Cambodian Idol៖ ម៉ៅ ហាជី មិន​បាន​ពាន​តែ​មាន​ការ​គាំទ្រ

នៅវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជន ម៉ៅ ហាជី ដែលមានការគាំទ្រច្រើន ពីសំណាក់ទស្សនិជន មិនអាចកាន់ពានរបស់កម្មវីធី ខេមបូឌៀន អាយឌល បានឡើយ។ តែសម្រាប់អ្នកគាំទ្រវិញ នៅមិនអស់ចិត្តសោះ ចំពោះបរាជ័យរបស់បេក្ខជន។
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី០២ វិច្ឆកា ២០១៥
  • កែប្រែចុងក្រោយ: November 05, 2015
  • ប្រធានបទ: ចម្រៀង
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីបានឆ្លងកាត់ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ ទី០១ ខែ វិច្ឆកា ឆ្នាំ២០១៥ នៃកម្មវីធី​ប្រឡង​ចម្រៀង «Cambodian Idol» ដែលមានលក្ខណៈជាអន្តរជាតិនេះ បេក្ខជន ម៉ៅ ហាជី មិនអាចជា​ម្ចាស់​ពានបាន បើទោះជាមានអ្នកគាំទ្រជាច្រើន បានលើកឡើងថា ម៉ៅ ហាជី ស័ក្ដិសមជាម្ចាស់ជ័យ​លាភី​ក៏​ដោយ។

បេក្ខជនមានវ័យ ២៣ឆ្នាំ និងមានដើមកំណើត នៅខេត្តបាត់ដំបងរូបនេះ តែងតែទទួលបានការគាំទ្រ យ៉ាង​ច្រើន ពីទស្សនិជនមួយវគ្គទៅមួយវគ្គ ហើយក៏មានការកោតសរសើរ មិនដាច់ពីគណះកម្មកាទាំង ៤រូបផង​ដែរ។ ប៉ុន្តែលទ្ធផល នៅវគ្គផ្តាច់ព្រ័ត្រវិញ គឺខុសពីក្តីសង្ឃឹម របស់អ្នកគាំទ្រទាំងស្រុង។

នៅសប្តាហ៍ផ្តាច់ព្រ័ត្រនេះ បេក្ខជនមានវ័យ ២៣ឆ្នាំនេះ បានបកស្រាយបទចម្រៀងចំនួន ៤បទ គឺ រំដួលដង​ស្ទឹងសង្កែ ម៉ាក់ស៊ីនារីថ្មី ឈឺចាប់បន្តិចម្តង និងក្រោកឈរ។ បទណាក៏ដោយ ដែលបក្ខជនបានច្រៀង តែង​មាន​ទះដៃអបអរយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាផ្ទាល់។


ចំពោះភាពបរាជ័យ មិនអាចលើកពានបានរបស់ ម៉ៅ ហាជី មានការបញ្ចេញមតិ ពាសពេញបណ្តាញសង្គម យ៉ាងសន្ធឹកសន្ធាប់។ ម្ចាស់គណនី «Heng No Heart » បានលើកឡើងថា៖ «ដូចអត់យល់! តាមខ្ញុំឃើញ ម៉ៅ ហាជី (មាន) fan ច្រើនជាង នី រតនា។ ប៉ុន្តែ នី រតនា បានពានវិញ។ ដូច the voice ពីមុនអញ្ចឹង ឃុន វត្ថា មាន fan ច្រើនជាង ប៊ុត សីហា ទៀត។ ប៉ុន្តែ បែរជាអ្នកឈ្នះវិញ.... ដល់ពេលឈ្នះហើយ បាត់មុខឈឹង។ លើកនេះ សង្ស័យតែអញ្ចឹងទៀតទេ?»។

ចំណែក «Ratana PersieZz» បានបង្ហើសំណេររបស់ខ្លួន ចំអកឲ្យម្ចាស់ជ័យលាភី នី រតនា នៅលើ​បណ្ដាញ​សង្គមដែរថា៖ «និយាយរួម តាំងពីដើមដល់ចប់ ហាជី ធ្វើល្អជាង រតនា ដាច់ មិនថាបទញាក់ បទសង់ទីម៉ង បទសម័យដើម ហាជី ធ្វើល្អជាង រតនា ដាច់។ ហើយរតនា បើច្រៀងបទភ្ជុំបិណ្ឌវិញ គឺច្រៀង​មិន​កើត​ហ្មង។ និយាយ​ទៅ ចាញ់ ហាជី ទាំងអស់។»។


តាមគណនី «Kou Sophak» បានស្នើសុំឲ្យទូរទស្សន៍ហង្សមាស គួរតែបង្ហាញតួរលេខសំលេងឆ្នោត ចំពោះ​បេក្ខជន​ទាំងបីរូប តាមប្រព័ន្ធទិន្នន័យ ដែលមានភាពសុក្រឹត្យ និងជឿទុកចិត្តបំផុត។ «Kou Sophak» បាន​សរសេរថា៖ «នៅពេលដែលតួរលេខ សំលេងឆ្នោត បានបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ទើប​អ្នក​​គាំទ្រ មានទំនុកចិត្ត លើម្ចាស់រៀបចំកម្មវិធី»។

រីឯតារាសម្ដែង «Chanlakhena Chorn» វិញបានសរសេរ លើគណនីរបស់នាងថា សរសើរម្ចាស់​ពាន​រង្វាន់​​វិញ ថាបេក្ខជន នី រតនា មានបច្ចេកទេសច្រៀង ល្អជាង ម៉ៅ ហាជី។ តារាសម្ដែង បានសរសេរថា៖ «អ្នក​ចំរៀង ឫច្រៀងពិរោះ មិនប្រាកដថាត្រចៀកវៃល្អទេ។ រតនា មានបច្ចេកទេសច្រៀងល្អ ស្គាល់ microphone ច្បាស់។ មានអ្នកយល់ (ពី)អ្វី ដែលខ្ញុំនិយាយ (ឬ) អត់ណ្ន៎? តែពួកគាត់ល្អដូចគ្នា សំខាន់ពួកគាត់ គឺសុទ្ធតែ​​ជា​​អ្នក​​លើក​ស្ទួយវិស័យសិល្បះ។»៕




Loading...

អត្ថបទទាក់ទង


មតិ-យោបល់