ទាហាន​អាមេរិក​បង្ក្រាប​ខ្មាន់​កាំភ្លើង លើ​រថភ្លើង​អាមស្ទែដាម-ប៉ារីស

រថភ្លើងរបស់ក្រុមហ៊ុន តាលីស (Thalys) ដែលភ្ជាប់រដ្ឋធានីធំៗ ពីរាជធានី អាមស្ទែដាម (ហូឡង់) កាត់​តាម​រាជធានី ប្រ៊ុយសែល (ប៊ែលហ្សិក) ឆ្ពោះ​មក​កាន់​រដ្ឋធានី ប៉ារីស (បារាំង) បាន​ជួបនូវហេតុការណ៍​ផ្ទុះ​អាវុធ​មួយ កាល​ពី​ល្ងាច​ម្សិល​ម៉ិញ នៅពេលដែលរថភ្លើងបានមកដល់ ក្រុងអារ៉ាស (ភាគខាងជើងប្រទេសបារាំង)។ បុរស​ម្នាក់​បាន​ប្រើ​អាវុធ អាកា ជា​មួយ​នឹង​បង់​គ្រាប់​ជា​ច្រើន នៅជាប់នឹងខ្លួន បានបើកការបាញ់ប្រហារ បង្ក​ឲ្យ​មនុស្ស​របួស​ពីរ​នាក់​ធ្ងន់ មុន​នឹង​ត្រូវ​បាន​បង្ក្រាប​ដោយ​អ្នកដំណើរ នៅលើរថភ្លើងនោះ។

ជនរងរបួសធ្ងន់ទាំងពីរនាក់ ម្នាក់រងគ្រោះនឹងគ្រាប់កាំភ្លើង ម្នាក់ទៀតរងរបួសនឹងកាំបិត ជាទាហានអាមេរិកាំង ទាំងពីររូប ដែលចេញមកវិស្សមកាល នៅក្នុងទ្វីបអ៊ឺរ៉ុប។ ទាហានទាំងពីរបានសម្លឹងមើលឃើញ ពីសកម្មភាព​ខុសប្រក្រតីរបស់ជនសង្ស័យ (ដូចជាមានកាន់កាបូបស្ពាយមួយ ដែលត្រូវបានរកឃើញ មានបង់គ្រាប់​កាំភ្លើង​ជាច្រើន នៅពេលក្រោយមក) ហើយបានធ្វើអន្តរាគមន៍ ទៅលើជននេះភ្លាម នៅពេលបានស្ដាប់ឮជននេះ កំពុង​ធ្វើអ្វីមួយ (សម្លេងរៀបចំអាវុធ អាការ - ទាហានដឹងថាសម្លេងនេះយ៉ាងម៉េច) នៅក្នុងបន្ទប់ទឹក​របស់​រថភ្លើង។

នៅពេលធ្វើអន្តរាគមន៍នោះ ជនខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារមកលើទាហានអាមេរិកម្នាក់​នោះ​មុន បង្កឲ្យរបួស និងបន្ទាប់មកបានប្រើកាំបិត ចាក់ទៅលើទាហានអាមេរិកាំម្នាក់ទៀត។ ស្ថានភាពសុខភាព របស់​ទាហានអាមេរិកាំងម្នាក់ ពីក្នុងចំណោមពីរនាក់ កំពុងស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីពួកគេ​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ១៧ និង៥០នាទីល្ងាច លើរថភ្លើងរបស់ក្រុមហ៊ុន តាលីស​អន្តរជាតិ ដែលជាក្រុមហ៊ុន​ ធ្វើអាជីវកម្មផ្លូវដែកភ្ជាប់ទីក្រុងធំៗ នៅអ៊ឺរ៉ុបខាងលិច ។ រថភ្លើងដែលភ្ជាប់​រាជធានី អាមស្ទែដាម (ហូឡង់) ឆ្ពោះមកកាន់រដ្ឋធានីប៉ារីស (បារាំង) ដោយកាត់តាមរាជធានី ប្រ៊យសែល (ប៊ែលហ្សិក) បានចូលមកក្នុងទឹកដីបារាំង ក្បែរនឹងក្រុងអារ៉ាស ភាគខាងជើងរដ្ឋធានីប៉ារីស។

ជនសង្ស័យត្រូវបានបង្ក្រាប នៅពេលចេញពីបន្ទប់ទឹកមកវិញ។ នេះបើតាមសេចក្ដីសន្និដ្ឋានជំហានដំបូង នៃ​ការស៊ើបអង្កេត។ សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ទាហានអាមេរិកាំងពីរនាក់ ដែលសង្ស័យ ពី​ដំណើរ​រូបរាងមិនប្រក្រតី របស់ជនសង្ស័យ បានស្ដាប់ឮសម្លេងរៀប​ចំកាំភ្លើង ដូចជាដកដាក់បង់គ្រាប់ និង​«អាម៉េ»​កាំភ្លើងនោះ បានបង្ក្រាបជននេះ ភ្លាមៗនៅនឹងមុខបន្ទប់ទឹក​។ សារព័ត៌មានបានឲ្យដឹងទៀតថា គេ​បាន​រក​ឃើញ​បង់​គ្រាប់ជាច្រើនទៀត នៅក្នុងកាបូបស្ពាយ របស់ខ្មាន់កាំភ្លើង ដោយទំនងជាគម្រោងមួយ ចង់​បង្ក​ឲ្យ​មាន​វិនាសកម្ម ជា​ថ្លុកឈាម នៅក្នុងរថភ្លើងនេះ។

តារាភាពយន្ដបារាំង លោក ហ្សង់-អ៊ូគ អង់គ្លាស (Jean-Hugues Anglade) ជាជនរងរបួសទីបី (របួស​នៅ​នឹង​ដៃ) បន្ទាប់ពីបានវាយបំបែកប្រអប់មួយ ដើម្បីបញ្ជូនសញ្ញាបន្ទាន់ទៅអ្នកបើករថភ្លើង និងបញ្ឈប់រថភ្លើង។ តារា​ភាពយន្ដ​រូបនេះ មិនបានរងគ្រោះ ជាមួយនឹងជនសង្ស័យនោះទេ។

ក្រោយហេតុការណ៍នោះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្ន័រ (Bernard Cazeneuve) បានធ្វើ​ដំណើរ​ទៅផ្ទាល់ នឹងនៅកន្លែង ខណៈការិយាល័យស៊ើបអង្កេតបារាំង ជំនាញខាងភេរវកម្ម បានទទួល​បន្ទុក យក​សំនុំ​រឿង​នេះ មកធ្វើការស៊ើបអង្កេត។ ប្រទេសប៊ែលហ្សិក បានធ្វើការសន្និដ្ឋានភ្លាម ថាសកម្មភាពរបស់​ខ្មាន់​កាំភ្លើង ជា«ភេរវកម្ម»។ ជនសង្ស័យមានដើមកំណើត នៅប្រទេសម៉ារ៉ុក អាយុ២៦ឆ្នាំ ធ្លាប់ត្រូវបានផ្នែកស៊ើប​អង្កេត​បារាំង ស្គាល់ និងស្ថិតក្នុងបញ្ជីនៃជន ដែលមានការទាក់ទង ជាមួយបណ្ដាញភេរវកម្ម។ ប៉ុន្តែជននេះ មិន​ស្ថិត​ក្នុង​ចំណោម ជនដែលត្រូវអាជ្ញាធរតាមដាននោះទេ៕


» ខាងក្រោមនេះ ជារូបភាពវីដេអូដំបូងគេ ដែលត្រូវបានថត នៅក្រោយហេតុការណ៍នោះបន្តិច៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់