំ។ គោលដៅរបស់យើងទាំងអស់គ្នាគឺធ្វើ យ៉ាងណាអោយបញ្ចប់រដូវកាល ឲ្យទទួលបានចំណាត់​ថ្នាក់មួយដែលល្អបំផុតនៅក្នុងលីក និងព្យាយាមយកឈ្នះពានរង្វាន់ដែលសល់ចុងក្រោយ យូរ៉ូផា លីក (the Europa League) ឲ្យ បាន។»

មិត្តភក្តិរបស់ខារ៉ាកឺ ហើយជាអតីតមិត្តរួមក្រុមលីវើភូលជាមួយគ្នា គឺកីឡាករ មីឆ៊ែល អូវ៉ិន (Michael Owen) បានធ្វើការ​សន្និដ្ឋានថា ខ្សែការពារកណ្តាលរូបនេះ នៅមានទំរង់លេងល្អនៅ ឡើយក្នុងការប្រកួត។

កីឡាករអូវ៉ិន បានសរសេរបង្ហាញពីចំណាប់អារម្មណ៏នៅលើបណ្តាញសង្គមធ្វីតថឺ (Twitter) ថា «ពិតជារឿងដ៏កម្រមួយ ខ្ញុំពិតជាមាននិស្ស័យដែលបានលេងជាមួយគាត់ ស្ថិតក្នុងបន្ទប់តែ មួយ ហើយជាមិត្តដ៏ជិតស្និតបំផុត​ជាមួយវីរបុរស​បាល់​ទាត់រូបនេះ។ ខ្ញុំមានការសង្ស័យនៅ ឡើយ នៅពេលបានលឺថា នេះជាពេលចុងក្រោយសំរាប់រូបគាត់។ គាត់បានប្តូរផ្តាច់​យ៉ាងខ្លាំង ក្នុងការប្រកួតជាច្រើនរបស់គាត់កន្លងមក!»

អតីតមិត្តរួមក្រុមម្នាក់ទៀត គឺលោក រ៉ូបី ហ្វាវឡឺ (Robbie Fowler) ក៏បានបង្ហាញពីអារម្មណ៏ផ្ទាល់ របស់លោកនៅលើ​បណ្តាញសង្គមទ្វីសធើផងដែរថា «ពិតជាសោកស្តាយ នៅពេលដែលទទួល បានពត៌មានពីខារ៉ាកឺ (...) សំដីរបស់គាត់​ដែលបានថ្លែងពីការចូលនិវត្តគឺ បានបង្ហាញពីភាពជា បុរសពិត (...) និងជាក់ស្តែងជាវីរបុរសបាល់ទាត់មួយរូប។»

ខារ៉ាកឺមានដើមកំណើតនៅបូថល (Bootle), មឺសីសាយ (Merseyside) នៃប្រទេសអង់គ្លេសបាន ចុះកុងត្រា​ជាផ្លូវការ​ក្នុង​អាជីពរបស់គាត់ជាមួយនឹងក្រុមលីវើភូល ចាប់តាំងពីឆ្នាំ ១៩៩៦ មក។ គាត់ជាអតីតកីឡាករ​ដែលតំណាងឲ្យ​ក្រុម​ជំរើស​ជាតិអង់គ្លេសក្រោមអាយុ ២០ឆ្នាំ, ក្រោម អាយុ ២១ឆ្នាំ និងក្រុមជំរើសជាតិឈុតធំ ដែលមានវត្តមានសរុបចំនួន ៣៨​ប្រកួត។

កីឡាកររូបនេះបានប្រកាសចូលនិវត្តពីក្រុមជំរើសជាតិអង់គ្លេស នៅឆ្នាំ២០០៧ តែក្រោយមក មានការកោះហៅ​ឲ្យ​ជួយ​ដល់ក្រុមជំរើសជាតិម្តងទៀតនៅឆ្នាំ ២០១០ពីសំណាក់លោក ហ្វាបីអូ កាពែឡូ (Fabio Capello) ដែលជាអតីតគ្រូ​បង្វឹក​ក្រុមជំរើសជាតិអង់គ្លេស ក្នុងយុទ្ធនាការ បាល់ ទាត់ពភពលោក ២០១០ នៅអាហ្វ្រិកខាងត្បូង។

ភាពជោគជ័យបំផុតក្នុងក្រុមលីវើភូលរបស់គាត់គឺ ការឈ្នះជើងឯក លីក ខាប់ (League Cup), អេហ្វអេ ខាប់ និង យូហ្វា ខាប់ (UEFA Cup) នៅឆ្នាំ២០០១។ បន្ទាប់មកការទទួលបានជើងឯង កំពូលរបស់អ៊ឺរ៉ុប (Champions League) នៅឆ្នាំ ២០០៥ ធ្វើឲ្យក្រុមលីវើភូលអាចដណ្តើមពាននេះ បានចំនួន ៥លើក ដែលគ្មានក្រុមណាមួយ​របស់អង់គ្លេស​អាច​បំបែក​ឯកត្តកម្មបាន។

ខារ៉ាកឺក៏បានទទួល ការសរសើពីសំណាក់កីឡាកររបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) គឺកីឡាករ រីយ៉ូ ហ្វឺឌីណាន់ (Rio Ferdinand) ដែលជាកីឡាករខ្សែការពារ កណ្តាលរបស់ក្រុមជំរើសជាតិអង់គ្លេសដូចគ្នា។

ហ្វឺឌីណាន់បានសរសេរក្នុងធ្វីតថឺថា «ចេមី ខារ៉ាកឺ ជាកីឡាករដ៏អស្ចារ្យរបស់ក្រុមលីវើភូល ជាកំពូលកីឡាករ! ចេះកំប្លែង​លេង កាលនៅក្មេងៗ! តែឥឡូវគាត់ជិតក្លាយជាអ្នកចាត់ការ ហើយ។»

អតីតខ្សែប្រយុទ្ធរបស់ក្រុមជំរើសជាតិអង់គ្លេស លោក ការី លីនខឺ (Gary Lineker) ដែលសព្វថ្ងៃ ជាអគ្គនាយក​នៃ​ទូរទស្សន៏មួយ បានបង្ហាញពីអារម្មណ៏របស់គាត់ នៅលើបណ្តាញសង្គមធ្វីតថឺ ថា «ចេមី ខារ៉ាកឺ នឹងព្យួរស្បែក​ជើង​របស់​គាត់ នៅពេលចប់រដូវកាល។ ស្បែកជើងនោះនឹងត្រូវ បានយកមកពាក់ដោយកីឡាករម្នាក់ ដែលនឹងមានការគោរព និង​ស្ងប់ស្ងែងពីសំណាក់ កីឡាករដទៃៗទៀតនៅក្នុងការប្រកួត»៕

-------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ AFP
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments