តារា​បង្ហាញ​ម៉ូដ​ស្វីស ស្រាត​ដើម្បី​ប្រឆាំង​ហិង្សា​លើ​ស្ត្រី

តារាបង្ហាញម៉ូដ និងជាសិល្បការិនីជាតិស្វីស នាង មីឡូ ម័រ៉េ (Milo Moiré) បានធ្វើបាតុកម្មកាលពី​ថ្ងៃ​សុក្រ​មុន នៅ​មុខ​ព្រះវិហារកាតូលីក កណ្ដាលក្រុងកូឡូញ (ប្រទេសអាល្លឺម៉ង់) ដើម្បីប្រឆាំងនឹងការចាប់រំលោភ ផ្នែក​ផ្លូវ​ភេ​ទ ដែល​បាន​កើត​ឡើង កាលពី​យប់​ថ្ងៃ​ចូលឆ្នាំសកល។ (EDTN៖ រូបភាពជាបន្តបន្ទាប់ មាន​ទិសដៅ​សម្រាប់​មនុស្ស​ដែលមាន​អាយុ​ពី១៦ឆ្នាំ​ឡើង​ទៅ​ទស្សនា។ ដូច្នេះ ហាមកុមារ​ដែលមានអាយុក្រោម១៦ឆ្នាំ ចូលអាន​អត្ថបទ​នេះ។)

«សូមគោរពយើងផង! យើងមិនមែនជាសត្វ ឲ្យកាប់សាច់ស៊ីនោះទេ បើទោះជាពេលយើងស្រាត ក៏ដោយ!» នេះ​ជាអ្វី ដែលសរសេរនៅលើបដា កាន់ជាប់នឹងដៃ របស់តារាបង្ហាញម៉ូដជាតិស្វីស នាង មីឡូ ម័រ៉េ (Milo Moiré) ដោយលែងខ្លួនទទេ គ្មានសម្លៀកបំពាក់ ឈរនៅកណ្ដាលទីលាន មុខព្រះវិហារកាតូលីក នៃទីក្រុង​កូឡូញ ប្រទេសអាល្លឺម៉ង់។ សកម្មភាពរបស់នាង មីឡូ បានធ្វើឡើង ក្រោមក្រសែភ្នែករំពៃមើល នៃអ្នក​ដំណើរ ភ្នាក់ងារ​នគរបាល និងក្រោមចំណាប់អារម្មណ៍ នៃបណ្ដាអ្នកសារព័ត៌មានច្រើននាក់។

តារាបង្ហាញម៉ូដ និងជាសិល្បការិនី អាយុ៣២រូបនេះ តែងប្រើប្រាស់ការស្រាត បញ្ចេញភាពននលគោក​របស់​នាង នៅរាល់ការចូលរួម ឬការសម្ដែង នៅក្នុងផ្ទាំងទស្សនីយភាពណាក៏ដោយ របស់នាង។ កាលពីខែកក្កដា ឆ្នាំកន្លងទៅ នាងត្រូវបាននគរបាលបារាំង នៃរដ្ឋធានីប៉ារីស ចាប់ខ្លួនម្ដងដែរ ដោយសារនាងបានឈរ​ថត​រូប​ស្រាត ដោយខ្លួននាងផ្ទាល់ និងជាមួយអ្នកទេសចរណ៍ នៅលើទីលានត្រូកាដេរ៉ូ (Trocadéro) ជិតតួអេហ្វែល (Tour Effel)។

បុព្វហេតុរបស់សិល្បការិនី...

កាលពីយប់ឆ្លងបុណ្យចូលឆ្នាំថ្មី កន្លងទៅនេះ ស្ត្រីប្រមាណជាង១០នាក់ បានរងនូវការបៀតបៀនផ្នែកផ្លូវភេទ ក្នុងទីក្រុងកូឡូញ។ បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ បានឲ្យដឹងថា នគរបាលសហព័ន្ធជាតិ កំពុងអង្កេត ពីបទ​ចាប់​រលោភ និងបទលួចឆក់ ទៅលើជនសង្ស័យសរុបចំនួន៣១នាក់ ដែលក្នុងនោះមាន១៨នាក់ ជាជនភៀស​ខ្លួន​ដែល​កំពុងសុំសិទ្ធិជ្រកកោន។

ករណីចាប់រំលោភខាងលើក បានប៉ះពាល់យ៉ាងខ្លាំង ទៅដល់បណ្ដាជនអាល្លឺម៉ង់ជាទូទៅ និងបានដាក់សំពាធ ទៅ​លើអ្នកស្រី អង់ជឺឡា ម៉ែគែល (Angela Merkel) អគ្គទេសាភិបាលអាល្លឺម៉ង់ សម្រាប់នយោបាយ​របស់​រដ្ឋាភិបាល​​អ្នកស្រី ដែលបានបើកចំហរ ចំពោះជនភៀសខ្លួនមកពីប្រទេសស៊ីរី អៀរ៉ាក់ និងប្រទេស​អាហ្វហ្គានីស្ដង់។ អ្នក​ទទួល​ខុសត្រូវ ផ្នែកនយោបាយជាច្រើន បានទាមទារឲ្យអ្នកស្រី មែគែល ធ្វើការរឹតបន្តឹង​នយោបាយ នៃ​ផ្ដល់​សិទ្ធិជ្រកកោន ទៅឲ្យជនអន្តោរប្រវេសន៍ ឲ្យបានខ្លាំងក្លាជាងពេលកន្លងមក៕

------------

» រូបភាពជាលក្ខណៈសិល្បៈមួយចំនួន របស់នាង មីឡូ ម័រ៉េ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់