ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ

កុមារអាយុរវាងពី៨ ទៅ១៥ឆ្នាំ ចំនួន១២នាក់ បានស្លាប់នៅក្នុងប្រទេស ប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់ពីកុមារទាំងនោះ ត្រូវបានសត្វប្រចៀវ​«ជញ្ជក់​ឈាម»ខាំ។ អ្នកស្រាវជ្រាវ បានឲ្យដឹងថា ប្រចៀវ​ទាំង​នោះ ជា​អ្នក​ពាំនាំ​មេរោគ «ឆ្កួត»​ដ៏ប្រល័យមួយប្រភេទ មកឲ្យកុមារ។
ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ
សត្វប្រចៀវ«ជញ្ជក់ឈាម» ដែលកំពុងជញ្ជក់ឈាម ដើម្បីចិញ្ចឹមជីវិត។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១២ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 13, 2016
  • ប្រធានបទ: សុខភាព
  • អាន និងបញ្ចេញយោបល់

ការប្រកាសអាសន្ន ផ្នែកសុខាភិបាលមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ «Loreto» ចំងាយប្រមាណ​ជា​១១០០​គីឡូម៉ែត្រ ពីរដ្ឋធានី លីម៉ា (Lima) នៃប្រទេសប៉េរូ ក្បែនឹងព្រំដែន ជាមួយប្រទេស អេក្វាទ័រ ដែលស្ថិត​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង។ សេចក្ដីប្រកាសអាសន្ននោះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ​ដាក់ពង្រាយ នូវការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ រាប់តាំងបុគ្គលិក និងសម្ភារៈ ដើម្បីទប់ស្កាត់នូវការចម្លងមេរោគដ៏ប្រល័យមួយ ដែលពាំនាំមក​ឲ្យ​មនុស្ស ដោយ​ហ្វូង​សត្វ​ប្រចៀវ «ជញ្ជក់ឈាម»។ នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីសុខាភិបាល​របស់​ប្រទេស​ប៉េរូ លោក អានីបាល់ វ៉េឡាស្កេស៍ (Anibal Velasquez) នៅតាមកញ្ចាក់ទូរទស្សន៍។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ប្រធានការិយាល័យសុខភាព ប្រចាំតំបន់ខាងលើ លោក ហែម៉ាន់ ស៊ីលវ៉ា (Hermann Silva) បានថ្លែងឲ្យដឹងថា៖ «ដោយយោងទៅលើអាការៈរោគ និងរបាយ​ការណ៍ វេជ្ជសាស្ត្រ បានឲ្យដឹងថា កុមារទាំងពីរនាក់ ដែលរស់នៅក្នុងសហគមន៍ចំនួនពីរ បានស្លាប់​ដោយ​សារ​​មេរោគ​ម្យ៉ាង ដែលចូលទៅបង្កភាពវង្វេង ឬឆ្កួតលីលា នៅក្នុងខួរក្បាល»។ លោកនិយបាយថា ជនរងគ្រោះ​ទាំងនោះ ត្រូវ​បាន​ខាំ​ដោយសត្វប្រជៀវ«ជញ្ជក់ឈាម» (ប្រចៀវប្រភេទនេះ ជញ្ជក់ឈាម មនុស្ស-សត្វ ដើម្បី​ចិញ្ចឹម​ជីវិត - Editor's Note) ដែលរស់នៅយ៉ាងច្រើន នៅក្នុងតំបន់នោះ។

អំពើអាបធ្មប់...

បើតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា កុមារទាំងនោះ ដែលមានអាយុរវាង ពី៨ ទៅ១៥ឆ្នាំ បានស្លាប់​ជា​បន្ត​បន្ទាប់ រាប់តាំងពីខែកញ្ញា ឆ្នាំទៅម៉ិញ រហូតមកទល់នឹងខែកុម្ភៈ ឆ្នាំនេះ។ កុមារដែលស្លាប់ក្រោយគេ គឺនៅ​ថ្ងៃ​ពុធ ទី១០ ខែកុម្ភៈ កន្លងមក។ នៅវេលានេះ កុមារម្នាក់អាយុ៩ឆ្នាំ និងស្ត្រីម្នាក់ទៀត អាយុ២២ឆ្នាំ កំពុងស្ថិតក្នុង​ការ​ព្យាបាល​នៅឡើយ និងអាចព្យាបាលបាន។

បន្ទាប់ពីធ្វើដំណើរ ទៅកាន់តំបន់ដែលរងគ្រោះនោះរួច លោក ហែម៉ាន់ ស៊ីលវ៉ា បានរៀបរាប់បន្តថា៖ «យើង​បាន​ជួប​ជាមួយ នឹងប្រជាសហគមន៍ "Apus" នៅក្នុងតំបន់ ហើយអ្នកស្រុកគិតថា កុមារទាំងនេះស្លាប់ ដោយសារ​អំពើ​អាប​ធ្មប់។ អញ្ចឹងហើយ ទើបពួកគេបានរាយការណ៍ ប្រាប់យើងពីអាការៈនៃជំងឺនេះ ជាបន្ទាន់។»

ក្រសួងសុខាភិបាល របស់ប្រទេសប៉េរូ បានបញ្ជូនបុគ្គលិក​ផ្នែកសុខភាព​ជាច្រើននាក់ និងថ្នាំវ៉ាក់សាំង ចំនួន២០ ០០០ ដូស (Dose) ដើម្បីទៅធ្វើការការពារអ្នកស្រុក ដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល ពីជំងឺដ៏ប្រល័យ។ ក្រុម​អ្នកជួយសង្គ្រោះ និងសម្ភារៈថ្នាំសង្កូវទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ទីនោះ តាមរយៈផ្លូវទឹក និងតាម​ឧទ្ធម្ភាគចក្រ។

ជំងឺ«ឆ្កួតវង្វេងវង្វាន់» (ខ្មែរយើងស្គាល់ថា ជាជំងឺ"ឆ្កែឆ្កួត) បានសម្លាប់មនុស្ស ប្រមាណជា ៥៥០០០នាក់ នៅ​ក្នុង​ពិភពលោក។ នៅក្នុងចំណោមជនរងគ្រោះ ទាំងនោះ ភាគច្រើនត្រូវបានចម្លង មកអ្នកជំងឺ តាមយៈឆ្កែខាំ។ នេះ​បើ​តាម​របាយ​ការណ៍មួយ របស់វិទ្យាស្ថានប៉ាស្ទ័រ នៃប្រទេសបារាំង៕

» វីដេអូដែលទាក់ទង ដើម្បីស្វែងយល់ពីសត្វប្រចៀវ «ជញ្ជក់ឈាម»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់