ប្រេត​ទាំង​១២ពួក និង​ការ​បោះ​បាយ​បិណ្ឌ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

មូលហេតុដែលនាំឲ្យមានការបោះបាយបិណ្ឌ ក្នុងពិធីបុណ្យ«ភ្ជុំបិណ្ឌ» ព្រោះមនុស្ស ដែលបានសាងបាប​ច្រើន ពេល​ស្លាប់​ទៅ បានកើតជា«ប្រេត» នឹងមិនអាចទទួលយក «ការឧទិ្ទផលបុណ្យ» ពីសាច់ញាតិបាន​ទេ។ ប្រេត​ប្រភេទ​នេះ មាន​ឈ្មោះ​ថា​«កុណបាសិក្កក»។ តាមព្រះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា «កុណបាសិក្កកប្រេត»​នេះ អាច​ទទួល​បាន​តែ​«របស់​ណា គេបោះចោលទៅនឹងដី»ប៉ុណ្ណោះ រួមមាន​ដូច​ជា​ស្លេះ, ខ្ទុះ, កំហាក, ឈាម, សំរាម និង​សំបោរ​ជា​ដើម។
ប្រេត​ទាំង​១២ពួក និង​ការ​បោះ​បាយ​បិណ្ឌ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ
គំនូសបំព្រៀង បង្ហាញពីប្រភេទប្រែត ទាំង១២ នៅក្នុងជំនឿសាសនា។ (រូបភាពពីព្រះតេជគុណ យិន រតនសុធាវី)
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២ តុលាក ២០១៥
  • កែប្រែចុងក្រោយ: October 09, 2015
  • ប្រធានបទ: ជំនឿ
  • អាន និងបញ្ចេញយោបល់

ការបោះបាយបិណ្ឌ ជា «ពិធីបែបទំនៀមទម្លាប់» មួយ ដែលត្រូវធ្វើឡើង ដើម្បីជួយដល់ពពួក «កុណបាសិក្កក​ប្រេត» ដែលមិនអាចទទួលការឧទិ្ទផលបុណ្យ ពីសាច់ញាតិ ឬមិនមានសាច់ញាតិ ឧទិ្ទផលបុណ្យឲ្យ។ ការ​បោះ​បាយបិណ្ឌ នេះត្រូវបានរៀបចំឲ្យមានឡើង ចាប់តាំងពីថ្ងៃបិណ្ឌ១ ដល់បិណ្ឌទី១៥ ដែលជាថ្ងៃចុងក្រោយ ឬ​ហៅថា «ភ្ជុំបិណ្ឌ»។ តាមការអះអាង និងសរសេរក្នុងសៀវភៅមួយ ឈ្មោះថា «ប្រវត្តិប្រេត១២ពួក» ដោយ​ព្រះ​តេជគុណ យិន រតនសុធាវី បានលើកឡើងថា តាមការត្រាស់សម្តែង របស់ព្រះសម្មាសម្ពុទ្ធ ពពួកប្រេត មាន​ច្រើន​ប្រភេទ ដែលរួមមានប្រភេទ១២ពួក ប្រភេទ២១ពួក និងប្រភេទ៣ពួក។

ព្រះតេជគុណ បានលើកឡើងថា តាមព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ពពួកប្រេត ដែលអាចទទួលយក «ការ​ឧទិ្ទសកុសល» បាននោះ មានតែពពួកប្រេត ដែលមានឈ្មោះថា «បរាតទោបជីប្រេត»ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ មានអំណាច អាចបណ្តាលឲ្យឃើញ វត្ថុឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍​បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន តែពេលថ្ងៃ ជាប្រេតសោយទុក្ខវេទនា យ៉ាង​សែនខ្លោចផ្សា។ ពួកខ្លះអត់ឃ្លាន មានមាត់ប៉ិនម្ជុល។ ពួកខ្លះ ត្រូវស៊ីរបស់បដិកូល (របស់មិនស្អាត) ដូច​ជា​សាកសពសត្វជាដើម។ ជាមួយគ្នានេះ ព្រះតេជគុណ យិន រតនសុធាវី បានលើកយកប្រភេទ នៃ​ពួក​ប្រេត​១២ពួក មកធ្វើការពន្យល់ដូចខាងក្រោម៖

ប្រេតប្រភេទទី១ ឈ្មោះ «វន្តាសប្រេត»៖ ជាប្រេត ស៊ីតែរបស់ ឬស៊ីតែកំហាក ដែលគេស្តោះ ឬគេខ្ជាក់​ចេញ​ពីមាត់។ ប្រេតនេះ មានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់​រួញ​ក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅ​ពេញកាយ រាប់រយលានឆ្នាំ មិនដែលស្គាល់បាយ។ ជាប្រេតមិនបានធ្វើបុណ្យ ដោយចិត្តជ្រះថ្លា ស្តោះ​ដាក់​អាហារ ឲ្យអ្នកមានសីលខ្ពស់ ។

ប្រេតប្រភេទទី២ ឈ្មោះ «កុណបាសប្រេត»៖ ប្រេតនេះ ស៊ីតែសពខ្មោច។ ជាប្រេតអត់បាយរាប់កោដិឆ្នាំ ហើយស៊ីតែខ្ទុះឈាម នៃសពខ្មោចឥតបានប្រយោជន៍ទេ។ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះ​មាន​ផល​កម្មចាស់ ដែលខ្លួនបានសាងឡើង។ ប្រេតប្រភេទនេះ មានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុន​ត្រឡោក ចង្កាយារស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួន មិនសម​ប្រកប និង​ធុំក្លិនខ្លួនស្អុយអសោចិ៍។

ប្រេតប្រភេទទី៣ ឈ្មោះ «គូថខាទក»៖ ជាប្រេតស៊ីតែលាមក។ ជាប្រេត មានភ្នែករឹងទទឹង មាត់ខើច​សំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀក​កំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ក្លិនស្អុយ ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរ​ស្កាត់​រក​គំនរលាមក មកធ្វើចំណី។ ប្រេតនេះ រស់នៅដោយស្វែងរក«លាមក» ធ្វើជាចំណី រាប់រយកោដិឆ្នាំ រស់​ដោយ​ផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ។

ប្រេតប្រភេទទី៤ ឈ្មោះ«អគ្គិជាលមុខ»៖ ជាប្រេតច្រើន រស់នៅតាមដងព្រៃជ្រៅ ញកបព្វតា ក្បែរមាត់​សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក និងពុំអាចឆីចំណីបាន ។ ប្រេតនេះមានភ្លើងឆេះ រោល​រាល​ពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធ​ព័ទ្ធ​សាច់​ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះ គឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន។ ជា​មនុស្ស​ប៉ោឡែលេង នឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ។

ប្រេតប្រភេទទី៥ ឈ្មោះ«សូចិមុខ»៖ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះ ស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅ ដោយផលកម្មដែលខ្លួនបានសាង។ កាលពីជាតិមុន មិនបានធ្វើបុណ្យ មានទ្រព្យច្រើន តែចិត្តកំណាញ់មិនដាក់ទាន ឲ្យអ្នកក្រខ្សត់ សូម្បីតែមាតា​បិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ។ ប្រេតនេះ មានមុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធ​គូទ​ម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែងស៊ីសុសដុំ ដុះវែង ក្រាស់​ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។

ប្រេតប្រភេទទី៦ ឈ្មោះ «តណ្ហដិ្ឋត»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ដាច់ពីគេឯង ហើយស្រេក​ឃ្លាន​អាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះ ស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយ ទៅជា​ក្រួស​ថ្ម​ទៅ​វិញ ។ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះ​ប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។

ប្រេតប្រភេទទី៧ ឈ្មោះ «សុនិជ្ឈាមក»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ឆ្ងាយដាច់ពីគេ ឬនៅលើ​កោះ​តែម្នាក់ឯង។ ព្រោះខ្លួនចង្រៃ ប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ ជេរស្តី​ឲ្យ​លោក និយាយពាក្យចាក់ដោតឡកឡាយ បញ្ឆោតអ្នកមានសីល ឲ្យអាប់កិត្តិយស។ ជាប្រេត ដែលមាន​រូប​រាង​កាយ​គ្រាំគ្រា គ្មានពេលស្បើយ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់​ស្អុយ​ខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា។ ត្រចៀកបាក់ធ្លាក់យារដាប ដល់ស្មា សក់​ក្បាលវែងអាក្រក់ពេកក្រៃ។ ប្រេតនេះ មានកម្មក្រាស់ណាស់ បើមានចំណី គឺពុំអាចស៊ីបានទេ គឺ​មាត់​ដុះ​កន្ទុយ។

ប្រេតប្រភេទទី៨ ឈ្មោះ «សត្ថង្គ»៖ ជាប្រេតរស់នៅ ក្នុងព្រៃជ្រៅលើកោះ មានច្រើនរាប់ម៉ឺនសែនលាន។ កាល​ពីជាតិមុន អត់បានធ្វើបុណ្យ មានចិត្តកាច ។ ប្រេតនេះ ច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រម​ទាំង​វាយគាត់ ប្រើពាក្យប្រមាថជីដូន ជីតា ឬញាតិសន្តានបំភ្លេចគុណគេ បែរជាឲ្យទោសគេទៅវិញ។ ជាប្រេត​មាន​ដំបៅ​ពេញ​រាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះ​ធំវែង ពោះ​ធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ។ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពោះពេញប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែកសាច់បាន គឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ។ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវា​មាន​កម្ម​​ក្រាស​ណាស់។

ប្រេតប្រភេទទី៩ ឈ្មោះ «បព្វតង្គ»៖ ប្រេតនេះ ច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ។ ជា​ប្រេតមានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី។ ចំពោះខ្លួនប្រាណវិញ គឺ​មាន​ភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែ​មិន​ស្លាប់ ព្រោះបានធ្វើបាបកម្មច្រើន និងទ្រាំរស់នៅបែបបនេះ រាប់រយឆ្នាំទៀតលុះអស់កម្មពៀរ។ កាល​ពីជាតិ​មុន ជាមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំឈ្លោះប្រកែក និងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ ដែល​ខ្លួនបានសាង។

ប្រេតប្រភេទទី១០ ឈ្មោះ «អជគរង្គ»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រ​លើ​ដុំ​សិលា។ មានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី...។ ប្រេតនេះចម្លែក មាន​រូបរាងប្លែក​ខុស​ប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់​ពេល​វេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ កាលពីជាតិមុន មិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូន​ជីតា ជេរអ្នកមានគុណថាឆ្កែឆ្មា។ ចំពោះព្រះសង្ឃ ក៏មិនខ្លាចប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មាន​ក្បាលច្រើនបែបនេះឯង មានភ្លើង គ្រប់ពេលវេលាបែបនេះ ។

ប្រេតប្រភេទទី១១ ឈ្មោះ «វិមានិក»៖ ប្រេតនេះ គេហៅថា យមរាជទៅកាប់សត្វនរក ឈាមប្រឡាក់ព្រាច ពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេល​ដែល​សោយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះ មានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោម​រោម​សុំ​ស្នេហ៍។ ដល់ពេលសោយទុក្ខ កើតជាប្រេតចង្រៃរងទុក្ខវេទនា ទាំងយប់ទាំងថ្ងៃ។ មានរូបធំទ្រមឹង រាងធាត់​ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខទុក្ខស្មើគ្នា។ តាមធម្មតាដៃកាន់អាវុធ ចិត្ត​កាចក្លៀវក្លា។ កាលពីជាតិមុន ជាមនុស្សស៊យប្រព្រឹត្តលេលា បានធ្វើទានខ្លះធ្វើតាមទម្លាប់ គឺបុណ្យក៏ធ្វើបាប ក៏ធ្វើក្នុងន័យប្រមាថ ដូចនេះហើយ ទើបផលកម្មសងទាំងពីរបែបនេះ។

ប្រេតប្រភេទទី១២ ឈ្មោះ «មហិទ្ធិក»៖ ជាប្រេត ដែលមានរូបល្អពេញទី ជា«ស្តេចនៃប្រេត»។ អ្នកមានឫទ្ធីល្អ ឥតមានពីរស្មើរូបទេព្តា។ មានគ្រឿង ស្លៀកពាក់ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារអ្វីៗ ត្រេកអរ​លើសលន់ ខំស្ទុះទៅចាប់ ភ្លើងឆេះពេកពន់។ បើមិនដូចនោះទេ ឃើញហើយ ខំស្ទុះចាប់កើបស្រវា បានដាក់​ក្នុងមាត់ លេបទៅកាលណា ស្រាប់តែក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់។ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ។ ប្រេតនេះ កាលពីជាតិមុន បួសក្នុងសាសនា​ប្រមាថ​សុស​សាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់​លាភ​សាសនា​វិន័យសិក្ខាមិនប្រតិបត្តិ។

តាមបែបទំនៀមទម្លាប់ ពិធីបោះបាយបិណ្ឌនេះ ជាពិធីមានន័យណាស់។ តែសម័យបច្ចុប្បន្ន បែរជាមាន​យុវវ័យ​មួយចំនួន យកពិធីនេះទុកជាការលេងសើច។ ដោយខ្លះ បានយកបាយបិណ្ឌគប់គ្នាលេង ខ្លះទៀតនោះ​យក​លេសថា ទៅបោះបាយបិណ្ឌ តែបែរជាណាត់ជួបគ្នា និងទុកជាកន្លែងទាក់ទងស្នេហាទៅវិញ។ យុវជន យុវនារី​ទាំងអស់ ដែលទៅបោះបាយបិណ្ឌ ត្រូវតែស្តាប់ឱវាទព្រះសង្ឃ និងអាចារ្យ និងត្រូវបោះដោយសេចក្តីគោរព។

» សូមអានអត្ថបទទាក់ទងបន្ថែម ដោយចុចនៅលើទីនេះ។៖

សូមបញ្ជាក់ថា ទាក់ទងនឹងជីវិតរស់នៅរបស់ប្រេតនេះ ភិក្ខុ លោក ស៊ីវ ស៊ុន (អ្នកនិពន្ធបទផ្ញើប្រាណ លើ​ផ្កា​ឈូកស ឬភ័ព្វសំណាង) បាននិពន្ធនូវ«ល្បើកប្រេត» ដែលរៀបរាប់ពីប្រភេទនីមួយៗ នៃប្រេត ការឈឺចាប់ ការ​ស្រេខឃ្លាន និងការរស់នៅ របស់ពពួកប្រេតទាំងនោះ។ ដោយឡែក «ទំនួញប្រេត» និពន្ធ និងស្មូតដោយ លោក ពេជ្រ សុខា ដែលច្រៀងរៀបរាប់ពីទុក្ខ បុណ្យ បាប របស់ឪពុកម្តាយដែលបានស្លាប់ និងកើតទៅជាប្រេត ព្រោះ​តែដើម្បីកូនៗ។ នេះបើតាមសង្ឃដីការ របស់ព្រះតេជគុណ យិន រតនសុធាវី។

សូមស្តាប់និងទស្សនាដូចខាងក្រោម៖

 

វីដេអូខាងក្រោមមួយទៀត ជាការសម្តែង និងឆ្លុះបញ្ចាំង អំពីជីវភាពនៅឋាននរក នៃពពួកប្រេតទាំ១២ពួក ពោរ​ពេញដោយមានទុក្ខញំញី ដ៍យ៉ាងក្រៃលែង។ វីដេអូនេះ ត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកឈ្មោះ លីម ហុក (Lim Hok) និងបានចម្លែងចែកចាយគ្នា ជាបន្តបន្ទាប់។ ពិធីនេះ ត្រូវបានរៀបចំឲ្យមានឡើង ជារៀងរាល់ឆ្នាំ ពិសេសនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលអ្នកសុកនោះ បានយកមនុស្សធ្វើជាប្រេត សម្រាប់លេងក្នុងថ្ងៃបុណ្យភ្ជុំ។ នេះបើតាមការអះអាង របស់ម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ គីម សេង (Seng Kim)។

 

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់