ឃាត់​ខ្លួន​កុមារ​សាសនិក​អ៊ីស្លាម​ម្នាក់ ច្រឡំ​នាឡិកា​ជា​គ្រាប់​បែក

កុមារជំទង់កាន់សាសនាអ៊ីស្លាមមួយរូប អាយុ១៤ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅក្នុងភាគខាងត្បូង សហរដ្ឋ​អាមេរិក បន្ទាប់​ពី​កុមារជំទង់រូបនេះ បាននាំទៅកាន់សាលារបស់ខ្លួន នូវនាឡិការ ឌីជីថល ឆ្នៃដោយខ្លួន​ឯង​មួយ។ នគរបាល​អាមេរិក បាន​ចោទ​កុមារ​ថា មានគម្រោងផលិតគ្រាប់បែក។

កុមារដែលចូលចិត្ដបច្ចេកវិទ្យាថ្មីៗនេះ មានបំណងចង់ឲ្យមិត្តភ័ក្រ និងគ្រូរបស់ខ្លួននៅសាលា ដឹងពីស្នាដៃ​បង្កើត​ថ្មីរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងនោះ បែរជារាយការណ៍ ទៅប្រាប់នគរបាលទៅវិញ។ កុមារ អាមេដ មហាមេដ (Ahmed Mohamed) សិស្សវិទ្យាល័យអាយុ១៤ឆ្នាំមួយរូប ត្រូវបាននគរបាលឃាត់ខ្លួន នៅភាគខាងត្បូង សហរដ្ឋ​អាមេរិក បន្ទាប់ពីកងកម្លាំងនគរបាលទាំងនោះ បានចោទកុមាររូបនេះថា បានផ្គុំឲ្យមានជា​គ្រាប់​បែក​ឡើង។ ប៉ុន្តែតាមពិតទៅ នោះជានាឡិកា ឌីជីថល មួយប្រភេទ ដែលជាស្នាដៃឆ្នៃប្រឌិត របស់កុមារខ្លួនឯង។ រឿងរ៉ាវ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លូកដៃបញ្ចេញប្រតិកម្ម។

សិស្ស អាដមេដ មហាមេដ បាននាំគ្រឿងបច្ចេកវិទ្យា កែឆ្នៃថ្មីរបស់ខ្លួន មកសាលារៀន នៅថ្ងៃទី១៣ ខែកញ្ញា ក្នុងនោះមានអេក្រង់មួយ និងប្រព័ន្ធអេឡិចត្រូនិក មួយផ្សេងទៀត។ កុមារចង់បង្ហាញ ការបង្កើតថ្មីរបស់ខ្លួន ប្រាប់​​ទៅគ្រូបង្រៀន ផ្នែកបច្ចេកវិទ្យានៅសាលា។ ប៉ុន្តែនៅក្នុងពេល ដែលកុមារកំពុងទុកគ្រឿងប្រដាប់នេះ នៅ​ជាប់​នឹងខ្លួន នាឡិកានេះបានរោទ៍ឡើង បង្កឲ្យគ្រូបង្រៀន ខាងភាសាអង់គ្លេសម្នាក់ផ្សេង មកដកម៉ាស៊ីននេះទុក មុននឹងហេតុការណ៍ បានផ្ទុះឡើង​ទៅដល់​ក្រុមនគរបាល។

យុវសិស្ស មហាមេដ បានថ្លែងឡើង ប្រាប់សារព័ត៌មានប្រចាំតំបន់ «Dallas Morning News» ថា៖ «អនុរក្ស​ប្រចាំសាលា និងភ្នាក់ងារនគរបាល៥នាក់ បាននាំខ្ញុំទៅកាន់បន្ទប់មួយ ដើម្បីសាកសួរខ្ញុំ រាវឆែកឆេរ និងយក​ក្ដាថេប្លេត និងគ្រឿងប្រដាប់របស់ខ្ញុំទៅ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានគេនាំ​ទៅកាន់មណ្ឌលឃុំឃាំង សម្រាប់​កុមារ។ នៅទីនោះ ខ្ញុំត្រូវបានឆែកឆេរជាថ្មី ហើយគេបានឲ្យខ្ញុំផ្តិតម្រាមដៃ និងបានថតរូបខ្ញុំ។»

កុមារជំនាញខាងបច្ចេកវិទ្យា រស់នៅជាមួយគ្រួសារខ្លួន ក្នុងក្រុង «Irving» ក្បែរនឹងក្រុង ដាឡាស (ទីក្រុងធំ​របស់រដ្ឋតិចសាស)។ នៅក្នុងបន្ទប់ ដែលកុមាររស់នៅ ក្នុងផ្ទះរបស់ខ្លួន សម្បូរទៅដោយប្រដាប់ប្រដា គ្រឿង​អេឡិចត្រូនិក។ កុមារត្រូវបានដោះលែង នៅពេលក្រោយមក។ នៅក្រោយហេតុការណ៍ សាលារៀនបាន​បញ្ឈប់​កុមារ ប៉ុន្តែបានទទួលកុមារចូលរៀនវិញ នៅថ្ងៃពុធទី ១៦ ខែកញ្ញា នេះ។

ករណីនេះ បានបង្កឲ្យមានរឿងអាស្រូវ ផ្ទុះឡើងតាមបណ្ដាញអ៊ិនធើណែត ប្រឆាំងនគរបាល​រដ្ឋ​តិចសាស។ ក្រុមអ្នករិះគន់ បានលើកឡើង ពីភាពស្អប់ខ្ពើមរបស់មន្ត្រីអាជ្ញាធរ ប្រឆាំងនឹងក្រុមអ្នកកាន់ សាសនា​អ៊ីស្លាម នៅ​សហរដ្ឋអាមេរិក។ ប៉ុន្តែរឿងមិនត្រឹមនៅតែប៉ុណ្ណឹងទេ តែបានជំរុញឲ្យប្រធានាធិបតីអាមេរិក លូកដៃលូក​មាត់​ធ្វើប្រតិកម្មដែរ។ នៅលើសារមួយ បង្ហោះនៅលើទំព័រ​ធ្វីសធើរផ្លូវការ​របស់លោក ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងឲ្យកុមារ អាដមេដ មហាមេដ នាំនាឡិការរបស់ខ្លួន ទៅកាន់សេតវិមាន។ លោក អូបាម៉ា ថែមទាំងសរសេរទៀតថា យុវជនអាមេរិកាំងទាំងអស់ គួរយកកុមារ អាដមេដ ធ្វើជាគំរូ ដើម្បីធ្វើឲ្យ​សហរដ្ឋ​អាមេរិក កាន់តែអស្ចារ្យថែមទៀត។

ចំពោះលោក Mark Zuckerberg នាយកក្រុមហ៊ុនហ្វេសប៊ុក ដែលជាបណ្ដាញសង្គមធំជាងគេ ក្នុងលោក បាន​បរិហារការឃាត់ខ្លួននេះ និងត្រៀមខ្លួនរួចស្រេច ក្នុងការអញ្ជើញកុមារ អាដមេដ មហាមេដ មកកាន់​ក្រុមហ៊ុន ហ្វេសប៊ុក ដើម្បីជួបប្រាស្រ័យគ្នា ជាមួយលោក​ដោយផ្ទាល់៕


វីដេអូដែលទាក់ទង នឹងកុមារ៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់