«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

សូមជូនភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» ទាំងស្រុង និយាយជាភាសាខ្មែរ និងមាន​ដាក់​ចំណង​ជើងពន្យល់​ ជា​ភាសា​អង់គ្លេស។ ខ្សែភាពយន្ដនេះ បង្ហាញអំពីការប្រឹងប្រែង របស់​អតីត​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ រហូតលោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់។
ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍។
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន (info@monoroom.info) - បារីស ថ្ងៃទី២៦ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 26, 2016
  • ប្រធានបទ: ឯកសារ
  • អាន និងបញ្ចេញយោបល់

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។


សាកសពលោកឈុត វុទ្ធី ដែលត្រូវគេលើកដាក់ពីរថយន្ដ។ រូបថត ភ្នំពេញប៉ុស្ដ៍។

ភ្លាមៗនោះ របាយការណ៍ស៊ើបអង្កេតដំបូង របស់កងរាជអាវុធហត្ថ បាននិយាយថា លោកឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់ ដោយលោក អ៊ិន រតនា ហើយបន្ទាប់មក លោកអ៊ិន រតនានេះ បាន«បាញ់សម្លាប់ខ្លួន»ឯង។ គូរ​បញ្ជាក់ថា លោកអ៊ិន រតនា (ជនសង្ស័យថាបានសម្លាប់លោក ឈុត វុទ្ធី) ទទួលគ្រាប់កាំភ្លើងដល់ទៅពីរគ្រាប់ ខុសកន្លែងគ្នា ដែលមិនអាចអោយគេ សន្និដ្ឋានថា នេះជាការសម្លាប់ខ្លួននោះទេ។ អ្នកតាមដាន​ស្ថានការណ៍​នៅ​ពេលនោះ បានរិះគន់របាយការណ៍នោះ ថាជាការរៀបចំឆាកល្ខោនមួយឡើង ក្នុងបំណងលប់​បំបាត់​សំនុំ​រឿង​នេះ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយបង្កើត​គណកម្មាធិការ​ចំរុះ​មួយ ដើម្បី​ធ្វើការ​ស៊ើប អង្កេតជាថ្មី លើសំនុំរឿង។ របាយការណ៍ស៊ើបអង្កេត របស់គណកម្មាធិការចំរុះ បាន​ចេញ​​មក​​មិន​ខុស​ពី​របាយការណ៍ ស៊ើបអង្កេតដំបូងប៉ុន្មានទេ តែបានរកឃើញបន្ថែមថា លោកអ៊ិន រតនា ត្រូវ​បាន​​បាញ់​​សម្លាប់​​«ដោយ​​រាកៃ» ដោយមន្ត្រីអ្នកការពារសន្ដិសុខម្នាក់ អោយក្រុមហ៊ុនឈើនៅទីនោះ គឺលោក រ៉ាន់ បូរត្ន័ ខណៈ​មន្ត្រី​រូបនេះ បានចូលទៅឃាត់លោកអ៊ិន រតនា មិនអោយបាញ់តទៅទៀត។

ក្រោយពេលប្រកាស​របាយការណ៍នោះបន្ដិច គឺនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលា​ការ​ខេត្ត​កោះ​កុង បាន​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​លោក រ៉ាន់ ប៊ូ​រ័ត្ន នេះ ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​អចេតនា និង​សម្រេច​មិន​ចាត់ការ ទៅលើឃាតកម្មនៃលោក ឈុត វុទ្ធី ឡើយ។ ដូច្នេះដំណើររឿង និងមូលហេតុ ដែលឈានទៅដល់ ការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន នឹងត្រូវស្ថិតនៅជាអាថ៌កំបាំងរហូត។

ហើយការមិនសម្រច​មិន​ចាត់ការ​ លើ​សំនុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នេះ បានធ្វើអោយ​ក្រុម​គ្រួសារ​របស់​លោក មិនមានអារម្មណ៍ស្ងប់នោះ ឡើយ។ លោកឆឺយ ឧត្តមរស្មី ជាកូនប្រុសលោកឈុត វុទ្ធី បាន​និយាយ​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «ខ្ញុំ​មាន​ការសោកស្តាយមែនទែន ដែល​ឪពុក​របស់ខ្ញុំ ជា​មនុស្ស​ម្នាក់​ដែលស្រលាញ់ធនធានធម្មជាតិ ការពារ​ប្រយាជន៍​ជាតិ ហើយត្រូវបានគេ​បាញ់​សម្លាប់​ដូច្នេះ តុលាការបែរ ជាមិនរកយុត្តិធម៌ ឲ្យថែមទាំង​បិទ​សំណុំ​រឿង​នោះ​ចោល​ទៅវិញ។» លោកចង់ដឹងថា អ្នកណា​ជា​​ឃាតករ សំលាប់​ឪពុក​របស់​លោកពិតប្រាកដ ព្រោះ​លោក​មិន​ជឿ​ថា អ៊ិន រតនា ជាអ្នក​សំលាប់​ឪពុក​របស់​លោក​នោះ​ទេ។

ឯអ្នកស្រី សំ ចន្ធី ភរិយាលោក ឈុត វុទ្ធី បានសំណូមពរសូមឲ្យប្រព័ន្ធតុលាការ ផ្តល់​នូវ​ភាព​យុត្តិធម៌​ដល់​ប្តី​អ្នកស្រី​។ បើទោះជាស្ថិត​នៅក្នុងភាពអស់សង្ឃឹម តែអ្នកស្រីនៅតែបង្ហាញ​នូវភាពជឿជាក់ថា៖ «ភាព​យុត្តិធម៌​ត្រូវ​តែ​មាន កុំឲ្យប្តីខ្ញុំស្លាប់ទៅដោយ ពុំដឹងមូលហេតុបែបនះ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់