ភូមា​ទន្ទឹង​លទ្ធផល​ឆ្នោត​សកល៖ ការ​ស្ទង់​មតិ​ថា បក្ស​ប្រឆាំង​ឈ្នះ

ជាលើកដំបូង តាំងពី២៥ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋភូមាប្រមាណជា ៨០ភាគរយ បានចូលរួម​បោះឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​សកលមួយ ដែលគេជឿថា មានលក្ខណៈសេរី។ គណបក្សសម្ព័ន្ធជាតិ ដើម្បីលិទ្ធិប្រជាធិបតេយ្យ (LND) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ទំនងជាបានឈ្នះ នៅក្នុង​ការ​បោះឆ្នោត​លើក​នេះ បើ​យោង​តាម​ការ​ស្ទាប​ស្ទង់ របស់​ក្រុម​អ្នក​ឃ្លាំ​មើល មក​ពី​បស្ចឹម​ប្រទេស។

មនុស្សជាច្រើនលាននាក់ បានចុះទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះ នៅប្រទេសភូមា តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១៦ល្ងាច។ លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនេះ នឹង​ត្រូវ​ប្រកាស ក្នុងច្រើនថ្ងៃទៅមុខទៀត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពី​យប់ថ្ងៃ​អាទិត្យ ថាមនុស្សប្រមាណជា៨០ភាគរយ នៃពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា ៣០លាននាក់ បាន​ចេញទៅបោះឆ្នោត ហើយលទ្ធផលជាជំហានដំបូង នឹងប្រកាសឲ្យដឹង នៅព្រឹកថ្ងៃចន្ទនេះ។

ចំនួនពលរដ្ឋដ៏ច្រើនលើសលប់ នៃការចេញទៅបោះឆ្នោតនេះ ដោយសារពលរដ្ឋទាំងនោះទន្ទឹងឲ្យមានការ​ផ្លាស់ប្ដូររបបដឹកនាំរបស់ប្រទេស ដែលបានធ្លាក់ចូល​ទៅក្នុងរបបដឹកនាំ​បែបយោធានិយម តាំងពីឆ្នាំ១៩៦២​មក។ នេះបើតាមសាស្ត្រាចារ្យមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីរដ្ឋធានី រ៉ង់ហ្គូន ប្រទេស​ភូមា។ គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ក៏បានលើកយកការស្ទាបស្ទង់ ជាជំហានដំបូងមួយដែរថា ​ខ្លួន​បាន​ឈ្នះរហូតដល់ទៅ៨០% នៃសន្លឹកឆ្នោត។ ប៉ុន្តែគណបក្សប្រឆាំង នៅមានភាពប្រយ័ត្នប្រយែង ជុំវិញ​ការ​ប្រកាស​នេះ ដោយហេតុថា លទ្ធផលជាបណ្ដោះអាសន្ន ប្រកាសដោយគណកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត នៅ​មិន​ទាន់​ឲ្យដឹងនៅឡើយ។

ទទួលយកដោយស្ងប់ស្ងៀម...

នៅចំពោះមនុស្សជាច្រើនរយពាន់នាក់ ដែលស្រែក«ម៉ែស៊ូៗ» និងដែលបានប្រមូលគ្នា មកជួបជុំខាងមុខ​ទីស្នាក់ការ គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ  អ្នកស្រី អ៊ុងសានស៊ូជី ម្ចាស់ពានរង្វាន់សន្តិភាព ក្នុង​សម្លៀកបំពាក់ឈុតក្រហម (ពណ៌របស់គណបក្សអ្នកស្រី) បានថ្លែងឡើងថា៖ «សូមបងប្អូនទាំងអស់គ្នា ទៅ​រងចាំស្ដាប់លទ្ធផល នៅផ្ទះរបស់បងប្អូន។ ហើយនៅពេលដែលលទ្ធផល នៃការបោះឆ្នោត នឹងត្រូវប្រកាស​នោះ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នា ទទួលយកដោយស្ងប់ស្ងៀម។»

ការបោះឆ្នោតមានលក្ខណៈសេរី?

មេដឹកនាំប្រឆាំង វ័យ៧០ឆ្នាំរូបនេះ ត្រូវបានបង្ខាំងដោយរបបយោធា ឲ្យរស់នៅក្នុងគេហដ្ឋានអ្នកស្រី អស់​ជាង១៥ឆ្នាំ ហើយទើបតែធ្វើការដោះលែងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០។ និមិត្តរូបនៃការអត់ធ្មត់ និង​ការតស៊ូដោយអហិង្សា អ្នកស្រីបានបោះឆ្នោត កាលពីថ្ងៃអាទិត្យ ជាលើកទីពីរ នៃជីវិតរបស់អ្នកស្រី នៅក្នុង​ការិយាល័យបោះឆ្នោតមួយ ក្នុងសាលារៀនកណ្ដាលរដ្ឋធានី រ៉ង់ហ្គូន ក្រោមការតាមប្រមាញ់ ពីអ្នក​សារព័ត៌មាន​មកពីគ្រប់ទិសទី នៅក្នុងលោក។ ការបោះឆ្នោតលើកទីមួយ ដែលគេជឿថា មានលក្ខណៈ​សេរី​ដែរ បាន​ធ្វើ​ឡើង​នៅឆ្នាំ១៩៩០ និងបានផ្ដល់ជ័យជំនះ ទៅឲ្យគណបក្ស  របស់អ្នកស្រីរួចហើយ។ ប៉ុន្តែ​នៅ​ពេលនោះ មេ​​ដឹក​នាំ​យោធា មិនបានទទួលស្គាល់ នូវលទ្ធផលនៃការបោះឆ្នោតនេះទេ និងបានបន្តរបប​ដឹកនាំ បែប​«យោធា​និយម»​របស់ខ្លួន រហូតដល់រយៈពេល ជិតកន្លះសតវត្សន៍ (ពីឆ្នាំ១៩៦២ មកទល់នឹង​ឆ្នាំ​២០១១)។

បន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទទ្វា នៅល្ងាចថ្ងៃអាទិត្យម្សិលម៉ិញនេះ ប្រធានក្រុមបេសកកម្ម​ឃ្លាំ​មើល​​របស់សហភាពអ៊ឺរ៉ុប បានអះអាងថា មិនបានរកឃើញសញ្ញា នៃការលួចបន្លំណាមួយឡើយ។ ប៉ុន្តែ​លោក​​បាន​អះអាងបន្តថា នីតិវិធីនៅវែងឆ្ងាយតទៅទៀត និងការលួចបន្លំ អាចកើតឡើងបានគ្រប់ពេល នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើមរាប់ ឬនៅពេលដឹកហិបឆ្នោតទាំងនោះ។ នេះគេនៅមិនទាន់និយាយដល់ ភាពមិន​ប្រក្រតី​មួយ​ចំនួន ដែលលើកឡើងដោយគណបក្ស LND និងដោយអ្នកឃ្លាំមើលមួយចំនួន នៅក្នុង​តំបន់​ភាគ​ខាងក្រោម នៃ​ទន្លេ​«Irrawaddy»។

កងទ័ពភូមា ស្ម័គ្រទទួលយក...

ខណៈចំណោទបានចោទសួរ អំពីប្រតិកម្មរបស់យោធាភូមា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតនោះ អគ្គ​មេបញ្ជាការយោធា របស់ប្រទេសភូមា លោកឧត្ដមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បាន​ប្រកាស​ពីក្រុង «Naypyitaw» មកថា ការបោះឆ្នោតក្នុងឆ្នាំ២០១៥នេះ មិនដូចគ្នា ទៅនឹងការបោះឆ្នោត នាឆ្នាំ​១៩៩០​នោះឡើយ។ លោក បានថ្លែងឡើងថា៖ «បើប្រជាជន បានជ្រើសរើស (គណបក្សប្រឆាំង) វាគ្មានហេតុផល​អ្វី ដែលយើងមិនទទួលយកនោះទេ»។

បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនេះរួច នៅប៉ុន្មានខែខាងមុខ នឹងមានការបោះឆ្នោត ជ្រើស​រើស​ប្រធានាធិបតី ដោយរដ្ឋសភាភូមា។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានហាមឃាត់ ដោយ​រដ្ឋធម្មនុញ្ញ (បង្កើត និងអនុម័តឡើង ដោយក្រុមយោធា) មិនឲ្យឈរឈ្មោះ ព្រោះអ្នកស្រីមានស្វាមីជាតិអង់គ្លេស និង​មានកូន​ជាកូនកាត់នោះ បានថ្លែងត្រៀមទុកជាមុនហើយ ថាអ្នកស្រីនឹងដឹកនាំរដ្ឋាភិបាល ហើយនឹងមាន​អំណាច ជាង​​ប្រធានាធិបតី ប្រសិនណាជាគណបក្សអ្នកស្រី បានឈ្នះឆ្នោតក្នុងពេលនេះ។ ប៉ុន្តែករណី​នេះ វាមាន​ភាព​ស្មុគ្រស្មាញ នៅត្រង់ថា ដើម្បីដឹកនាំប្រទេស និងអាចជ្រើសរើសប្រធានាធិបតី ដែលចេញពី​គណបក្ស​​អ្នកស្រី​បាន លុះត្រាគណបក្ស LND ឬរួមជាមួយគណបក្សសម្ព័ន្ធភាពផ្សេងទៀត អាច​រក​សម្លេង​បាន ច្រើនជាង​២​ភាគ៣ នៃសម្លេងក្នុងរដ្ឋសភាទាំងអស់។ ស្មុគ្រស្មាញខ្លាំង ដោយសារតែកៅអីចំនួន១​ភាគ៤ នៃកៅអី​តំណាង​រាស្ត្រទាំងអស់ នៅក្នុងរដ្ឋសភា ត្រូវបានរដ្ឋធម្មនុញ្ញកំណត់ឲ្យប្រគល់ ទៅឲ្យក្រុម​ឧត្តមសេនីយ៍​គ្រាក់ៗ នៃ​កងទ័ព​ភូមា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់