ហ៊ុន សែន៖ «បើ​ផែនទី​ក្លែង​ក្លាយ នឹង​លាលែង​ពី​នាយក​រដ្ឋមន្រ្តី»

បើទោះជាមានការចាប់ មន្រ្តីបក្សប្រឆាំងមួយចំនួន ដាក់ពន្ធនាគារក៏ដោយ ប៉ុន្តែបញ្ហាព្រំដែន នៅ​ពុំទាន់​ស្ងប់​ស្ងៀម​នោះ​ឡើយ ជាពិសេសទាក់ទង ពីភាពស្រពិចស្រពិល នៃឯកសារផែនទី ដែលត្រូវយក​មក​បោះ​បង្គោល។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា បានចេញមុខមកបកស្រាយ ហើយអះអាងថា បើនោះជា​ផេនទី​ក្លែង​ក្លាយ លោក​នឹង​បញ្ចប់​តំណែង ជានាយករដ្ឋមន្រ្តី និងដើរចូលពន្ធនាគារ ដោយខ្លួនលោក។

​នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានចេញមុខជា​សាធារណៈ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ធ្វើការបកស្រាយ និងលាតត្រដាងជាថ្មីបន្តទៀត ជុំវិញបញ្ហា​ព្រំដែន និងផែនទី បន្ទាប់ពីលោក បានបកស្រាយក្នុងរដ្ឋសភា អស់រយៈពេលជាងប្រាំម៉ោងរួចម្តងមកហើយ កាល​ពី​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០១២។ ប៉ុន្តែការថ្លែងនៅលើកនេះ មានលក្ខណៈពិសេសជាងលើកមុន នៅត្រង់​ថា លោក ហ៊ុន សែន បានអះអាង ថានឹង«ចុះចេញ» ពីកៅអីជានាយករដ្ឋមន្ត្រី ដែលលោកបានអង្គុយ ជាង​៣ទសវត្សន៍​មកហើយនោះ រួចដើរចូលពន្ធនាគារ ប្រសិនណាជាផែនទី ដែលរដ្ឋាភិបាលលោកប្រើ ក្នុងការ​បោះ​បង្គោល ជា​ផែនទី​ក្លែងក្លាយ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំព្រះករុណាបានប្តេជ្ញាចិត្តរួចហើយ... បើផែនទីខុសគ្នា ខ្ញុំនឹងប្រកាស​ចុះចេញ (ពីដំណែង) ខ្ញុំតាមដានការផ្ទៀងផ្ទាត់ផែនទី ទាំងមកពីអង្គការសហប្រជាជាតិ និងជាពិសេសផែនទី មកពីបារាំង ព្រោះបារាំងជាអ្នកគូស។ កាលណោះ បើខុស ខ្ញុំនឹងប្រកាសបញ្ចប់ការកាន់តំណែង ជាង៣៦ឆ្នាំ​របស់ខ្ញុំ។ (...) ប្រសិនបើផែនទី មកពីបារាំងខុសគ្នា ជាមួយផែនទី ដែលចុះហត្ថលេខាជាមួយវៀតណាម ខ្ញុំ​ព្រះ​ករុណានឹងប្រកាស លាលែងពីតំណែងភ្លាម មិនធ្វើនាយករដ្ឋមន្រ្តីតទៅទៀត។ ហើយក៏ស្ម័គ្រចូល ទៅកាន់​មន្ទីរ​ឃុំឃាំង រង់ចាំតុលាការកាត់ទោសតែម្តង។ ព្រោះនេះជាការទទួលខុសត្រូវ ជាប្រវត្តិសាស្រ្តដ៏ធំធេង។ (...) ហ៊ាន​ស៊ីហ៊ានសង ចិត្តជាកូនប្រុស។»

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងន័យជម្រាបជូន ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅទូទាំង​ប្រទេស បានដឹង និងយល់ ពីបញ្ហានៃការប្រើប្រាស់ផែនទី របស់រដ្ឋាភិបាល ក្នុងការបោះបង្គោលនោះ។ លោក​បញ្ជាក់ថា ការបកស្រាយនេះ ក៏ដើម្បីឲ្យពលរដ្ឋទាំងអស់ កាន់តែយល់ និងកាន់តែច្បាស់ កុំឲ្យមានការ​ភ័ន្ដ​ច្រឡំ ទៅថ្ងៃមុខ ពីបញ្ហាកិច្ចការព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្ដ ជាមួយប្រទេសជិត​ខាង​នោះ ពិសេស​ជាមួយនឹងប្រទេសវៀតណាម។

ក្នុងរយៈពេលជិតបីម៉ោង នៃការបកស្រាយ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានេះ លោក ហ៊ុន សែន បានចង់​បង្ហាញបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងប្រើប្រាស់នូវផែនទីមួយ ដ៏ពិតប្រាកដ មានការទទួលស្គាល់ ពីស្ថាប័ន​ជាតិធំៗ ដូចជារដ្ឋសភា ព្រឹទ្ធិសភា និងព្រះមហាក្សត្រជាដើម ហើយវាមិនដូចអ្វី ទៅនឹងការចោទ​ប្រកាន់ ដោយបុគ្គលមួយចំនួន ដែលតែងលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីចោរ ក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាមនោះឡើយ។

នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលស្គាល់ថា លោកមិនមែនជាអ្នកឯកទេស ខាងផែនទីទេ តែលោក​ព្យាយាម យល់អំពីផែនទីនេះ តាមរយៈការប្រៀបធៀបផែនទីបោន និងផែនទីUTM មកពីបារាំង ឃើញថា គ្មាន​អ្វី​ខុស​គ្នានោះទេ។ លោកបានធ្វើការចោទជាសំនួរថា អ្នកចោទគេប្រើផែនទីក្លែងក្លាយ តើហ៊ាន​លាលែង​តំណែង​ឬអត់? តើហ៊ានទទួលខុសត្រូវរបៀបណា? ហ៊ានសុំទោសឬទេ? ហ៊ានទទួលខុសត្រូវឬទេ ខាងសីលធម៌? ឥឡូវ​ហ៊ានឬទេ បើចិត្តជាកូនប្រុស? លោកបង្ហាញថា ការចោទរដ្ឋាភិបាលនោះ ជាការប្រព្រឹត្តឧក្រិដ្ឋកម្ម និងជា​ឧក្រិដ្ឋជន។

ដឹកគោ ឲ្យទៅស្ដាប់ចាប៉ី...

នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ការរំជើបរំជួលជុំវិញការប្រើប្រាស់ផែនទី ដើម្បីបោះបង្គោលជាមួយ​ប្រទេស​វៀតណាម បានក្លាយជាបញ្ហាដ៏រសើប ដែលក្រុមប្រឆាំង​បានលើកយក​មកចង្អុលទៅរដ្ឋាភិបាល ដោយ​អះអាង​ថា ផែនទីសព្វថ្ងៃដែល រដ្ឋាភិបាលកំពុងប្រើប្រាស់នេះ ជាផែនទីក្លែងក្លាយ ឬជាផែនទីចោរ។ នៅចំពោះ​ការ​ចោទ​ប្រកាន់​នេះ យុទ្ធនាការផ្ទៀងផ្ទាត់ផែនទីមួយ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឡើង ដោយបាន​ស្នើរ​ទៅ​សុំ​ខ្ចី​ផែនទី ពីបណ្ដាប្រទេសមហាអំណាច និងពីអង្គការសហប្រជាជាតិ មកផ្គូផ្គងជាមួយផែនទី របស់​រដ្ឋាភិបាល។ ឆ្លងចេញពីយុទ្ធនាការនេះ រដ្ឋាភិបាលបានប្រកាសដោយខ្លួនឯងថា ផែនទីទាំងអស់ មានភាព​ដូច​គ្នា​ទាំង​ស្រុង។

ចំពោះការផ្ទៀងផ្ទាត់ផែនទី ដែលបង្កើតឡើង និងលទ្ធផល ដែលប្រកាសអះអាងឡើង ដោយរដ្ឋាភិបាល​តែ​ម្នាក់ឯងនេះ មិនទាន់ទទួលបាន នូវការទុកចិត្ត ពីបណ្ដាសកម្មជនព្រំដែនកម្ពុជា នោះឡើយ។ រីឯមន្ត្រីជា​ច្រើន​ភាគី ដែលបានចូលរួមពិនិត្យ «ពិធីផ្ទៀងផ្ទាត់ផែនទី»នោះទៀតសោត ត្រូវបានអ្នកសង្កេតការណ៍ លើ​បញ្ហា​ព្រំដែន​ចាត់​ទុកថា ដូចជាបានដឹក«គោ ឲ្យទៅស្ដាប់ចាប៉ី»ដូច្នេះ៕


» សូមទស្សនា និងស្តាប់ការបកស្រាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម៖

------------

------------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់