ងប់​នឹង​«ISIS»​ពេក យុវតី​ម្នាក់​បាន​ចាក់​សម្លាប់​ម្ដាយ​ខ្លួន ២៩កាំបិត!

យុវតីម្នាក់អាយុ១៥ឆ្នាំ បានរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៩ឆ្នាំ ពីបទបានសម្លាប់ម្ដាយរបស់ខ្លួន ដោយ​ចាក់​នឹង​កាំបិត​ចុង​ស្រួច ជាច្រើន​ដង។ ហេតុការណ៍បានកើតឡើង នៅក្រោយពេលដែលយុវតី បាន​ទស្សនា​វីដេអូ​«កាត់​ក» របស់​ក្រុម​សមាជិក រដ្ឋអ៊ីស្លាម។

កុមារី លីហ្សា ប៊ូឆ (Lisa Borch) ជាតិដាណឺម៉ាក ដែលទើបនឹងចូលវ័យជំទង់ ជាមួយនឹងអាយុ១៥ឆ្នាំ បាន​លើក​កាំបិតចុងស្រួច ប្រើប្រាស់ក្នុងផ្ទះបាយ ចាក់ម្ដាយរបស់នាង ជាច្រើនដងរហូតស្លាប់។ នៅប៉ុន្មាននាទី មុន​ហេតុការណ៍​នេះ យុវតីបានទស្សនាវីដេអូមួយ របស់ក្រុម«រដ្ឋអ៊ីស្លាម (ឬអង់គ្លេសហៅ ISIS និងបារាំងហៅ EI)» ដែល​បង្ហាញពីការ«កាត់ក» ទៅលើចំណាប់ខ្មាំងជាតិអង់គ្លេស ចំនួនពីរនាក់។

ហេតុការណ៍បានកើតឡើង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៤ ប៉ុន្តែយុវតីទើបនឹងត្រូ​វបានតុលាការ នៃប្រទេស​ដាណឺម៉ាក កាត់ទោសឲ្យជាប់ពន្ធនាគារ កាលពីពេលថ្មីៗនេះ។ នេះ បើតាមការផ្សាយ របស់សារព័ត៌មាន​អង់គ្លេសជាច្រើន ដូចជា «The Telegraph» «Mirror» និងរាយការណ៍បន្ថែម ដោយសារព័ត៌មានអាល្លឺម៉ង់ «Bild»។

សារព័ត៌មានបានរាយការណ៍ថា យុវតីសក់ពោត មានភ្នែកខៀវ ដែលជាសិស្សថ្នាក់វិទ្យាល័យរូបនេះ បាន​ធ្វើ​ខ្លួន ឲ្យក្លាយជាអ្នកប្រតិបត្តិ សាសនា«អ៊ីស្លាមនិយមតឹង» តាមរយៈមិត្តប្រុសរបស់នាង ដែលមានអាយុ​២៩ឆ្នាំ។ នាង​បានចាក់ម្ដាយរបស់នាង ចំនួន២៩កាំបិត នៅក្នុងផ្ទះរបស់នាង ដែលស្ថិតក្នុងក្រុង«Kvissel» ដាច់​ស្រយ៉ាល នាភាគខាងជើង នៃប្រទេស ដាណឺម៉ាក។ បើតាមគម្រោងដើមរបស់នាង យុវតីរូបនេះមានបំណង ចង់​ភៀសខ្លួន ទៅកាន់ប្រទេសស៊ីរី ជាមួយមិត្តប្រុសរបស់នាង បន្ទាប់ពីទង្វើមនុស្សឃាតនេះហើយ។ ការ​ភៀស​​ខ្លួន​នេះ នឹងអនុញ្ញាតឲ្យអ្នកទាំងពីរ អាចធ្វើការប្រយុទ្ធ ដើម្បីរដ្ឋអ៊ីស្លាម។

តុលាការបានធ្វើការវិនិច្ឆ័យទោស ទៅលើយុវតី លីហ្សា ប៊ូឆ ឲ្យជាប់ពន្ធនាគារ ៩ឆ្នាំ និងមិត្តប្រុសរបស់នាង​លោក ម៉ាខត្យារ មហាមេដ អាបឌូឡាហ៍ (Makhtiar Mohammed Abdullah) មានដើមកំណើត ពីប្រទេស​អៀរ៉ាក់ ឲ្យជាប់ពន្ធនាគារ ១៣ឆ្នាំ។ បុរសរូបនេះ ដែលស្ថិតក្នុងសភាព ជាជនអន្តោប្រវេសន៍នៅឡើយ ត្រូវ​បាន​តុលាការរកឃើញ តាមរយៈក្រយ៉ៅដៃ ថាមានវត្តមានចូលរួម នៅក្នុងហេតុការណ៍ ធ្វើឲ្យម្ដាយនាង លីហ្សា ត្រូវ​បានចាក់សម្លាប់។ បន្ទាប់ពីបានជាប់ពន្ធនាគាររួច បុរសរូបនេះ នឹងត្រូវបណ្ដេញចេញ ពីប្រទេសដាណឺម៉ាក ជា​ស្ថាពរ។

នៅក្នុងសវនាការ គេបានដឹងថា នៅមុនយុវតី លីហ្សា បានស្គាល់ជាមួយ អាប់ឌូឡាហ៍ នាងបានសេពគប់​ជា​មួយបុរសកាន់សាសនាអ៊ីស្លាម​ម្នាក់មុន ប៉ុន្តែបុរសដែលគេ​មិនស្គាល់អត្តសញ្ញាណនោះ បានរើផ្ទះ ទៅ​កាន់​ប្រទេសស៊ុយអែតបាត់ទៅ។ បន្ទាប់ពីបានប្រព្រឹត្តិមនុស្សឃាត ទៅលើម្ដាយខ្លួនឯងរួច យុវតីលីហ្សា បាន​ទូរស័ព្ទ​ហៅនគរបាល ដោយបានកុហកថា៖ «ខ្ញុំបានឮម្ដាយខ្ញុំស្រែក។ ខ្ញុំបានឃើញបុរសស្បែកសម្នាក់ បាន​រត់​គេច​តាម​បង្អួច។ សូមមកឲ្យលឿន... មានឈាមពាសពេញ!»។

នៅពេលកងកម្លាំងនគរបាលបានមកដល់ គេឃើញកុមារី ដែលទើបចូលវ័យជំទង់រូបនេះ កំពុងទស្សនាវីដេអូ នៅលើ យូធូប និងចុចលេងកំសាន្ដ នៅលើទូរស័ព្ទ អាយហ្វូន របស់នាង យ៉ាងព្រងើយ។ នៅពេលនគរបាល បានសួរថា ម្ដាយនាងនៅឯណា យុវតី លីហ្សា គ្រាន់តែធ្វើកាយវិការប្រាប់នគរបាល ដោយចង្អុលយ៉ាង​សមញ្ញ ឲ្យទៅរកក្នុងបន្ទប់ម្ដាយនាង។ បងស្រីភ្លោះ របស់យុវតី លីហ្សា បានថ្លែងក្នុងសវនាការថា ម្ដាយរបស់​ពួកនាង​មិនពេញចិត្ត នឹងការសេពគប់រវាង លីហ្សា ជាមួយបុរស អាប់ឌូឡាហ៍ នោះឡើយ ហើយភាពតឹងតែង តែង​កើត​មាន​ឡើងជារឿយៗ រហូតយុវតីជំទង់ លីហ្សា សុខចិត្តចេញពីផ្ទះម្ដងម្កាលនោះផង។

ឪពុកចុងរបស់យុវតី លីហ្សា បានសម្ដែងក្ដីបារម្ភ ចំពោះអនាគតកុមារីជំទង់នេះថា៖ «លីហ្សា មានជំនក់ចិត្ត​ខ្លាំង​ណាស់ ហើយជាអ្នកចូលរួមយ៉ាងសកម្ម ទៅនឹងអ្វីដែលទាក់ទងនឹង រដ្ឋអ៊ីស្លាម... នាងចូលចិត្តនិយាយ ពី​ចរិក​ឃោឃៅ នៅតំបន់មជ្ឈឹមបូព៌ា។ ខ្ញុំមិនហ៊ានគិត ពីអ្វីដែល លីហ្សា នឹងរីកចម្រើនខ្លាំងឡើង សម្រាប់រយៈ​ពេល​៩ឆ្នាំ នៅក្នុងពន្ធនាគារនោះទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់