បង្ខំ​ភរិយា​ឲ្យ​លក់​ខ្លួន​ចំនួន​ជិត​៣០០០ដង ក្នុង​រយៈពេល​៥ឆ្នាំ

ស្ត្រីម្នាក់ ត្រូវបានបុរស ជាស្វាមីរបស់ខ្លួន លក់ខ្លួន ឲ្យគេងជាមួយមនុស្សប្រុស ជាច្រើនពាន់​នាក់ នៅក្នុង​រយៈពេល​៥ឆ្នាំ។ បុរសម្នាក់នេះ ត្រូវបានតុលាការបារាំង កាត់ទោសឲ្យជាប់​ពន្ធនាគារ ចំនួន​ពីរ​ឆ្នាំ ពីបទ​ធ្វើ​«សញ្ចារកម្ម»​ដ៏​ធ្ងន់ធ្ងរ។
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៥ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 06, 2015
  • ប្រធានបទ: ជីវិត
  • អាន និងបញ្ចេញយោបល់

ខ្លួនជាអ្នកបង្ហោះដំណឹង លក់ប្រពន្ធរបស់ខ្លួន តាមបណ្ដាញអ៊ិនធើណែត ជាអ្នកណាត់កន្លែងជួប និងបន្ទាប់​មកជាអ្នករង់ចាំ ជាមួយនឹងកូនប្រុសម្នាក់ អាយុ៥ឆ្នាំ រហូតលុះត្រានាងបានដេក ជាមួយភ្ញៀវរួចរាល់។ បុរស​ម្នាក់​នេះ អាយុ៥៤ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោស ពីបទធ្វើសញ្ចារកម្ម (មានន័យថា ទង្វើជួយឲ្យមាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ) ទៅលើភរិយា (មិនទាន់រៀបការ) របស់ខ្លួន កាលពីសប្ដាហ៍មុន នៅក្នុងក្រុង ម៉ូ (Meaux) ស្ថិត​នៅ​ក្នុង​តំបន់​ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ បុរសដ៏អស្ចារ្យ បានលក់មនុស្សដែលខ្លួនស្រឡាញ់ យ៉ាង​ហោច​ចំនួន​២៧៤២ដង នៅក្នុងរយៈពេល៥ឆ្នាំ។

ស្ត្រីរងគ្រោះ ដែលមានវ័យ៤៦ឆ្នាំ បម្រើការក្នុងរង្គសាលមួយ បានរៀបរាប់នៅក្នុងសវនាការថា តាំងពីឆ្នាំ​២០០៩មក នាងត្រូវបានបង្ខំឲ្យដេកជាមួយភ្ញៀវ សឹងជារៀងរាល់ពេលរសៀល ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រហូត​ដល់ពេលនាងមានផ្ទៃពោះ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់គ្រួសារ។ នាងបានថ្លែងឡើង ប្រាប់​ចៅ​ក្រម​ថា៖ «ខ្ញុំគឺជាវត្ថុរបស់គាត់ ជាស្រីលក់ខ្លួនឲ្យគាត់ ជាតុក្កតារបស់គាត់»។

ចំណូលដែលនាង និងស្វាមីទទួលបាន មានកម្រិតរហូតដល់ ៧០០០អ៊ឺរ៉ូ (៧៦០០ដុល្លា) ក្នុងមួយខែ និង​ប្រមាណ​ជា ១៦៥ ០០០អ៊ឺរ៉ូ (១៨០ ០០០ដុល្លា) សម្រាប់រយៈពេលតាំងពីដើមដំបូង រហូតដល់ថ្ងៃ ដែលរឿង​រ៉ាវ​បាន​ធ្លាយ​ដឹង​ដល់អាជ្ញាធរ។

នាងពន្យល់ថា ដំបូងឡើយ នាងទទួលយល់ព្រមធ្វើរឿងនេះ ដោយខ្លួនឯង។ ប៉ុន្តែស្ត្រីដែលមានកូនបីនាក់​រូប​នេះ បាន​និយាយ​បន្ថែមថា ក្រោយមក នាងបានស្ថិតក្រោមការបង្គាប់បញ្ជា របស់ប្ដីរបស់ខ្លួនរហូតមក។ នាង​និយាយ​ថា៖ «គាត់​បាន​ង៉ក់​ងរដាក់ខ្ញុំ នៅពេលដែលខ្ញុំសុំឈប់​ធ្វើរឿងនេះ ព្រោះខ្ញុំមានការចុកចាប់ណាស់។»

អ្នកដែលបកអាក្រាត ពីទង្វើរបស់ស្វាមីដ៏អប្រិយនេះ គឺកូនប្រុសអាយុ៥ឆ្នាំ ដែលតែងទៅអង្គុយចាំម្ដាយ ជា​មួយ​ឪពុក នៅសឹងរៀងរាល់ការលក់ខ្លួនម្ដងៗ។ កុមារាបាននិយាយនៅសាលារៀនថា៖ «ប៉ាប៉ា មិនបានចិត្​តល្អ ជា​មួយ​ម៉ាក់ទេ ហើយប៉ាប៉ា គឺជាអ្នកណាត់ជួប សម្រាប់ម៉ាក់»។ ដោយសារសម្ដីរបស់កុមារានេះហើយ ទើប​ក្រុម​នគរបាល​បានដឹង ហើយផ្ដើមធ្វើការស៊ើបអង្កេតមួយឡើង។

នៅក្នុងការចូលទៅឆែកឆេរ នៅក្នុងលំនៅដ្ឋាន នៃប្ដីប្រពន្ធមួយគូនេះ ក្រុមអាជ្ញាធរបានរកឃើញ សៀវភៅ​កំណត់ហេតុជាច្រើន ដែល​អាចឲ្យអ្នកស៊ើបអង្កេត រាប់ឃើញមានការណាត់ជួប ដល់ទៅ២៧៤២ដង នៅ​ក្នុង​រយៈពេល៥ឆ្នាំ ដោយ​បុរស​ជាប់ចោទ។ បុរសត្រូវបានឃាត់ខ្លួន ហើយដាក់ឃុំជាបណ្ដោះអាសន្ន តាំងពីចុង​ខែ​តុលា​កន្លងមក។

នៅក្នុងតុលាការ បុរសជាស្វាមី បានទទួលស្គាល់ថា ខ្លួនពិតជាបានបង្ហោះ ពីដំណឹងលក់ខ្លួននេះ ក្រោយ​អត្តសញ្ញាណ​សិប្បនិមិត្តមួយឈ្មោះ វៀរជីនី (Virginie) ហើយបានឆ្លើយឆ្លងសារ តាមទូរស័ព្ទដៃ និងរៀបចំ​កាល​វិភាគ សម្រាប់ណាត់ជួបភ្ញៀវ ឲ្យប្រពន្ធរបស់ខ្លួន។  ធ្លាក់ខ្លួនគ្មានការងារ បន្ទាប់ពីយានដ្ឋានជួសជុល​រថយន្ដ​របស់ខ្លួន បានក្ស័យធន់កាលពីឆ្នាំ២០០៩ បុរសអ្នកលក់ប្រពន្ធរូបនេះ ជាអ្នកស្វែងរកភ្ញៀវ ហើយ​ក៏​ជា​កំណត់​តម្លៃខ្លួន របស់ភរិយាខ្លួនដែរ៖ ៧០អ៊ឺរ៉ូ (៧៦ដុល្លា) ក្នុងមួយម៉ោង និង៥០០អ៊ឺរ៉ូ (៥៥០ដុល្លា) ក្នុង​មួយ​យប់។ នេះបើតាមការអះអាង របស់ប្រធានអង្គជំនុំជម្រះ នៃតុលាការក្រុង ម៉ូ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់