លួច​រថយន្ដ​របស់​ម្ដាយ ដោយ​ទាំង​កូន​ស្រី​តូច​ម្នាក់​ទៅ​ជា​មួយ

កុមារីតូចមួយរូប ដែលមានអាយុទើបតែបាន៣ឆ្នាំ បានបាត់ខ្លួនបង្កការភ័យភិតមិនតិច ដល់​ស្ត្រី​ជា​ម្ដាយ បន្ទាប់​ពី​រថយន្ដ​របស់​ម្ដាយរូបនោះ ត្រូវបានចោរលួចទៅ ដោយទាំងកូនស្រីម្នាក់នេះ ដែល​អង្គុយ​ម្នាក់​ឯង​ក្នុង​រថយន្ដ ទៅ​ជា​មួយ​ផង។ ជាសំណាងល្អ កុមារីត្រូវបានរកឃើញមកវិញ នៅ​ក្រោយ​ពេលនាងតូច ត្រូវបានចោរ​បោះបង់ចោល នៅកណ្ដាល​ចំណត​រថយន្ដ​មួយ ទាំង​យប់​ងងឹត​សូន្យ ក្រោមសីតុណ្ហភាពត្រជាក់ ស្រៀវដល់ឆ្អឹង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មករា ២០១៦
  • កែប្រែចុងក្រោយ: January 17, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវបានរកឃើញ ទាំងកណ្ដាលយប់ នៅកណ្ដាលចំណតរថយន្ដ​ហាលវាលមួយ ដែលមានអាកាសធាតុ ចុះត្រជាក់ស្រៀវដល់ឆ្អឹង។ នាងតូច ដែលមានឈ្មោះ «Caraline Leon-Alcocar» បាន​បាត់​ខ្លួន​ប្រមាណជិត៤ម៉ោង បន្ទាប់ពីនាងបាននៅក្នុងរថយន្ដតែម្នាក់ឯង ហើយរថយន្ដរបស់​ម្ដាយ​នាង​នេះ ត្រូវ​បាន​ចោរម្នាក់លួចបើកចេញទៅ យ៉ាងប្រញាប់ប្រញាល ទាំងមិនមើលថា មានកុមារីតូចម្នាក់ អង្គុយ​នៅ​ខាង​ក្រោយ។

ហេតុការណ៍ បានកើតឡើងនៅក្នុងក្រុង «Albuquerque» នៃរដ្ឋ«New Mexico» ភាគខាងត្បូង​សហរដ្ឋ​អាមេរិក កាលពីដើមខែមករា កន្លងមកនេះ ហើយត្រូវបានស្ថានីយទូរទស្សន៍ «CBS News» របស់​អាមេរិក យកមកធ្វើសេចក្ដីរាយការណ៍លំអិត នៅប៉ុន្មានថ្ងៃក្រោយមក។ ស្ថានីយ៍ទូរទស្សន៍បានឲ្យដឹងថា នៅ​មុន​ហេតុការណ៍​នេះកើតឡើង ម្ដាយរបស់នាងតូច បានចុះចេញពីរថយន្ដ តែប៉ុន្មានជំហ៊ានប៉ុណ្ណោះ។ តែ​នៅ​ពេល​អ្នកស្រី​ដឹង​ថា ចោរបានលួចរថយន្ដ និងបើកចេញទៅនោះ អ្នកស្រីមិនអាចធ្វើអ្វីផ្សេងបាន ក្រៅ​តែ​ពី​រត់​តាម​រថយន្ដ និងស្រែកថា មានកូនស្រីតូចម្នាក់ របស់អ្នកស្រីនៅក្នុងនោះប៉ុណ្ណោះ។

បន្ទាប់ពីបានដឹងរឿងនេះភ្លាមៗ ក្រុមនគរបាល និងក្រុមអ្នកឈឺឆ្អាលជាង១០នាក់ បានបើកយុទ្ធនាការ​តាម​ស្វែងរក ទាំងកណ្ដាលយប់ថ្ងៃសៅរ៍ ហើយនៅបន្តិចក្រោយមក ពួកគេបានរកឃើញ រថយន្ដរបស់​ស្ត្រី​ជា​ម្ដាយ​ចតចោល នៅលើចំណតយានយន្ដមួយ។ តែបញ្ហា... នៅត្រង់ថា ពួកគេមិនបានរកឃើញកុមារី អាយុ៣ឆ្នាំ នៅ​ក្នុង​នោះ​ទេ។ ការសង្ស័យនៅពេលនេះ មិនមែនមានត្រឹមតែ ជាករណី​លួចរថយន្ដធម្មតាទេ តែគឺជាករណី​«ចាប់​ក្មេង»​តែម្ដង។  ជាការសង្ស័យ ដែលជំរុញឲ្យក្រុមនគរបាល បង្កើនការរុករកទ្វេដងបន្ថែមទៀត។

រហូតលុះត្រាដល់ម៉ោង១ទៀបភ្លឺ (ព្រឹកថ្ងៃអាទិត្យ) ទើបគេប្រទះឃើញ​កុមារី «Caraline» នៅកណ្ដាល​ចំណត​រថយន្ដ​ហាលវាល នៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។ នាងតូចកំពុងអង្គុយផ្ទាល់ដី ក្នុងសភាព​ងងឹត​ឈឹង ជា​មួយ​នឹង​អាកាសធាតុត្រជាក់ញ័រមាត់។ នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានសារព័ត៌មាន​ជា​ច្រើន យក​មក​ចុះ​ផ្សាយ គេ​បាន​ស្ដាប់​ឮ​កុមារីស្រែកតិចៗថា៖ «ខ្ញុំរងាណាស់ៗៗ»។

កុមារីមិនមានរបួសអ្វីទេ ហើយត្រូវបាននគរបាល យកទៅប្រគល់ឲ្យម្ដាយនាងវិញ នៅយប់ដដែលនោះ។ ចំពោះចោរ ដែលបានលួចរថយន្ដវិញ ក៏កំពុងត្រូវបាននគរបាល តាមប្រមាញ់យ៉ាងប្រកិតដែរ។ រូបភាពវីដេអូ​សុវត្ថិភាព នៅនឹងកន្លែងដែលចោរ បានលួចរថយន្ដចេញទៅ បានបង្ហាញពីជនល្មើស និងត្រូវបាន​នគរបាល​ដាក់​ផ្សាយ​​ជាព័ត៌មាន ដើម្បីឈានទៅចាប់ជននេះ មកផ្ដន្ទាទោស។ អ្នកនាំពាក្យនគរបាលក្រុង បាន​និយាយ​ថា ប្រសិនបើបុរសដៃដល់ ត្រូវបានឃាត់ខ្លួននោះ បុរសនេះនឹងមានទោស ពីបទ«ចោរកម្ម» បទ​«ចាប់​ពង្រត់ និង​ធ្វើ​ទារុណកម្ម​លើ​កុមារ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...