កម្ពុជា៖ ជន​៤នាក់​​ជាប់​គុក ព្រោះ​សរសេរ ឬ​​និយាយ​លើ​ហ្វេសប៊ុក

ឆ្នាំ២០១៥នេះ ជាឆ្នាំដ៏ពិសេសដំបូងគេ នៅប្រទេសកម្ពុជា ដែលអាជ្ញាធររបស់ប្រទេសនេះ បានធ្វើការ​ឃុំ​ខ្លួន​មនុស្ស ចំនួន​៤នាក់ ព្រោះតែការសរសេរ ឬនិយាយ នៅលើបណ្តាញសង្គម។ ជនទាំងបួននេះ មិន​មាន​សំណាង ដូច​ម្ចាស់​គណនី ផែង វណ្ណៈ ដែលធ្លាប់គម្រាម សម្លាប់លោក កឹម សុខា តាមបណ្ដាញសង្គម តែ​បែរ​ជា​នៅ​ក្រៅ​ឃុំ យ៉ាង​ព្រងើយ​នោះ​ឡើយ។
កម្ពុជា៖ ជន​៤នាក់​​ជាប់​គុក ព្រោះ​សរសេរ ឬ​​និយាយ​លើ​ហ្វេសប៊ុក
លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ (រូបថត ហ្វេសប៊ុក)

មកដល់ពេលនេះ មនុស្សចំនួនបួននាក់ហើយ ដែលត្រូវអាជ្ញាធរនៃប្រទេសកម្ពុជា ចាប់ដាក់ពន្ធនាគារ ដោយ​សារពួកគេទាំងនេះ បានសរសេរ និងនិយាយផ្សាយ ពីបទ«គម្រាម» ឬ«ក្លែងបន្លំ»នៅលើបណ្ដាញសង្គម។ ផ្ទុយ​ទៅវិញ រហូត​មកដល់ពេលនេះ ជនម្នាក់ទៀតឈ្មោះ ផែង វណ្ណៈ ដែលបានបង្ហោះសារគម្រាមសម្លាប់ តាម​ហ្វេស​ប៊ុក​​ដែរ​នោះ មិន​ដែលត្រូវបានអាជ្ញាធរខ្វាយខ្វល់ ចាប់ខ្លួនដាក់ពន្ធនាគារ រួចទើបធ្វើការ​ស៊ើប​អង្កេត​នោះ​ឡើយ។

និស្សិតឈ្មោះ តៅ សាវឿន ជាមនុស្សចុងក្រោយ ក្នុងចំណោមជនទាំងបួន ដែលត្រូវបានបានចាប់ខ្លួនដាក់ឃុំ ដោយសារនិស្សិតរូបនេះ បានសរសេរជាយោបល់ (Comment) នៅលើហ្វេសប៊ូក (Facebook) ក្នុងការ​គម្រាម​សម្លាប់ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក តៅ សាវឿន ត្រូវបាននគរបាលការិយាល័យ​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា និងបានបញ្ជូនទៅ​កាន់​តុលាការ។ យុវជនអាយុ ២៦ឆ្នាំ រូបនេះ ជានិស្សិតរៀននៅសាកលវិទ្យាល័យ សោតអ៊ីសថ៍ អេសៀ (South East Asia - ក្នុងក្រុងសៀមរាប) និងមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ យុវជនរូបនេះបានបញ្ចេញយោបល់ នៅក្នុងទំព័រគណនេយ្យ​របស់​ខ្លួន​ឈ្មោះ «Savoeun Tao» ដោយសរសេររៀបរាប់ថា៖ «ចាំសម្ដេចមកដល់ នាំគ្នាដាក់គ្រាប់បែក ឲ្យងាប់​ទាំង​អស់​គ្នាម្ដង»។ សារនេះ ត្រូវបានបង្ហោះ នៅពីរថ្ងៃមុនថ្ងៃ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្រូវទៅ​ប្រគល់​ប័ណ្ណសរសើរ ដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សោតអ៊ីសថ៍ អេសៀ ក្នុងខេត្តសៀមរាប តែ​កម្មវិធី​នេះ ត្រូវបាន​ផ្លាស់​ប្ដូរម្ដងជាពីរដង (ម្ដងថាមិនមក និងក្រោយមក ថាមកវិញ)។ បន្ទាប់ពីបានបញ្ចប់ ការ​សាក​សួរ ដោយ​​លោក សួន សុបញ្ញា ព្រះរាជអាជ្ញារងសាលាដំបូង ខេត្តសៀមរាប យុវនិស្សិតត្រូវបានបញ្ជូនខ្លួន ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា កន្លងមកនេះ។

រីឯជនទី៣ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ ព្រោះបានសរសេរពាក្យពេជ្រ នៅតាមបណ្ដាញសង្គមដែរនោះ ឈ្មោះ ផង់ សីហា អាយុ ២៧ឆ្នាំ ដែលជាពលករចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ។ បន្ទាប់ពីបានសរសេរ តាមហ្វេសប៊ុក «គំរាមថានឹងសម្លាប់» លោក សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែន នៃ​រាជបណ្ឌិត​សភា​កម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធរឿងផែនទី ព្រំដែនកម្ពុជា-វៀតណាមនោះ យុវជន ដែល​មាន​ស្រុកកំណើត ខេត្តព្រៃវែង រូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា តាមច្រក​ព្រំដែន​ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ។ ក្រោយការសាកសួរ របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ រួច តុលាការបានសម្រេចឃុំខ្លួន យុវជនរូបនេះ នៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៧ ខែ​កញ្ញា។

ចំពោះជនទីពីរវិញ ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង លោក ហុង សុខហួរ។ សមាជិកព្រឹទ្ធិសភា របស់​គណបក្ស សម រង្ស៊ី រូបនេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោយពីមាន​បញ្ជា​ជា​សាធារណៈ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ក្រោមបទ​​ចោទ​​ប្រកាន់​ថា បាន«ក្លែងសន្ធិសញ្ញាឆ្នាំ១៩៧៩»។ លោក សុខហួរ  ត្រូវបានចោទប្រកាន់ជាផ្លូវការ និង​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន នៅ​ពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែសីហា។

ដោយឡែកជនទីមួយ ឈ្មោះ គង់ រ៉ៃយ៉ា ជាសមាជិកសមាគមយុវជនខ្មែរអង្គរ និងជានិស្សិត នៃ​សកល​វិទ្យា​ល័យ​ខេមរៈភ្នំពេញ។ យុវជន ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីយុវជនរូបនេះ បាន​បង្ហោះសារអំពាវនាវ ឲ្យធ្វើបដិវត្តន៍«ពណ៌» នៅលើបណ្តាញសង្គម Facebook ឈ្មោះ «Soriya koko» កាល​ពី​ដើមខែសីហា ឆ្នាំ២០១៥ នេះ។ យុវជនអាយុ២៥ឆ្នាំរូបនេះ ក៏ត្រូវបានចៅក្រមស៊ើបសួរ សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ សម្រេចឲ្យបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី១៥ ខែ កញ្ញា ២០១៥។

តែផ្ទុយទៅវិញ ករណីគម្រាមសម្លាប់ នៅលើបណ្ដាញសង្គមមួយ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ ទៅលើលោក កឹម សុខា អនុប្រធាននៃគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្ន ជាអនុប្រធានទីមួយនៃរដ្ឋសភា មិនត្រូវបាន​អាជ្ញាធរ ចាប់ម្ចាស់គណនីហ្វេសប៊ុករូបនោះ មកឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេតនោះឡើយ។ ម្ចាស់គណនី​ហ្វេសប៊ុកនោះ មិនមែនជាកម្មករចំណាកស្រុក ហើយក៏មិនមែនជានិស្សិតដែរ តែជាជាមន្ត្រីជាន់ខ្ពស់មួយរូប នៅ​ក្រសួងមហាផ្ទៃ ឈ្មោះ ផែង វណ្ណៈ។ មន្ត្រីរូបនេះបានសរសេរអម នឹងរូបភាពកាំភ្លើងខ្លី និងគ្រាប់កាំភ្លើង​ចំនួន ៧គ្រាប់ យ៉ាងដូច្នេះថា៖ «ទុក៧គ្រាប់ឲ្យ កឹម សុខា គ្រាប់ទី១បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យក​ដៃ​ស្ដាំ គ្រាប់​ទី៣​បាញ់ជើងឆ្វេង គ្រាប់ទី៤បាញ់ជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦បាញ់បេះដូង និង​គ្រាប់​ទី៧ បាញ់​ឲ្យ​ចំ​ក្បាល កឹម សុខា»។

ទាក់ទងនឹងករណីរបស់លោក ផែង វណ្ណៈ នេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានថ្លែងប្រាប់ ក្រុម​អ្នក​សារព័ត៌មាន​យ៉ាងខ្លី កាលពីថ្ងៃទី២៣ ខែកញ្ញា នាវិមានរដ្ឋសភាថា៖ «សួរតុលាការទៅ ព្រោះតុលាការ​គេ​កោះ​ហៅ​ហើយ​តើ! តុលាការគេហៅ អ្ហេ! ក្រសួងក៏គេចាត់ចែងដែរ។ ប៉ុន្តែឥឡូវតុលាការទេ! សំខាន់​តុលាការ!»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់