អតីត​អ្នក​តស៊ូ៖ អ្នក​លះបង់​អំណាច ទើប​ជា​អ្នក​«ប្រជាធិបតេយ្យ»

«ខ្ញុំមិននិយាយច្រើនទេ កាលណាមិនចេះដូរមេដឹកនាំ គ្មានទេប្រជាធិបតេយ្យ កុំស្រែក! (...) មិន​បាច់​រៀបរាប់​ទេ មិន​បាច់​លើក​ឡើង​ពីនេះ​ពីនោះ​នោះ​ទេ លុះត្រាតែឃើញដូរមែន អាហ្នឹងប្រជាធិបតេយ្យហើយ។» នេះ​បើ​តាម​ការ​អះអាង របស់​លោក ហួង ធាមទៀង ជាអ្នកតស៊ូ​ជើង​ចាស់ ក្នុង​ចលនារណសិរ្យជាតិ រំដោះប្រជាពលរដ្ឋខ្មែរ របស់​លោកតា សឺន សាន។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 11, 2015
  • ប្រធានបទ: នយោបាយ
  • អាន និងបញ្ចេញយោបល់

ព្រឹទ្ធាចារ្យ ហួង ធាមទៀត អតីតអ្នកតស៊ូ ជាមួយរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន បានថ្លែងឡើងលីថា ប្រទេសស្ថិតក្រោមការដឹកនាំ របស់មនុស្សតែ«ម្នាក់» គ្មានការផ្លាស់ប្តូរ (អ្នកដឹកនាំ) នោះ មិនមែនជាប្រទេស ដែលមានប្រជាធិបតេយ្យឡើយ បើទោះជាប្រទេសនោះ មានការគោរពច្បាប់ ឬសិទ្ធិ​មនុស្ស ឬបទដ្ឋានគតិយុត្តិនានា យ៉ាងណាក៏ដោយ។

ចាញ់តែមិនព្រមចាញ់...

ថ្លែងក្នុងវេទិការ «វគ្គបណ្តុះបណ្តាល ភាពជាអ្នកនយោបាយ» វគ្គ២ របស់គណបក្សអំណាចខ្មែរ នារាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមកនេះ លោកតាបានលើកឡើងថា ក្នុងសង្គមអ្នកនយោបាយខ្មែរ នា​សតវត្យន៍​ចុងក្រោយនេះ លោកបានមើលឃើញថា អ្នកនយោបាយទាំងនោះ ចេះតែឈ្លោះ និងប្រកែក​យក​ឈ្នះ​តែរៀងៗខ្លួន ហើយអះអាងថា ខ្លួនកំពុងគោរព តាមគោលការណ៍ប្រជាធិបតេយ្យ ដែលតាមការពិត គ្រាន់​តែ​ជា«លេស»ប៉ុណ្ណោះ។

លោកព្រឹទ្ធាចារ្យ បានចោទសួរឡើងថា ហេតុអ្វីបានជាពួកអ្នកនយោបាយទាំងនោះ អាចឈ្លោះគ្នាបាន តែ​មិន​អាចត្រូវគ្នាបាន? លោកតាថាទាំងនោះ មកពីអ្នកកាន់អំណាចម្នាក់ កាលណា«ចាញ់»(ឆ្នោត)ហើយ តែ​មិន​ព្រមចាញ់ ចាញហើយ មិនព្រមចុះពីអំណាច នៅតែក្រាញអំណាច មិនឲ្យទៅអ្នកដទៃគ្រប់គ្រងម្តងនោះ អញ្ចឹង​បញ្ហា ត្រូវកើតឡើងតាមរយៈការតវ៉ា ការតស៊ូ ដែលជាមូលហេតុ នៃការបង្ហូរឈាម រវាងខ្មែរ និងខ្មែរ ព្រោះ​តែ«អំណាច»នោះឯង។

តើជនកាន់អំណាចតែម្នាក់ឯងដ៏យូរនោះ ជានរណា?

ក្នុងជីវភាព និងជីវិតឆ្លងកាត់របបនយោបាយ និងបទពិសោធន៍ នៃការចូលរួមនយោបាយ ជាង៥០ឆ្នាំមកនេះ លោក ធាមទៀង បានបន្តថា បើមនុស្សកាន់អំណាចតែម្នាក់ឯង មានអំណាចក្នុងដៃកាន់តែយូរ នោះវាក៏កាន់​តែ​មាន​ចិត្ត​ចង់ និងឃ្លានអំណាច កាន់តែខ្លាំងឡើង (ល្មោភអំណាច)។ ដែលបញ្ហានេះ នឹងនាំមនុស្ស​ម្នាក់​នោះ ដឹកនាំទៅរករបៀបគ្រប់គ្រងប្រទេស តាមបែបផ្តាច់ការ ជាមួយនឹងការប្រើប្រាស់​អំណាចក្នុង​ដៃរបស់​ខ្លួន ដែល​អះអាង​ថា ជាអំណាច«ស្របច្បាប់»នោះ៕


» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោកតា ហួង ធាមទៀង ដូចខាងក្រោម៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់