ចង់​ទៅ​ទស្សនា​អង្គរ? អ្នក​ទេសចរណ៍​ត្រូវ​មើល​ឃ្លីប​វីដេអូ​នេះ​សិន!

ចង់ទៅទស្សនាអង្គរវត្ត របស់កម្ពុជាឬ? អ្នកទេសចរណ៍ទាំងអស់ ជាពិសេសអ្នកទេសចរណ៍បរទេស ត្រូវអនុវត្តន៍តាម ក្រមប្រតិបត្តិថ្មី ដែលទើបនឹង​ដាក់បង្ហាញជាវីដេអូ កាលពីពេលថ្មីៗនេះ ដោយអាជ្ញាធរអប្សរា។
វីដេអូបង្ហាញ ពីក្រមប្រតិបត្តិអង្គរ សម្រាប់អ្នកទេសចរណ៍។

ក្រមប្រតិបត្តិថ្មីមួយ ត្រូវបានដាក់ជូនទៅ​ក្រុមអ្នកទេសចរណ៍ ដែលមានបំណង​ចូលមកទស្សនា​ប្រាង្គ​ប្រាសាទ​នា​តំបន់អង្គរ ដែលជារមណីដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជា។ គោលបំណង​នៃ​ក្រម​ប្រតិបត្តិ​​នេះ រហូតដល់បង្កើត​ជាវីដេអូឡើងមកនេះ គឺចង់បញ្ជៀសនូវទង្វើមិនប្រក្រតីមួយចំនួន នៅ​ក្នុង​តំបន់​រមណីដ្ឋាន ដែលត្រូវបានចាត់ទុកជាដួងព្រលឹងជាតិ របស់ប្រទេសមួយនេះ។

ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា នៅក្នុងតំបន់ បានទាក់ទាញទេសចរណ៍ ប្រមាណជាជាង​២លាន​នាក់ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែកាលពីពេលកន្លងមក អ្នកទេសចរណ៍ជាច្រើន បានឆ្លៀតឱកាសយកតំបន់ នៃ​អច្ឆៈរិយៈ​វត្ថុពិភពលោកមួយនេះ ដើម្បីថតជារូបភាព«សិល្បៈ» តែគ្មានសម្លៀកបំពាក់ (ឬស្រាតននលគោក) ដែលបានប៉ះពាល់យ៉ាងខ្លាំងក្លា ទៅដល់ប្រពៃណីទម្លៀមទំលាប់ របស់ប្រជាជនម្ចាស់ស្រុក។ អ្នកទេសចរណ៍​ខ្លះ​ទៀត បានប៉ះពាល់ ឬលោតទន្ទ្រាន ទៅប្រាង្គប្រាសាទទាំងនោះ ទាំងភ្លេចគិតថា ទង្វើនេះអាចបង្ក​ជាការ​ខូច​ខាត បាក់​​បែក ប្រេះស្រាំ ទៅដល់រូបចម្លាក់ ដែលមានវ័យដ៏ចំណាស់។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែងនៅក្នុងវីដេអូនេះថា៖ «យើងទាំងអស់គ្នា ត្រូវ​មានកាតព្វកិច្ចគោរព និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាង នូវផលប៉ះពាល់ ទៅលើប្រាសាទ បរិស្ថាន និងវប្បធម៌របស់យើង»។

វីដេអូនៃ«ក្រមប្រតិបត្តិអង្គរ» ត្រូវបានដាក់បង្ហោះ នៅលើគណនីវីដេអូ យូធូប (Youtube) របស់លោក សុខ សង្វារ ផ្ទាល់ និងនៅលើទំព័រហ្វេសប៊ុក របស់អាជ្ញាធរអប្សរា បង្កឲ្យមានការចែករំលែក ប្រមាណ​ជាង​៨០០​ដង។ ក្រមអ្នកប្រើប្រាស់​ហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់ ទៅលើក្រមប្រតិបត្តិទីមួយ ដែលហាម​មិន​ឲ្យ​ស្លៀក​ខ្លី ខណៈប្រទេសកម្ពុជា ជាប្រទេសក្ដៅ ហើយអ្នកទេសចរណ៍ ដែលមកទស្សនាអង្គរ មាន​លក្ខណៈ​ជា​ការលំហែ ជៀសជាងមកទស្សនាតំបន់នេះ បែរជាតម្រូវឲ្យស្លៀកពាក់ មានឯកសណ្ឌានជិតខ្លួន ដូចកូនសិស្ស ឬជា​ទាហាន។

រីឯក្រមប្រតិបត្តិទីពីរវិញ ក៏ត្រូវបានបណ្ដាជន បន្ថែមយោបល់ឲ្យដែរថា គួរបង្កើតឲ្យមានជាកន្លែង​សម្រាប់​ភ្ញៀវ អាចចូលមកជក់បារីបាន នៅក្នុងបរិវេណប្រាសាទ ឬនៅក្រៅបរិវេណប្រាសាទ ដែលនៅជិត ព្រោះ​ប្រាសាទ​ខ្លះ ដូចយ៉ាងប្រាសាទអង្គរវត្តជាដើម មានទំហំធំ ដែលដើរមួយថ្ងៃមិនសព្វនោះ ពិបាកនឹងឲ្យភ្ញៀវ ដើរ​ចេញ​ពី​បរិវេណ​ប្រាសាទ ដើម្បីទៅជកបារីនោះណាស់។

អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូប បាននិយាយថា អាជ្ញាធរអប្សរាដែលមានមេដឹកនាំថ្មីៗ និងសុទ្ធតែមានវ័យ នៅ​ក្មេងៗនេះ មានគំនិតឆ្នៃប្រឌិតគួរឲ្យសរសើរ ប៉ុន្តែអាជ្ញាធរជាតិមួយនេះ គួរមានក្រមប្រតិបត្តិ​សម្រាប់​តំបន់​អង្គរ ដែល​មាន​លក្ខណៈទន់ភ្លន់ជាងនេះ ដើម្បីផ្ដល់ភាពញញឹម ទទួលរាក់ទាក់ ទៅកាន់ភ្ញៀវបរទេស ជា​ពិសេស​ភ្ញៀវ​មក​ពីប្រទេស ដែលមានអាកាសធាតុត្រជាក់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់