រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

ឆ្មាំសមុទ្រជប៉ុន បានរកឃើញកាណូតតូចៗ ធ្វើអំពីឈើជាច្រើន ដែលទំនងមកពីកូរ៉េខាងជើង និងនៅក្នុង​កាណូត​ទាំង​នោះ មានប្រទះឃើញ​​សាកសព​ ដែលនៅសល់​តែគ្រោងឆ្អឹងជាច្រើន។ ប្រទេសជប៉ុនកំពុង​ស្វែង​រក​ការ​ពន្យល់ ពី​កាណូត​ខ្មោច​ដ៏​ចម្លែក​ទាំង​នេះ ដែល​បាន​អណ្ដែត​​មកដល់ឆ្នេរសមុទ្ររបស់ខ្លួន សឹងតែផ្ទួនៗ​គ្នា។
រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន
ទូកកាណូតតូចៗ របស់កូរ៉េខាងជើង ដែលត្រូវបានប្រទេសជប៉ុនស្រង់ពីក្នុងសមុទ្រ។ (រូបថត Reuters)

តាំងពីខែតុលាមកម្លេះ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះយ៉ាងហោចកាណូតចំនួន១៤ នៅក្នុងសមុទ្រ​ជប៉ុន (ឬសមុទ្រខាងកើត បើតាមការហៅរបស់ជនជាតិកូរ៉េ) ជាមួយនឹងសាកសពជាង២០នាក់ នៅក្នុង​សភាព​សល់តែគ្រោងឆ្អឹង។ អ្នកទទួលខុសត្រូវឆ្មាំសមុទ្រម្នាក់ លោក «Shuichi Hashizume» បាននិយាយថា៖ «អ្នក​ជ្រមុជទឹករបស់យើង បានរកឃើញសាកសព៣ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ ក្នុងនោះសាកសពពីរ គ្មាន​ក្បាលនោះទេ។ នៅពេលយើងស្រង់ កាណូតនោះឡើងមក យើងរកឃើញឆ្អឹងខ្មោច ចំនួន៦ទៀត នៅក្នុង​នោះ។»

អ្វីដែលគេដឹងនៅពេលនោះ គឺកាណូតមួយចំនួន មានដាក់សញ្ញា តាមបែបជនជាតិកូរ៉េ ដែលធ្វើ​ឲ្យ​គេ​គិត​ថា មកពីប្រទេសកូរ៉េខាងជើង តែគេនៅមិនទាន់​ហ៊ានអះអាង ថាពិតនៅឡើយ។ រហូតលុះត្រាមកដល់​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន ទើបការអះអាង ពីប្រភពដើមរបស់កាណូត មានភាពច្បាស់លាស់ ដោយសារ​អាជ្ញាធរ​បាន​ស្រង់​កាណូតមួយទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីកោះ សាដូ (Sado)។ អ្នកនាំពាក្យឆ្មាំ​សមុទ្រ លោក «Hiromasa Suzuki» បានឲ្យដឹងថា នៅ​នឹង​តួ​កាណូត មានអក្សរកូរ៉េ ហើយនៅខាងក្នុង មានកាបូប​ស្ពាយ​ខ្នង​មួយ ដែល​គេ​បាន​រក​ឃើញ រូបលោក គីម ជុងអ៊ីល (Kim Jong-Il) បីតារបស់មេដឹកនាំ នៃ​របប​កុម្មុយនីស​សព្វ​ថ្ងៃ។

តាមពិតទៅ ករណីរកឃើញបែបនេះ មិនមែនជារឿងថ្មីទេ ព្រោះក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការ​ប្រទះ​ឃើញ​ករណី​ដដែលៗ បានកើតឡើងប្រមាណជា ២៥០ដងមកហើយ។ ប៉ុន្តែបើនិយាយថា ការប្រទះ​ឃើញ​កាណូត និងសាកសពមនុស្ស​ជាច្រើន​ផ្ទួនៗគ្នាដូច្នេះ នៅក្នុងរយៈពេលខ្លីបែបនេះ ជារឿងមួយដែលខុស​ធម្មតា។

អ្នកនេសាទដ៏ក្រខ្សត់...

មតិមួយចំនួនបានលើកឡើង ពីការរត់ភៀសខ្លួន របស់បណ្ដាជនកូរ៉េខាងជើង ចេញពីរបបកុម្មុយនីស។ ប៉ុន្តែ​ការ​លើកឡើងនេះ មិនបានធ្វើឲ្យមានការជឿជាក់ប៉ុន្មានទេ ដោយហេតុថា ជនជាតិកូរ៉េខាងជើង សុខចិត្ត​ភៀស​ខ្លួុន ចូលទៅកាន់ប្រទេសចិន តាមផ្លូវគោកសិន មុននឹងបន្តដំណើរភៀសខ្លួនរបស់ពួកគេ មករក​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ។ ការភៀសខ្លួនតាមទូកតូចៗដូច្នេះ នៅតាមសមុទ្រ មានលក្ខណៈគ្រោះថ្នាក់ ខ្លាំងជាង​រត់​ទៅ​ប្រទេស​ចិន។

បើតាមអ្នកជំនាញ គេគ្រាន់តែជឿថា នេះអាចជា​ក្រុមអ្នកនេសាទ​ខ្សត់ខ្សោយមួយចំនួន ដែលព្យាយាម​ឆ្លៀត​ឱកាស ចេញមករកត្រីចិញ្ចឹមជីវិត ឲ្យបានកាន់តែច្រើន តែត្រូវបានព្យុះសមុទ្រ បក់គូចទៅ​កណ្ដាល​សមុទ្រ វង្វេងមិនដឹងទៅណា ទើបអត់ឃ្លាន ស្លាប់ទាំងអស់គ្នាយ៉ាងនេះ។

មិនទុកចិត្តកូរ៉េខាងជើង...

តាំងពីសម័យកាលសង្គ្រាម លោកលើកទីពីរនោះមក ប្រទេសជប៉ុននិងប្រទេសកូរ៉េ (ទាំងពីរ) ដែលមិន​ដែល​មើល​មុខ​គ្នាចំឡើយ ជាពិសេស ជាមួយប្រទេសកូរ៉េខាងជើងតែម្ដង។ កាលពីទសវត្សន៍ឆ្នាំ៧០ និង៨០ ជន​ជាតិ​ជប៉ុនជាច្រើននាក់ ត្រូវបានប្រទេសកុម្មុយនីស​ចាប់ពង្រត់យកទៅ ដើម្បីឲ្យជនជាតិជប៉ុនទាំងនោះ បង្រៀន​ភាសា និងទំនៀមទម្លាប់ជប៉ុន ទៅដល់គិញ ឬចារបុរសស្ត្រីកូរ៉េខាងជើង ជាច្រើននាក់។ បូក​បន្ថែម​នឹង​បញ្ហា បង្កើត​អាវុធនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនីស នៅពេលនេះផង ប្រទេសជប៉ុនកាន់តែមិនទុកចិត្ត ប្រទេស​កូរ៉េ​ខាង​ជើង ទាក់ទងនឹងកាណូតខ្មោចទាំងនេះដដែល៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់