«ដេឌី» ចម្រៀង​ថ្មី​របស់ ព្សាយ កំពូល​តារា​ចម្រៀង​កូរ៉េ

បីឆ្នាំ បន្ទាប់ពីជោគជ័យ ពេញពិភពលោក ដែលមិនគួរឲ្យជឿបាន នៃចម្រៀង «ហ្គាំណាំ ស្តាយ៍ (Gangnam Style) កំពូល​តារា​ចម្រៀង របស់ប្រទេសកូរ៉េខាងត្បូង បានចេញឃ្លីបចម្រៀងថ្មី មានចំណងជើងថា «ដេឌី (DADDY)»។
«ដេឌី (DADDY)» ចម្រៀងថ្មី ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ របស់កំពូលតារាចម្រៀងកូរ៉េ ព្សាយ។
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 02, 2015
  • ប្រធានបទ: ចម្រៀង
  • អាន និងបញ្ចេញយោបល់

អ្នកចម្រៀងជាតិកូរ៉េ ដ៏ល្បីពេញពិភពលោក ដាក់ឈ្មោះខ្លួនថា ព្សាយ (Psy) បានចេញឃ្លីបចម្រៀងថ្មី នៅក្នុង​ថ្ងៃ​អង្គារទី១ ខែធ្នូនេះ។ ចម្រៀង ដែលស្ថិតនៅក្នុង ថាសចម្រៀងទី៧នេះ បានចេញផ្សាយ នៅបីឆ្នាំបន្ទាប់ពីបទ ហ្គាំណាស្តាយ៍ ដែលមានប្រជាប្រិយ ជាងចម្រៀងណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រចម្រៀង នៃ​ពិភពលោក។

តារាចម្រៀង ព្សាយ ដែលមានអាយុ៣៧ឆ្នាំ បានសម្ដែងចម្រៀងថ្មីរបស់ខ្លួន ដោយផ្ទាល់ នៅមុនការចេញ​ផ្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏សម្បើមមួយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។

រីឯនៅក្នុងឃ្លីបចម្រៀងវិញ គេឃើញ ព្សាយ បានសម្ដែងតួជាកុមារផង ជាឪពុក និងជាជីតាផង។ ជាមួយនឹង​ការរៀបក្រឡា ដ៏ស័ក្ដិសម លាយឡំនឹងរូបភាពចម្រុះពណ៌ តារាចម្រៀង បានបង្កើតចង្វាក់រាំ«ប្រចាំត្រកូល» មួយ​បែប​ទៀត ដែលនៅតែគួរឲ្យទាក់ទាញ និងធ្វើឲ្យអ្នកផង ចង់រាំតាម ដូចចម្រៀងមុនៗរបស់ខ្លួន​ដដែល។

គ្រាន់តែរយៈពេល មិនដល់ពីរថ្ងៃស្រួលបួលផង ចម្រៀងថ្មីនេះ មានមនុស្សចុចចូលមកទស្សនា ប្រមាណជាង ១៥លានដងទៅហើយ នៅក្នុងបណ្ដាញចែករំលែកវីដេអូ យូធូប។ គេនឹងរង់ចាំមើល ថាតើចម្រៀងនេះ មាន​មនុស្ស​ចូលទៅទស្សនា បានប្រហែលនឹងចម្រៀង «ហ្គាំណាំ ស្តាយ៍» ដែលមានចំនួនអ្នកទស្សនា ដល់ទៅ​ជាង​២,៤កោដ​ដង ដែរឬទេ៕


» ទស្សនាការប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ ព្សាយ សម្រាប់បទ «ហ្គាំណាំ ស្តាយ៍»៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់