ប្រធានាធិបតី​ភូមា​ថ្មី លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​នយោបាយ ៨៣នាក់

ក្រុមសង្គមស៊ីវិល ដែលធ្វើការជាមួយ​នឹងអ្នកជាប់ឃុំ បានថ្លែងឲ្យដឹងថា ប្រធានាធិបតីថ្មី នៃ​ប្រទេស​ភូមា លោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) បានលើកលែងទោស ឲ្យអ្នកទោសនយោបាយ ចំនួន៨៣នាក់ នៅ​ក្នុង​ឱកាស​នៃ​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ។
ប្រធានាធិបតី​ភូមា​ថ្មី លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​នយោបាយ ៨៣នាក់
លោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) ប្រធានាធិបតីថ្មី របស់ប្រទេសភូមា និងអ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ជ័យលាភី ណូបែលសន្តិភាព។ (រូបថត AP)

ជាសេចក្ដីសម្រេចចិត្តលើកដំបូង ដែលមានលក្ខណៈនយោបាយ តាំងពីលោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) បាន​ស្បថឡើងកាន់តំណែង ជាប្រធានាធិបតី កាលពីខែមីនាកន្លងមក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែល​ត្រូវ​បាន​ផ្សាយ នៅលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា លោកប្រធានាធិបតី បានប្រកាស​ពីការ​ដោះលែង​អ្នក​ទោស ចំនួន​៨៣នាក់។

សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ការដោះលែងមានគោលបំណង ផ្ដល់ទៅឲ្យ«ពលរដ្ឋទាំងអស់គ្នា នូវ​អារម្មណ៍សុខសន្តិភាព សុភមង្គល» និងជាពិសេសដើម្បី «លើកស្ទួយការបម្រួបបម្រួមជាតិ»។

នៅសល់រាប់សិបនាក់ទៀត...

បើតាមអ្នកទទួលខុសត្រូវពន្ធនាគារមួយរូប ដែលថ្លែងក្នុលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅក្នុង​ចំណោមអ្នកទោសទាំងនោះ  ដែលនឹងត្រូវលើកលែងទោសនោះ មានអ្នកសារព័ត៌មានបួននាក់ និង​មេដឹកនាំ​ស្ថាប័នព័ត៌មានម្នាក់ នឹងត្រូវទទួលបានការលើកលែងទោសដែរ។ អ្នកទាំងប្រាំត្រូវបានផ្តន្ទាទោស កាល​ពី​ឆ្នាំ​២០១៤កន្លងមក ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ១០ឆ្នាំ ព្រោះពួកគេបានសរសេរអត្ថបទ ពីរោងចក្រមួយ ដែល​សង្ស័យ​ថា​មាន​អាវុធគីមី។

យ៉ាងណាក៏ដោយ ការលើកលែងទោសនេះ អាចជាជំហានទីមួយ ដោយសារតែនៅសល់​អ្នកទោស​នយោបាយ រាប់សិបនាក់ទៀត កំពុងជាប់ឃុំនៅឡើយ។ ហើយនេះ គេនៅមិនទាន់និយាយដល់ មនុស្ស​រាប់​រយ​នាក់​ទៀត ដែលកំពុងរងបណ្ដឹងទៅកាន់តុលាការ ក្រោយការចោទប្រកាន់ របស់អាជ្ញាធរដែលគ្រប់គ្រង ដោយ​រដ្ឋាភិបាល​មុននោះផង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់