«ល្បិច​សាមកុក មិន​ត្រូវ​យក​មក​ប្រើ​ក្នុង​នគរ​កម្ពុជា​ទេ»

អ្នកនយោបាយនៅកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងប្រើ«ល្បិចសាមកុក» ដាក់គ្នា​យ៉ាង​ចាស់ដៃ។ សម្រាប់​អ្នក​វិភាគ​វិញ បានលើកឡើងថា «ល្បិចសាមកុក»នេះ ត្រូវបានយកមកប្រើ ដើម្បីតែប្រយោជន៍បុគ្គល ប្រយោជន៍​បក្ស និង​ក្រុម​របស់​ខ្លួន​ប៉ុណ្ណោះ។

ការចាប់ខ្លួនអ្នកនេះ សម្លុត សម្លាប់អ្នកនោះ ឬការញញឹមដាក់គ្នា តែមានលួចកាន់កាំបិតពីក្រោយ... នេះជា​អ្វី​ដែលអ្នកនយោបាយខ្មែរ បានយកមកប្រើប្រាស់ តាំងពីច្រើនជំនាន់មកហើយ ជាពិសេស​នៅក្នុងពេល​បច្ចុប្បន្ន​នេះ​តែម្ដង។ទង្វើទាំងនេះ ត្រូវបានអ្នកវិភាគ និងអ្នកតាមដាននយោបាយមួយចំនួន បរិហារ ថ្លែង​ចំអក​ដាក់​អ្នកនយោបាយទាំងនោះ ថាជា«ល្បិចសាមកុក» ឬ«ល្បិចក្នុងសម័យកាលសង្គ្រាម នៃនគរទាំងបី» របស់​ប្រវត្តិសាស្ត្រ នៃប្រទេសចិន។ សម្រាប់អ្នកវិភាគនយោបាយខ្មែរវិញ បានយល់ថា ល្បិចសាមកុក មិន​គួរ​ត្រូវយកមកប្រើ នៅក្នុងនគរកម្ពុជានោះឡើយ។

លោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានផ្តល់​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកនយោបាយនៅកម្ពុជា ភាគច្រើនចូលចិត្ត មើលរឿង​សាមកុក និង​ចូល​​ចិត្ត​​យក«ល្បិច» នៅក្នុងភាពយន្ដសាមកុកទាំងនេះ មកប្រើប្រាស់ ដើម្បីធ្វើការផ្ចាញ់ផ្ចាលគ្នា ខណៈ​នៅ​កម្ពុជា គេមិនអាចយក«ល្បិចកិច្ចកលសាមកុក»នេះ មកអនុវត្ត​បានទេ ព្រោះ​កម្ពុជា​ជា​នគរ​តែមួយ។ លោក គឹមអេង បានឲ្យដឹងថាថា សម័យសាមកុក គេប្រើល្បិចយុទ្ធសាស្ត្រដាក់គ្នា ព្រោះនគរមួយមួយចង់ឈ្នះ នគរ​មួយ​ទៀត ក្រុមមួយ​ចង់​បំបាក់​ក្រុម​មួយ​ទៀត ដែលចេះតែប៉ងរំលោភបំពាន លើ​អធិបតេយ្យគ្នាទៅ​វិញទៅ​មក។

មន្ត្រីសង្គមស៊ីវិល ដែលបានតាមដានសភាពការកម្ពុជា យ៉ាងជិតដិតរូបនេះ បានពន្យល់ថា នៅឯកម្ពុជាវិញ អ្នក​នយោបាយទាំងអស់ សុទ្ធតែជាខ្មែរដូចគ្នា ធ្វើការក្នុងនគរតែមួយ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋតែមួយ ដើម្បី​ជាតិ​តែមួយ ហេតុអ្វីក៏ម្នាក់ៗ ទទួលយកនូវយុត្តិសាស្រ្ត «សាមកុក» មកប្រជែងគ្នា ដើម្បី​តែ​ឈ្នះ​រៀង​ខ្លួនៗ ដើម្បី​តែប្រយោជន៍ខ្លួន និងក្រុមខ្លួន យ៉ាងដូច្នេះទៅវិញ។

លោក គឹមអេង បានពន្យល់ថា៖ «ហេតុអ្វីចាំបាច់ប្រើប្រាស់ល្បិចកិច្ចកល់ បំផ្លិចបំផ្លាញ ផ្ចាញ់ផ្ចាលគ្នា? (រឿង​សាមកុក) វានគរផ្សេងគ្នា នេះយើងនគរតែមួយ ប្រទេសតែមួយ (ទេ)តើ។ យើងត្រូវពិភាក្សា និងមើលថា គេ​អាច​រស់នៅក្នុងមតិចម្រុះខុសៗគ្នា តើគេរស់នៅបែបម៉េច? នោះទើបជាទស្សនៈវែងឆ្ងាយ សម្រាប់ចក្ខុវិស័យ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។»

ប្រធានមជ្ឈមណ្ឌល បានអះអាងបន្ថែមថា គណបក្សដែលមានអសនៈ ក្នុងរដ្ឋសភាទាំងពីរ គួរណាស់​ចាប់​ដៃ​គ្នា ដើម្បី​ស្វែងយល់ និងស្វែងរកដំណោះស្រាយ នៃគោលនយោបាយរបស់បក្សទាំងពីរ ដែលមាន​ទិសដៅ​ខុស​គ្នា។ ត្រូវជជែកគ្នា តាមកិច្ចព្រមព្រៀងនយោបាយឡើងវិញ ជាតិសាសន៍តែមួយ ភាសាតែមួយ អ្នក​នយោបាយ​ទាំងអស់ តោងនិយាយអាចស្តាប់គ្នាបាន។ លោកបានថ្លែងថា៖ «យើងត្រូវធ្វើការរួមគ្នា ដើម្បីជាតិ ប្រជា​ពលរដ្ឋ​ជាធំ។ (...) សុខទុក្ខប្រជាពលរដ្ឋទើបជាភារកិច្ច និងកាតព្វកិច្ចនៃអ្នកនយោបាយ ពិសេស​តំណាង​រាស្រ្ត​ទាំងអស់ក្នុងរដ្ឋសភា។»

ចំណែកឯអ្នកវិភាគមួយរូបទៀត លោក សុខ ទូច បានយល់ឃើញថា គណបក្សឈ្នះឆ្នោតក្នុងរដ្ឋសភាទាំងពីរ ព្រោះតែចង់ឈ្នះចាញ់គ្នា គឺមិនចង់ជួបមុខគ្នាឡើយ ដោយយកលេស និងហេតុផលរៀងៗខ្លួន។

«ជាប់រវល់បំពេញភារៈកិច្ច បំរើប្រជាពលរដ្ឋ»

លោក សុខ ទូច ដែលជាសមាជិកមួយរូប នៃរាជបណ្ឌិតសភាកម្ពុជា (ស្ថាប័នមួយ ក្រោមការគ្រប់គ្រង​របស់​រដ្ឋាភិបាល) បានសរសេរ ក្នុងបណ្តាញសង្គមថា គណបក្សសង្គ្រោះជាតិ ព្រោះតែគ្មានជំនួប បានលើក​ហេតុផល​ចំនួនបី ដែលពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្ត២រូប, ពាក់ព័ន្ធនឹងការដកលោក កឹម សុខា ពី​អនុ​ប្រធាន​ទីមួយនៃសភា និងការដកអភ័យឯកសិទ្ធ និងបុព្វសិទ្ធសមាជិកសភា ពីលោក សម រង្ស៊ីជាដើម។

លោកបានបន្តថា ក្រោមហេតុផលទាំងបី របស់គណបក្សសង្គ្រោះជាតិនេះ បានធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ«សងសិក»។ ព្រោះតែការចង់ការយកឈ្នះចាញ់គ្នា និងព្រោះតែមិនចង់ជួប ឬស្វែងរក​ដំណោះ​ស្រាយ ជាមួយគណប្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយកហេតុផលមួយ ដើម្បី​មិន​ជួប​គណបក្សសង្គ្រោះជាតិ គឺ «ជាប់រវល់បំពេញភារៈកិច្ច បំរើប្រជាពលរដ្ឋ»។

លោក សុខ ទូច បានបញ្ជាក់ជាចុងក្រោយថា៖ «យើងអាចសន្និដ្ឋានបានថា គណបក្សទាំងពីរ កំពុងឈរនៅ​លើ​ផ្លូវរទេះភ្លើង ហើយស្រែករកយុត្តិធររៀងខ្លួន។ ជាការពិតណាស់ បន្ទាត់ពីរស្របគ្នា មិនអាចរក​ចំនុច​រួម​បាន​ទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់