បន​ល្បែង​នៅ​អាស៊ី​បើក​កាន់​តែ​ច្រើន​ដើម្បី​​ចំណេញ - ចុះ​កម្ពុជា?

នៅអាស៊ីខាងកើត មិនថាតែនៅកម្ពុជា វៀតណាម ឬនេប៉ាល់ទេ តែនៅសិង្ហបូរី ឬនៅប្រទេស កូរ៉េខាងត្បូង បន​ល្បែង​បាន​ដុះ​រីក​ភាយ ដូចផ្សិត។ ប៉ុន្តែមានតែជនជាតិបរទេស ឬអ្នកមានទ្រព្យធន់ប៉ុណ្ណោះ ដែលអាច​ចូល​ទៅ​លេង នៅ​ក្នុង​បន​ល្បែង​ទាំងនោះបាន ផ្ទុយស្រឡះពីជនជាតិម្ចាស់ស្រុក ឬអ្នកក្រីក្រ ដែលតែងតែ​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​មាន​ឱកាស ក្លាយ​ជា​ស្ដេចល្បែងឡើយ។

រដ្ឋាភិបាលនៃប្រទេស ក្នុងតំបន់អាស៊ីខាងកើត កំពុងទាក់ទាញទេសចរណ៍ តាមរយៈការបង្កើតបនល្បែង។ ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលទាំងនោះ បានរិះរកមធ្យោបាយធ្វើយ៉ាងណា  ដើម្បីគេចចេញពីបញ្ហាសង្គម ដែល​អាចកើតមានឡើង សម្រាប់ប្រជាជនខ្លួនឯង (ឧទាហរណ៍ សម្រាប់អ្នកចាញ់ល្បែងធ្ងន់ធ្ងរ) ប៉ុន្តែស្វែង​រក​ការ​ទាក់ទាញ ធ្វើយ៉ាងណា អាចឲ្យមានចំណូល ដ៏សន្ធឹកសន្ធាប់មកវិញ។ ជាពិសេស រកមធ្យោបាយ​យ៉ាង​ណា ដើម្បីបង្កើតការងារធ្វើ ដោយបញ្ឈៀស នូវការយកប្រាក់ខែ របស់បុគ្គលិកទាំងនោះ មកបំផ្លាញចោល នៅ​លើ​តុល្បែង។

​ជាគំរូនៅប្រទេស​សិង្ហបុរី អ្នកដែល​អាច​ចូល ​លេង​ល្បែង​នៅ​កាស៊ីណូ ត្រូវ​តែ​បង់​កម្រៃ​ប្រចាំ​ថ្ងៃ ៨០​ដុល្លារ ឬ​អាច​ទិញ​ប័ណ្ណ​ចេញ​ចូល ​លេងក្នុង​កាស៊ីណូ ដែល​មាន​តម្លៃ ១.៦០០ ​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​មួយ​ឆ្នាំ។ ចំណែក​ការ​ចូល​លេង​ល្បែង​កាស៊ីណូ មាន​តម្លៃ​ប្រមាណ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ វិធានការ​នេះ នឹង​លើក​ទឹក​ចិត្ត​ដល់ពលរដ្ឋសិង្ហបូរី ឲ្យងាកមកទុកប្រាក់សន្សំ ​ជៀសជាង​ការ​ចូល​លេង​ល្បែង ​នៅ​កាស៊ីណូ។

សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ។ លោក គីម ជីន-ហ្គូន (Kim Jin-Gon) ប្រធាន​នាយក​ដ្ឋានទេសចរណ៍ នៃក្រសួងវប្បធម៌កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា៖ «ក្នុងការគិតរបស់យើង ជនជាតិ​កូរ៉េ​ខាងត្បូង នៅមិនទាន់មានភាពចាស់ទុំ ក្នុងការលេងល្បែងស៊ីសង ដូចជាការកំសាន្ដនោះនៅឡើយ»។

មន្ត្រីរូបនេះ បានថ្លែងបន្តទៀតថា៖ «យើងបានហាមឃាត់ពួកគេ មិនឲ្យចូលបនល្បែង ព្រោះយើងគិតទៅ​ដល់​ពលរដ្ឋ ដែលលេងចាញ់ល្បែង ថាជីវិតពួកគេ មានសារសំខាន់​ខ្លាំងណាស់»។

ចំណូលដែលទទួលបានពីបនល្បែង មានតួលេខគួរឲ្យកត់សម្គាល់ ហើយដែលធ្វើឲ្យរដ្ឋាភិបាល នៃប្រទេស​ទាំងនេះ ស្រវ៉ាចង់ឲ្យមានបនល្បែង នៅក្នុងប្រទេសរបស់ផងខ្លួន។ គ្រាន់តែនៅក្នុងឆ្នាំ២០១២មួយ ប្រទេស​ចិនរកចំណូលបាន ៣៨កោដដុល្លារ (ប្រមាណជា៣៣កោដអ៊ឹរ៉ូ) តែនៅក្នុងទីក្រុង ម៉ាកាវ មួយប៉ុណ្ណោះ។ ចំណូល​នេះ មានទំហំធំជាងឆ្ងាយ បើប្រៀបទៅនឹងចំណូល នៅក្នុងទីក្រុង ឡាសវេហ្គាស សហរដ្ឋអាមេរិក។

ចំពោះប្រទេសកម្ពុជាវិញ ការ​វិនិយោគ ​លើ​វិស័យ​កាស៊ីណូ​ ក៏បាន​កើន​ឡើង​ដែរ និងជា​បន្តបន្ទាប់ ជាពិសេស​នៅតាមតំបន់ព្រំប្រទល់ រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។ ប៉ុន្តែប្រាក់ចំណូលរកបាន ពីវិស័យនេះ មិន​បានជួយឲ្យកម្ពុជា មានឱកាសដើម្បីបង្កើន ភាពសម្បូរសប្បាយនោះឡើយ។ ខណៈពេលដែលច្បាប់​គ្រប់គ្រង​កាស៊ីណូ​​ទន់​ខ្សោយ អាច​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ជា​ប្រភព​សម្រាប់​បង្វែរ​​ទឹក​ប្រាក់​​ពុក​រលួយ​ទៅ​ជា​ប្រាក់​ស្រប​ច្បាប់ ការបើកបនល្បែងនៅក្នុងប្រទេសកម្ពុជា បែរជាបានជួយឲ្យម្ចាស់អាជីវកម្ម រកប្រាក់បានយ៉ាង​កាក់កបទៅវិញ។ នេះ បើតាមការលើកឡើង របស់ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន។

ស្រង់សម្ដី ដោយវិទ្យុអាស៊ីសេរី លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យដ៏ល្បីឈ្មោះ បានយកករណីបនល្បែង ណាហ្គា ដ៏ធំមួយនៅកណ្ដាលរាជធានីភ្នំពេញ មកបញ្ជាក់ថា៖ «ណាហ្គា រាយការណ៍​នៅ​ទីក្រុង​ហុងកុង គឺ​បាន​អួត​ពី​ផល​ចំណេញ​ខ្ពស់​ជាង​គេ​ទាំងអស់ គឺ​ចេញ​មក​ពី​ទីក្រុង​ភ្នំពេញ។ តែ​បើ​មើល​ពី​ថវិកា​ដែល ណាហ្គា បង់ចូល​ជាតិ​វិញ គឺ​សូន្យ​តែ​ម្ដង គឺ​មាន​តិច​មែន​ទែន។ ចំពោះ​ខ្ញុំ អ្វី​ដែល​សោកស្ដាយ​នោះ គឺ​យើង​បាន​ផ្ដល់​សិទ្ធិ​ឲ្យ ណាហ្គា ហ្នឹង ចំណេញ​លុយ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​យើង​អត់​បាន​យក​ពន្ធ​ជួយ​ជាតិ​យើង​ត្រឹមត្រូវ។»។

ណាហ្គាខប ជា​ក្រុម​ហ៊ុន​មេ​របស់​កាស៊ីណូ​ ណាហ្គាវើល ​ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទី​ក្រុង​ហុងកុង​ បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ មិន​ទាន់់​ធ្វើ​សវនកម្ម​កាល​ពីដើមខែមេសា​ ឆ្នាំ២០១៥ថា​ ចំណូល​ពី​វិស័យ​ល្បែង​សរុប​បាន​កើន​ដល់ ១១៣,៥ លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុងតែ​ត្រី​មាស​ទី១ ឆ្នាំ២០១៥ ​ធៀប​នឹង ៧៦,៨ លាន​ដុល្លារ​នៅ​ត្រី​មាស​ទី​១ ឆ្នាំ២០១៤​។

លោក អ៊ូ វីរៈ បានឲ្យដឹងទៀត​ថា ការ​វិនិយោគ​កាស៊ីណូ​នៅ​ភ្នំពេញ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​រលុង​ពេក។ ម្យ៉ាង​វិញ​ទៀត កាស៊ីណូ គឺ​ជា​ទីកន្លែង​មួយ​សម្រាប់​បង្វែង​លុយ​​មិន​ស្រប​ច្បាប់​ដែល​បាន​មក​ពី​អំពើ ​ពុក​រលួយ និង​ការ​លក់​សម្បត្តិ​ធម្មជាតិ​ផ្សេងៗ​ ទៅ​ជា​លុយ​ស្រប​ច្បាប់។ ការ​សើរើ​កិច្ចសន្យា​ អាជីវកម្ម​កាស៊ីណូ​ទាំងអស់ អាច​ប្រមូល​បាន​ធនធាន​ ជាច្រើន​លាន​ដុល្លារ​អាមេរិក​រៀង​​រាល់​ឆ្នាំ ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ។

សូមរំលឹកជូនថា បើគិតមកត្រឹមចុងឆ្នាំ២០១៤ ចំនួន​កាស៊ីណូ​ដែល​ទទួល​អាជ្ញាប័ណ្ណ កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​៥៧ ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ និង​វៀតណាម ឬ​សមាមាត្រ​នឹង​ចំនួន​ជិត ៨​ពាន់​ស្លុត​ម៉ាស៊ីន (Slot Machines) និង​ជាង ២.៥០០​ទូរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សម្រាប់ច្បាប់គ្រប់​គ្រង​កាស៊ីណូវិញ ត្រូវបានមន្ត្រីជាន់ខ្ពស់ ពីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងកាលពីដើមឆ្នាំ ថានឹង​អាច​ត្រូវរដ្ឋសភាអនុម័តរួច នៅក្នុងអំឡុងនៅ​ឆមាស​ទី២​ ឆ្នាំ២០១៥​នេះ​។ ប៉ុន្តែថាតើច្បាប់នេះ មកដល់ណា មាន​រូបរាងបែបម៉េចនោះ វាហាក់ដូចជាស្ថិត​ក្នុងភាព«អាថ៌កំបាំង»នៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់