ISIS ផ្សាយ​វីដេអូ​ថ្មី «សម្លាប់​ពួក​វា​ទាំង​អស់ នៅ​ទីណា​ដែល​អ្នក​ជួប»

វីដេអូឃោសនាថ្មី របស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានចំណងជើងថា «សម្លាប់ពួកវាទាំងអស់ នៅទីណាដែលអ្នកឯងជួប» ត្រូវ​បាន​បញ្ចេញ​មក​ផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យនេះ។ វីដេអូ ដែលមានរយៈពេល១៧នាទី បានបង្ហាញជាថ្មី នូវ​ការ​ប្រហារ​ជីវិត និងការកាត់កចំណាប់ខ្មាំង ដោយភ្ជាប់ជាមួយនឹងភេរវកម្ម នៅរដ្ឋធានីប៉ារីស កាល​ពីថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​កន្លង​មក។
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មករា ២០១៦
  • កែប្រែចុងក្រោយ: January 26, 2016
  • ប្រធានបទ: ភេរវកម្ម
  • អាន និងបញ្ចេញយោបល់

អង្គការភេរវកម្ម នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) បានផ្សាយជាផ្លូវការ នូវវីដេអូថ្មីមួយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ដែលមានរយៈពេល១៧នាទី ព្រមាន​បណ្ដាប្រទេសសម្ព័ន្ធមិត្ត ក្នុងការវាយប្រហារទៅលើក្រុមខ្លួន នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ ដោយ​លើក​យក ការវាយប្រហារភេរវកម្ម កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក មកធ្វើជាឈុតឆាក កាត់​ត​ដើម្បីធ្វើអត្ថាធិប្បាយ។

ផ្សាយចេញ ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានឈ្មោះជាផ្លូវការថា «Al-Hayat media center»វីដេអូលើកនេះនៅតែបានបង្ហាញ ពីឈុតឆាកមួយចំនួន ដែលមានលក្ខណៈ​សាហាវ​ឃោឃៅ  នៃការកាត់កដោយកាំបិត និងការប្រហារជីវិត ដោយបាញ់សម្លាប់ ទៅលើមនុស្សច្រើននាក់ ដែល​ទំនង​ជាចំណាប់ខ្មាំង របស់ក្រុមរដ្ឋអ៊ីស្លាម។

«យុទ្ធជនរាជសី»ទាំង៩...

មានចំណងជើងថា «សម្លាប់ពួកវាទាំងអស់ នៅទីណាដែលអ្នកបានជួប» វីដេអូបាននិយាយ​ ពីជនស្ម័គ្រ​ប្រយុទ្ធ ទាំង៩នាក់ មានបួននាក់ជាជនជាតិប៊ែលហ្សិក ៣នាក់ជាជនជាតិបារាំង និង២នាក់ជាជនជាតិអៀរ៉ាក់ ដែល​សុទ្ធសឹង​ជាអ្នកធ្វើការវាយប្រហារ នៅក្នុងភេរវកម្មកណ្ដាលរដ្ឋធានី កាលពីខែវិច្ឆិកា ដែលធ្វើឲ្យ​មនុស្ស​១៣០នាក់​ស្លាប់ និងច្រើនរយនាក់របួស។ ជនទាំង៩នាក់ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម ចាត់ទុកនៅក្នុងវីដេអូ ថាជា​«យុទ្ធជន​​រាជសី» ដែល​បាន​ដាក់​ប្រទេសបារាំង ឲ្យ«លុតជង្គង់»។

អ្នកធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូ ជាភាសាអារ៉ាប់ និងភាសាបារាំង បានថ្លែងយ៉ាងមុតមាំនូវសារព្រមាន របស់​ក្រុមរបស់ខ្លួន សំដៅទៅគ្រប់ប្រទេសទាំងអស់ ដែលចូលរួមក្នុងយុទ្ធនាការសិក ដឹកនាំដោយសហរដ្ឋ​អាមេរិក ដើម្បីវាយលុយកំទេច​ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ​២០១៤។

នៅក្នុងវីដេអូ គេបានឃើញមានរូបភាព (រូបខាងលើ) របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាមឺរូន (David Cameron) ដោយអមដោយឃ្លាមួយ ជាភាសាអង់គ្លេស មានន័យថា៖ «នរណាក៏ដោយ ដែល​ស្ថិតនៅ​ជា​មួយ​ពួក"ឈើឆ្កាង" នឹងក្លាយជាទិសដៅ នៃចុងដាវរបស់យើង»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់