បុណ្យភ្ជំ៖ យុវវ័យ​សម័យ​ថ្មី​ស្លៀក​ពាក់ ឲ្យ​ព្រះ​សង្ឃ​«បះ»​កេសា!

ព្រះសង្ឃភាគច្រើន សម្រេចចិត្តសូត្រព្រះធម៌ ទាំងបិទភ្នែក ឬទទួលទ័យទាន ដោយមិនហ៊ានសម្លឹកអ្នកជូន ព្រោះ​ខ្លាច​ដាច់​អាបតិ្ត។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 14, 2015
  • ប្រធានបទ: ប្រពៃណី
  • អាន និងបញ្ចេញយោបល់

«ស្រ្តី»សម័យទំនើប ឬសម័យបច្ចេកវិទ្យាថ្មី មួយចំនួន បានភ្លេចខ្លួន ដោយចូលទៅទីវត្តអារាម ក្នុងពិធីផ្សេងៗ ពិសេសពិធីបុណ្យភ្ជំបិណ្ឌ ដោយស្លៀកពាក់ដូចជាងកាត់មិនទាំន់រួច ឬស្លៀកពាក់ តាមរបៀបខ្វះក្រណាត់ ឬ​លុយទិញក្រណាត់ជាដើម។  បើទោះជាខ្លួនកំពុងធ្វើបុណ្យ សាងកុសល នៅចំពោះមុខព្រះសង្ឃក៏ដោយ តែ​សកម្មភាពដែលខ្លួនបង្ហាញ តាមសម្លៀកបំពាក់ កំពុងសាងបាបមួយយ៉ាងធ្ងន់ ដែលនាំឲ្យព្រះសង្ឃដាច់​អាបតិ្ត។

នៅចំពោះព្រឹត្តិការណ៍​សង្គមបែបនេះ អ្នកលេងហ្វេសប៊ុកដ៏ល្បីម្នាក់ លោក ឆាំ ឆានី បានបង្ហោះនូវពាក្យពេជ្រ ឌឺដងមួយចំនួន អមនឹងរូបភាពស្រ្តី ឬយុវតីមួយចំនួន ដែលស្លៀកពាក់ យ៉ាងស៊ិចស៊ី លេចលើ លេចក្រោម នៅ​ចំពោះមុខព្រះសង្ឃជាដើម។ ពាក្យពេជ្រនោះ មានន័យជាអាថ៌ថា៖ «នាងអើយនាងមុំ ឲ្យរៀមបងសុំ ចិត្តមុំ​បាន​ម្តង ព្រោះលោកក៏ជា ប្រុសដែរនួនល្អង បើម្លឹងៗម៉ង ឆ្លងភពម៉េចរួច។»

សម្រាប់លោក ចាន់ សីហា បានបង្ហាញនូវការហួសចិត្ត និងសោកស្តាយ ចំពោះយុវតីមួយចំនួនទាំងនោះ ហើយ​វាយតម្លៃពួកនាងៗទាំងនេះ ថាកំពុងឈ្លក់វង្វេង ធ្វើឲ្យវប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដ៏ល្អរបស់ខ្មែរ ត្រូវបាត់បង់។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «អនិច្ចាក្រមសិល្បធម៌ខ្មែរ ដ៏ល្អល្អះ ផូរផង់ អស្ចារ្យ រាប់លានឆ្នាំ​មក​ហើយ ប្រែបែរជាមកធ្លាក់ដាំក្បាលចុះ ដោយមិនអាចស្រោចស្រង់បាន។ (...) ខន្តីៗៗៗៗៗៗ ណា​ញោម​ស្រីៗ សូមកុំប្រព្រឹត្តបែបនេះអី។»

យល់ផ្ទុយពីនេះ ម្ចាស់ហ្វេសប៊ូកម្នាក់ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការស្លៀកខ្លី ឬលេចលើលេច​ក្រោមនោះ មិនជាការសំខាន់ឡើយ ព្រោះនេះគ្រាន់តែជាសំបកខាងក្រៅប៉ុណ្ណោះ ឲ្យតែមានចិត្តគោរព និង​ប្រតិបត្តិព្រះសង្ឃនោះ ជាការប្រពៃហើយ។ កញ្ញា សាង ប៊ុនម៉ៅ លើកឡើងទំនងជាចង់បង្ហាញថា ផ្ទុយនឹង​ទង្វើ អ្នកខ្លះបង្ហាញតាមសម្បកខាងក្រៅ ពីការគោរពស្រលាញ់ ចំពោះព្រះសង្ឃ តែក្នុងចិត្តវិញ មិនដែលទុក​ព្រះសង្ឃក្នុងចិត្តនោះឡើយ។ កញ្ញាបន្តថា៖ «មិនជាអ្វីទេ សម័យនេះទៅហើយ ភ្នែក ចិត្ត កាយព្រះអង្គ ក៏​ត្រូវ​បានព្រះអង្គសង្រួមផងទៅហើយដែរ។ (...) ជាការល្អ ឲ្យតែយុវជនចេះគោរព សំពះព្រះសង្ឃ គោរពសាសនា​បែប​នេះ ក៏បានសមគួរតាមប្រពៃណីដែរ។»

យ៉ាងណា ចំពោះការរិៈគន់ និងការបកស្រាយខាងលើ ក៏មានអ្នកលេងហ្វេសហ៊ូកម្នាក់ទៀត បានបង្ហាញនូវ​ការ​កោតសសើរចំពោះ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស និងភរិយា ដែលបានចូលរួម ក្នុងពិធីកាន់បិណ្ឌ​របស់​ខ្មែរ ក្នុងទឹកដីខ្មែរ ជាមួយនឹងសម្លៀកបំពាក់សមញ្ញធម្មតា។ លោក ឈុន ឧត្តម បានជូនមគ្គផល ទៅកាន់លោក​ឯក​អគ្គរដ្ឋ​ទូត​ថា៖ «សូមកោតសរសើរ និងសូម​អនុមោទនា នូវទឹកចិត្ត ជ្រះថ្លារបស់គាត់»៕





Loading...

អត្ថបទទាក់ទង


មតិ-យោបល់