ជាប់​ជា​បវរកញ្ញា​ចក្រវាឡ​ត្រឹម​តែ​៥នាទី នាង​ប្រតិកម្ម​ជា​លើក​ទី១

បវរកញ្ញាកូឡំប៊ី បានសម្រេច​នូវក្ដីសុបិន្ដរបស់ខ្លួន ដែលក្លាយជាបវរកញ្ញាចក្រវាឡ ត្រឹមតែរយៈ​ពេល​ប្រមាណ​ជា​ប្រាំ​នាទី​ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសច្រឡំ របស់ពិធីករក្នុងកម្មវិធី ដែលបានប្រព្រឹត្តិទៅ កាល​ពី​យប់ថ្ងៃ​អាទិត្យ​កន្លង​មក ​នៅ​ក្រុង​ឡាសវេហ្គាស សហរដ្ឋអាមេរិក។ នៅក្រោយហេតុការណ៍នេះ បវរកញ្ញាកូឡំប៊ី ទើបនឹង​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង ប្រកបដោយភាពថ្លៃថ្នូរ។

កាលពីថ្ងៃអាទិត្យកន្លងមក នៅក្នុងក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហេតុការណ៍ដ៏មិនគួរឲ្យជឿមួយ បាន​កើតឡើង ដើម្បីចូលរួមបញ្ចប់ឆ្នាំ២០១៥។ នោះគឺលោក ស្ទេវ ហាវៃ (Steve Harvey) ពិធីកររបស់កម្មវិធី «ប្រឡង​បវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» បានច្រឡំប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ ថាអ្នកដែលជាប់​ជាបវរកញ្ញា​ចក្រវាឡ  ជាបវរកញ្ញា របស់ប្រទេសកូឡំប៊ី នាង «Ariadna Gutierrez Arevalo» មុននឹងចេញមកកែតម្រូវ នៅ​៥នាទីក្រោយ ថាអ្នកដែលជាប់ពិតប្រាកដ ជាបវរកញ្ញារបស់ប្រទេសហ្វីលីពីន នាង «Pia Alonzo Wurtzbach» ទៅវិញ។ ការប្រកាសច្រឡំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល សឹងមួយចំហៀងផែនដី ព្រោះ​មាន​មនុស្ស​ជាច្រើន​​លាន​នាក់ បានទស្សនាកម្មវិធីប្រកួតប្រជែងនេះ ដោយផ្ទាល់ពីក្រុងឡាសវេហ្គាស។

បន្ទាប់ពីប្រព្រឹត្តិកំហុសរួច ពិធីករអា​មេរិក ដែលមានដើមកំណើតពីប្រទេសនីហ្សេ បានឡើងមកកាន់ឆាកវិញ ហើយបានប្រកាសសុំទោស ពីបញ្ហានេះមុននឹងថ្លែងបញ្ជាក់ថា៖ «បវរកញ្ញាអមទីមួយ គឺបវរកញ្ញាមក​ពី​ប្រទេស​កូឡំប៊ី។ ឯបវរកញ្ញាចក្រវាឡឆ្នាំ២០១៥ បានទៅលើបវរកញ្ញា មកពីប្រទេសហ្វីលីពីន។»

សូម​ទស្សនាវីដេអូខាងក្រោម ដែលផ្សាយជាផ្លូវការ ពីកម្មវិធី «ប្រឡងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» នៅ​ពេល​ប្រកាសលទ្ធផលចុងក្រោយ គេឃើញបវរកញ្ញាកូឡំប៊ី បានពាក់ខ្សែឆៀង (ដោយច្រឡំ) នៃបវរកញ្ញា​ចក្រវាឡ​រួចហើយ រីឯម្កុដរបស់បវរកញ្ញាចក្រវាឡវិញ ក៏ទើបត្រូវបានបវរកញ្ញាឆ្នាំមុន (ដែលមកពីប្រទេស​កូឡំប៊ី​ដូច​គ្នា) ដោះពីក្បាលរបស់បវរកញ្ញាកូឡំប៊ី ហើយយកមកបំពាក់ឲ្យបវរកញ្ញាហ្វីលីពីនវិញដែរ។

នៅចំពោះហេតុការណ៍ ដ៏មិនគួរឲ្យជឿបាន បវរកញ្ញាកូឡំប៊ីមិនបានប្រតិកម្មអ្វី ជាសាធារណៈ​ភ្លាមៗ​ឡើយ។ រហូត​លុះត្រា​មក​ដល់​ថ្ងៃពុធ​ទី២៣ ខែធ្នូនេះ ទើបបវរកញ្ញាកូឡំប៊ី បានចេញមកសរសេរ នៅលើទំព័រផ្លូវការ​របស់​ខ្លួន ក្នុង​បណ្ដាញ​សង្គម អ៊ីនស្ថាហ្គ្រាម (Instagram) ដោយអះអាងថា បន្ទាប់ពីខ្យល់ព្យុះ គឺភាពស្ងប់​ស្ងាត់​​​បាន​​ត្រឡប់​មក​វិញ។ នាង​បាន​ថ្លែងអំណរគុណ ទៅដល់មនុស្សរាល់គ្នា សម្រាប់ការគាំទ្រ និងកំលាំងចិត្ត ដែល​​បាន​​​ផ្ដល់​​មក​ឲ្យ​នាង។ នាង​បានសរសេរថា៖ «ខ្ញុំសប្បាយចិត្ត ជាងពេលណាៗទាំងអស់ និងដឹងថា ការ​គាំទ្រ​មិន​​មែន​​មាន​​តែមួយ​ប្រទេស (កូឡំប៊ី) ប៉ុណ្ណោះទេ តែមានមកពីគ្រប់ជ្រុងទាំងអស់ នៅក្នុងពិភពលោក»។

នាង «Ariadna Gutierrez Arevalo» បានត្រឡប់មកនិយាយ ពីហេតុការណ៍ដែលកើតឡើង កាលពីយប់ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំបានផ្ដល់មុខមាត់ និងភាពសប្បាយរីករាយ ឲ្យប្រទេសរបស់ខ្ញុំ នៅពេលខ្ញុំបានក្លាយជា​បវរកញ្ញា​ចក្រវាឡ ដែល​មាន​រយៈពេល ត្រឹមតែប៉ុន្មាននាទី។ ថ្ងៃនេះ ដោយសារតែហេតុការណ៍ខាងលើ គ្រប់​គ្នា​បាន​​និយាយ​ពី​​ប្រទេស​កូឡំប៊ី និងពីសហគមន៍អាមេរិកឡាទីន សឹងតែនៅគ្រប់ជ្រុងជ្រោយ ក្នុង​ពិភពលោក។»

បវរកញ្ញាកូឡំប៊ី បានថ្លែងនូវពាក្យជូនពរមួយចំនួន ទៅកាន់អ្នកឈ្នះជ័យលាភីថា៖ «ខ្ញុំសូមអបអរសាទរ ទៅ​ដល់​បណ្ដាជនហ្វីលីពីនទាំងអស់ សម្រាប់រាជនីសម្ផស្ស ដែលទើបនឹងទទួលបានតំណែងថ្មី ជាបវរកញ្ញា​ចក្រវាឡ របស់ពួកគេ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់