បារីស ជាប់​ជា​ជើង​ឯក​មុន​ចប់​រដូវ​កាល បន្ទាប់​ពី​បំបាក់ ត្រ័រ ៩-០

ក្រុមបាល់ទាត់របស់រដ្ឋធានីប៉ារីស ឈ្មោះ ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint Germain) បានសម្រេច​ជា​ស្ថាពរ ការដណ្ដើមយកជា«ជើងឯក» មុនចប់រដូវកាល នៅក្នុងការប្រកួតបូកពិន្ទុ «Ligue 1» ដែលជា​ក្របខណ្ឌ​បាល់ទាត់​អាជីព ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ នៅក្នុងប្រទេសបារាំង។ តែមុននឹងក្លាយ​ជាជើង​ឯក នៅថ្ងៃអាទិត្យនេះ គឺ​ក្រុម​បាល់ទាត់ ប៉ារីស បានធ្វើដំណើរ ទៅប្រកួតទៅក្នុងក្រុង ត្រ័រ (Troyes) ហើយ​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ រហូត​បាន​ដល់​ទៅ៩​គ្រាប់។
បារីស ជាប់​ជា​ជើង​ឯក​មុន​ចប់​រដូវ​កាល បន្ទាប់​ពី​បំបាក់ ត្រ័រ ៩-០
ការសប្បាយរីករាយ របស់កីឡាករនៅក្នុងបន្ទប់ផ្លាស់ខោអាវ។ (រូបថត PSG)
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 15, 2016
  • ប្រធានបទ: បាល់ទាត់
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីបង្ក្រាបក្រុម ឆែលស៊ី (Chelsea) ដើម្បីឡើងទៅប្រកួត នៅវគ្គ១/៤ នៃពានរង្វាន់ខ្នាតអ៊ឺរ៉ុប «Champions League» កាលពីដើមសប្ដាហ៍មុនរួច នៅរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ម្សិលម៉ិញនេះ ក្រុមប៉ារីស​ស៊ាំង​ហ្សែរម៉ាំង (Paris Saint Germain) ដែលជាក្រុម ប្រចាំឲ្យ​រដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ បាន​ទទួល​បាន«ជើងឯក» នៃរដូវកាល២០១៥-២០១៦ រួចជាស្រេច។ ការដណ្ដើមយកតំណែង ជាជើង​ឯក​នេះ ស្ថិត​ក្នុង​ក្របខណ្ឌ​បាល់ទាត់អាជីព នៃការប្រកួតសន្សំពិន្ទុ សម្រាប់ពេញមួយរដូវកាល ដែលមានឈ្មោះថា «Ligue1» (ស្មើនឹង Premier Peague របស់អង់គ្លេស ឬ Liga របស់អេស្ប៉ាញ)។

ការប្រកួត នៅក្នុង «Ligue1» ទាំងមូលមាន៣៨ប្រកួត។ ប៉ុន្តែក្រុមប៉ារីស បានទទួលបានតំណែង ជាជើងឯក តាំងពីការប្រកួតទី៣០ រួចទៅហើយ។ ហេតុអ្វី? ព្រោះដោយសារក្រុមនេះ តែងទទួលបានជ័យជំនះ សឹងជា​រៀង​រាល់ការប្រកួត (ចាញ់តែម្ដងគត់ គឺការប្រកួតជាមួយក្រុម លីយ៉ុង "Lyon" កាលពីថ្ងៃទី២៨ ខែកុម្ភៈ​កន្លង​មក)។ មកដល់ពេលថ្ងៃនេះ ក្រុមប៉ារីស មានពិន្ទុ ៧៧ លើសក្រុម ម៉ូណាកូ (Monaco) ដែលស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ ដល់ទៅ២៥ពិន្ទុ ហើយដែលគ្មានក្រុមណា អាចតាមទាន់ បើគិតទៅលើការប្រកួត ដែលនៅសល់​តែ៨​ទៀតនោះ។

ចំណុចដែលក្រុមប៉ារីស បានសម្ដែងឲ្យគេឯងឃើញ ពីមហិទ្ធិរិទ្ធិនៃថ្វីជើងដ៏ខ្លាំងក្លា របស់កីឡាករល្បីៗ ដ៏​ចំណានៗ​របស់ខ្លួននោះ គឺក្រុមប្រចាំរដ្ឋធានីបារាំង បានបំបាក់ក្រុម ត្រ័រ ដែលជាក្រុមម្ចាស់ផ្ទះ (ក្នុងក្រុង Troyes ស្ថិតក្នុងភាគខាងកើតបារាំង) ក្នុងការជួបប្រកួតលើកទី៣០នេះ ដោយពិន្ទុ ៩ ទល់នឹង ០។ គ្រាប់​បាល់​ទាំង​៩នេះ មានបួនគ្រាប់ ជាថ្វីជើងដ៏ខ្លាំងក្លា របស់កីឡាករអន្តរជាតិ មកពីប្រទេសស៊ុយអែតឈ្មោះ «Zlatan Ibrahimovic» ដែលពិតជាកម្រណាស់ នៅក្នុងក្របខណ្ឌនានា ក្នុងទ្វីបអ៊ឺរ៉ុប (កីឡាករ "Cristiano Ronaldo" របស់ក្រុមរៀល ក្នុងប្រទេសអេស្ប៉ាញ ក៏រកបានបួនគ្រាប់ដែរ កាលពីសប្ដាហ៍កន្លងទៅ)។

ការដណ្ដើមបានជាជើងឯក នៅក្នុងក្របខណ្ឌ «Ligue1» មានភាពជោគជ័យ៤លើកជាប់ៗគ្នា សម្រាប់​ក្រុម​ប៉ារីស រាប់ចាប់តាំងពីក្រុមហ៊ុន «Qtar Sports Investments» របស់ប្រទេសកាតា បានទិញក្រុម​បាល់​ទាត់​នេះ កាលពីឆ្នាំ២០១១កន្លងមក។ តែបើគិតពីមុនឆ្នាំ២០១១ផង ក្រុមប៉ារីសដណ្ដើម បានភាពជាជើង​ឯក​នេះ ៦ដង។ គេត្រូវទន្ទឹងចាំមើលបន្តិចទៀត ដើម្បីដឹងថា តើឆ្នាំនេះ ក្រុមប៉ារីសអាចមានលទ្ធភាព នឹងក្លាយជាជើងឯក ដើម្បី​លើកពាន «Champions League» របស់អ៊ឺរ៉ុប បានឬយ៉ាងណា។ ពាន «Champions League» ដែល​ក្រុម​ប៉ារីស​ខ្លួនឯង តែងសុបិន្ដចង់បានតាំងពីយូរមកហើយ៕

» សង្ខេបការប្រកួតលើកទី៣០ឡើងវិញ រវាងក្រុមប៉ារីស ដែលជាភ្ញៀវ និងក្រុមត្រ័រ ដែលជាម្ចាស់ផ្ទះ៖

-----------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់