សម្ភាស យ៉ង់ គឹមអេង៖ CPP កំពុង​បំភ័យ CNRP តាម​តុលាការ

ភ្លើង«នយោបាយ» កម្ពុជា បានឆេះសន្ធោសន្ធៅមកវិញ បន្ទាប់ពីដីកាឲ្យចាប់ខ្លួន ត្រូវបានចេញជាបន្តបន្ទាប់ ប្រឆាំង​នឹង​មេ​ដឹក​នាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ សម្រាប់អ្នកវិភាគ បានមើលឃើញថា អ្នក​មាន​អំណាច​មួយ​ចំនួន កំពុងយកស្ថាប័នតុលាការ សម្រាប់ការកំហែង និងបំភិតបំភ័យ ដោយគ្មាន​គោលការណ៍​គោរព​ច្បាប់ និង​យុត្តិធម៌​សង្គម។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 03, 2015
  • ប្រធានបទ: នយោបាយ
  • អាន និងបញ្ចេញយោបល់

តើមានអ្វី នៅពីក្រោយដីកាជាបន្តបន្ទាប់ បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រមួយចំនួននោះ? អ្នកវិភាគមួយរូប បាននិយាយភ្លាមថា នោះគឺ«នយោបាយ» និងការយកច្បាប់ មកទ្រាប់ខោអង្គុយពីលើ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង បានផ្តល់កិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាករណីទាំងនេះ កើតចេញពីបញ្ហានយោបាយតែមួយ ព្រោះ​ភាពមិន​ចុះ​សម្រុង​គ្នា ចំពោះប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្ស ឬប្រយោជន៍ក្រុមរបស់ខ្លួន។ លោកបន្តថា ភាព​មិន​ចុះ​សម្រុងគ្នានេះ ជាការបង្ហាញយ៉ាងច្បាស់ថា ជាការមិនយកចិត្តទុកដាក់ ដល់ប្រយោជន៍ជាតិ និងប្រជា​ពលរដ្ឋ​ខ្លួនឯងជាធំ ដោយមិនអាចប្រកែកបាន។

ឯណាទៅយុត្តិធម៌សង្គម? លោក គឹម អេង បានលើកឡើងថា បើទោះជាមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តី​បក្ស​កាន់អំណាច តែងតែប្រកាសថា តុលាការឯករាជ្យយ៉ាងណាក៏ដោយ តែសកម្មភាពដែលស្តែងចេញ ដោយ​ស្ថាប័ន​តុលាការ រមែងគេមើលឃើញថា កំពុងដើរតាមចង្វាក់ញាក់ ឬគំនាបណាមួយ របស់អ្នកមានអំណាច ក្នុងជួរ​ដ្ឋាភិបាល។ មេដឹកនាំអង្គការ​សង្គមស៊ីវិលរូបនេះ បានចាត់ទុក ដីកាទាំងអស់ ដែលបង្គាប់ឲ្យចាប់ខ្លួន​អ្នក​ប្រឆាំង ជាល្បែងនយោបាយដដែលៗ របស់អ្នកមានអំណាច ក្នុងការបំភិតបំភ័យ និងកំហែង ដល់គូ​ប្រឆាំង​របស់​ខ្លួន ដោយមិនស្មើមុខ គ្មានតម្លាភាព និងគ្មានការគោរពច្បាប់។ លោកថា ទាំងនេះ ក៏ព្រោះតែអ្នក​នយោបាយ​ទាំងនោះ គិតតែប្រជែងយកតែឈ្នះ ឲ្យតែបានឈ្នះ ទោះត្រូវបោះបង់អ្វីក៏ដោយ។

បន្ថែមពីលើដីកាឲ្យចាប់ខ្លួន ឬឲ្យចូលខ្លួន ដែលចេញកាលពីពេលមុនៗ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ សាលា​ដំបូង​រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន យុវជន សត្យា សម្បត្តិ (សម្បត្តិ សត្យា) អ្នកកាន់ទំព័រ​ហ្វេសប៊ុក (Facebook page) ផ្លូវការ របស់លោក សម រង្ស៊ី និងយុវជន អ៊ុង ជុងលាង ជំនួយការរបស់​លោក​ព្រឹទ្ធ​សមាជិក ហុង សុខហួរ ទាំងពីរនាក់ ពីបទសមគំនិត ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និង​ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៥។ ហើយ​ដីការនេះ ត្រូវបានបែកធ្លាយដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នេះ​ប៉ុណ្ណោះ។ ប្រភព​ពី​មន្ត្រី​គណបក្ស បានឲ្យដឹងថា យុវជនទាំងពីររូបនេះ បានគេចខ្លួនទៅក្រៅប្រទេស តាំង​ពី​លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនមកម្លេះ។

ចំពោះករណីចោទប្រកាន់ និងការចាប់ខ្លួនយុវជន CNRP ទាំងពីររូបនោះ ត្រូវបានលោក គឹមអេង បរិហារថា មិនបានឆ្លុះបញ្ជាំង ពីការអនុវត្តន៍ ឬគោរពច្បាប់ ពីសំណាក់តុលាការ ព្រោះយុវជនទាំងពីររូបនោះ មិនមែន​ជាអ្នកធ្វើការសម្រេចចិត្ត លើការចុះផ្សាយព័ត៌មាន លើបណ្តាញសង្គមរបស់ថ្នាក់លើ របស់ខ្លួនឡើយ។ លោក យ៉ង់ គឹមអេង បានបញ្ជាក់ថា៖ «បើកាលណា គេឲ្យអាប់ឡូត គ្នាអាប់ឡូត (តម្លើង) គ្នាប្រកែកម្តេចបាន។ គ្នា​មិនមែន ជាអ្នកធ្វើការសម្រេចចិត្ត ក្នុងការអាប់ឡូត នូវព័ត៌មានដែលត្រូវបញ្ចូលឯណា។ (...) គ្នា​កាន់​ហ្វេសប៊ូក គ្មានសិទ្ធិឯណា ទៅអាប់ឡូតស្រេចតែអំពើចិត្តទេ ទាល់មានការបញ្ជា ទើបគ្នាធ្វើ។»

លោកបានបន្តធ្វើការបរិហារទៀតថា តុលាការកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានសាធារណៈជនជាទូទៅ មើល​ឃើញ​ថា មិនមានភាពឯករាជ្យឡើយ ឬបើមិនអញ្ចឹងទេ ឯករាជ្យភាពខ្លះ របស់មន្ត្រីតុលាការទាំងនោះ មាន​សម្រាប់​តែ​ក្រុម​អ្នកមានអំណាច និងមនុស្សមួយចំនួន ដែលមានប្រយោជន៏ប៉ុណ្ណោះ។ តែធាតុពិត តុលាការ​មិនដែល​ឯករាជ្យ​ម្តង​ណា​ឡើយ សូម្បីតែរឿងក្ដីតូចតាចបំផុតមួយក៏ដោយ។

«ក្រុមដដែលនេះ ធ្វើសកម្មភាព (...) ប្រឆាំងនីទណ្ឌភាព»

ការអះអាងរបស់ក្រុមអ្នកវិភាគ និងក្រុមអ្នកតាមដាននយោបាយកម្ពុជា ដែលចាត់ទុកករណីចេញដីកា បង្គាប់​ឲ្យចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ជាករណី«នយោបាយ»នោះ ត្រូវបានអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន វាយតម្លៃ​ថា ពួកគេទាំងនោះ​មិនបានយល់ពីដែន សមត្ថកិច្ចនៃស្ថាប័នតុលាការ។ លោក ស៊ីផាន បានបង្ហាញ​ការ​សោកស្តាយ តាម​បណ្តាញ​សង្គមមុននេះថា មានមនុស្សមួយក្រុម ដែលមិនទទួល​ស្គាល់​ដែនសមត្ថកិច្ច នៃ​ស្ថាប័ន​តុលាការ ក្នុង​ការ​ដោះ​ស្រាយវិវាទ ក៏ដូចការវិនិច្ឆ័យ ទៅលើ​សកម្មភាព​ដែល​​លោក​ហៅ​ថា បានប្រាស់ចាក ពី​ច្បាប់​ដែល​បាន​ចែង។

អ្នកនាំពាក្យទីស្ដីការ បាននិយាយថា៖ «ឆន្ទានុសិទ្ធិរបស់ចៅក្រម គឺស្ថិតនៅលើមូលដ្ឋាន នីតិវិធី អង្គហេតុ និង​អង្គច្បាប់។ រាល់វិវាទត្រូវបានដោះស្រាយ ដោយតុលាការតែមួយគត់។ (...) ក្រុមដដែលនោះ តែងតែ​ចោទ​ប្រកាន់​ថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ជាការរំលោភ ឬដាក់សម្ពាធ ទៅលើសិទ្ធិសេរីភាពរបស់គេទៅវិញ ហើយ​ក្រុមដដែលនោះ ច្រើនធ្វើសកម្មភាព តាមបបូរមាត់របស់គេ ក្នុងការប្រឆាំងនិងនិទ្ទណ្ឌភាព។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់