«ប្រទេស​ជាតិ​ដែល​ខ្លាំង ត្រូវ​តែ​មាន​ប្រជា​ពលរដ្ឋ​ខ្លាំង»

មិនខុសទេ! សម្លដែលឆ្ងាញ់ លុះត្រាតែធាតុផ្សំ ដែលបង់ចូលទៅក្នុងសម្ល មានរសជាតិ។ ហើយ​ប្រទេស​ជាតិ​ដែល​ខ្លាំង ក៏ត្រូវតែមានធាតុផ្សំ របស់ប្រទេសនោះ ចេះស្គាល់ និងខំប្រឹង ពីខ្លួនឯង​យ៉ាង​ណា​នោះ​ដែរ។ សូម​ស្វែង​យល់ ពី​ការ​ថ្លែង​របស់​មេដឹកនាំ​សមាគម​មួយ នៅ​រាជធានី​ភ្នំពេញ ដែលពន្យល់ពីហេតុផល​មួយ​ចំនួន ទាក់ទង​នឹង​ករណី​នេះ ដូច​ខាង​ក្រោម។

«ប្រទេសជាតិដែលខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង។ ប្រជាជនខ្លាំង រើសបានមេដឹកនាំខ្លាំង។ មេដឹកនាំ​ខ្លាំង នឹងរើសបានមន្រ្តីល្អ បើមន្រ្តីល្អ នឹងស្មោះត្រង់ជាតិ និងប្រជាពលរដ្ឋ។ ប្រទេសជាតិនឹងរីកចម្រើន ពលរដ្ឋ​នឹងរស់នៅ ដោយសេចក្តីថ្លៃថ្នូ។» នេះជាការអះអាង របស់ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា និងជា​ប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម លោក រស់ សារ៉ុម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ​នៅសណ្ឋាគារភ្នំពេញ។

តែផ្ទុយមកវិញ បើអំណាចច្បាប់ និងការអនុវត្តគ្មានប្រសិទ្ធិភាព នឹងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតខ្សោយ ដែល មិនអាចរើសបានអ្នកខ្លាំង ដើម្បីដឹកនាំជាតិឡើយ។ លោកបានថ្លែងឡើងថា «បើ​យើងជាពលរដ្ឋ​ម្ចាស់​ឆ្នោត ជ្រើសរើសបានមេដឹកនាំ ដែលស្រលាញ់ ក្រាញអំណាច បក្សពួកនិយម ពុករលួយ ចូលចិត្តសន្យា “ខ្យល់” អញនិយម (អត់ពីអញ គ្មានអ្នកណាធ្វើកើត) នោះច្បាស់ជាជ្រើសបានមន្រ្តី ដែលអសមត្ថភាព មហា​ពុករលួយ។ ឯពលរដ្ឋដែលជាម្ខាស់ឆ្នោត ទទួលបានមកវិញនោះ គឺទឹកភ្នែក និងភាពមហាអយុត្តិធម៌​សង្គម។»

សូមទស្សនាការបកស្រាយទាំងស្រុង របស់លោក រស់ សារ៉ុម ដូចតទៅ៖

សូមបញ្ជាក់ថា សមាគមជ័យលាភី បញ្ញាជនកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១២ ក្រោមការប្តេជ្ញាចិត្ត ចំនួនប្រាំពីរចំណុច រួមមាន រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសកម្ពុជា រួមគ្នាពង្រឹងឲ្យមាន​នីតិរដ្ឋនៅ​កម្ពុជា ដោយសេចក្តីថ្លៃថ្នូ ឈរលើគោលការណ៍ឯករាជ្យ អព្យាក្រិត បង្រួបបង្រួមជាតិ។ មិនបង្កើតគណបក្ស មិនចូលរួម ក្នុងគណបក្សនយោបាយ និងមិនរើសអើង គ្រប់និន្នាការនយោបាយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់