ផៃ ស៊ីផាន៖ ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់​ការ លើ​អ្នក​និយាយ​ពី​«ផែនទី​ក្លែង​ក្លាយ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានសម្រេច​ឲ្យចាត់វិធានការ​«បន្ទាន់» ទៅលើនរណាក៏ដោយ ដែល​និយាយ​ថា រដ្ឋាភិបាល​របស់​លោក បានប្រើប្រាស់«ផែនទីក្លែងក្លាយ» ក្នុងការបោះបង្គោលព្រំដែន។ នេះជាអ្វី ដែល​គេ​អាច​អាន​បាន ជា​សំណេរ​នៅ​លើ​ជញ្ជាំង​ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន។

នរណា ក្រុមណាក៏ដោយ ដែលនិយាយថាលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ប្រើប្រាស់ផែនទី​ក្លែងក្លាយ នឹងរងគ្រោះអាសន្នធំ! កុំថាឡើយ ជនដែលទើបនឹងនិយាយធម្មតា ទោះជាជននោះ បានលើក​ឡើង ក្នុងលក្ខណៈ«បន្ត» ឬនិយាយច្រំដែលពីករណីនេះ នឹងត្រូវចាត់ទុក ជាការញុះញង់ ធ្វើឲ្យប៉ះពាល់ដល់​ដែន​សមត្ថកិច្ច នីត្យានុកូលភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ នេះជាអ្វី ដែលលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យនិងរដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បាន​អះអាងឡើង នៅលើទំព័រហ្វេសប៊ុករបស់លោក នៅមុន​នេះ​បន្តិច។

លោក ផៃ ស៊ីផាន បានសរសេរទៀតថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចលើក និងបញ្ជាចាត់វិធានការជាបន្ទាន់ រាល់រូបភាពទាំងអស់ដែលជាសមត្ថកិច្ច និងអំណាចរដ្ឋគ្រប់ទីកន្លែង ដល់​រាល់​បុគ្គល ក្រុម ឬអង្គការណាមួយ ដែលនៅតែបន្តសកម្មភាព រូបភាព និងទិដ្ឋភាព បំពុលក្នុងការលើកឡើង​ថា "រាជរដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយ»។

លោក បានហៅចំណាត់ការនេះ ដើម្បី«កិច្ចពង្រឹងនីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ជាមួយនិងកាតព្វកិច្ច របស់​រាជរដ្ឋាភិបាល ក្នុងន័យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។

នៅចំពោះការព្រមាន រួមផ្សំនឹងកំដៅនយោបាយ ដែលបានរោលរាលឡើងខ្លាំង នៅក្នុងប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ មន្ត្រីជាច្រើន ទាំងមកពីគណបក្សប្រឆាំង និងមកពីអង្គការសង្គមស៊ីវិល សុទ្ធមិនចង់ធ្វើអត្ថាធិប្បាយ​អ្វី​ទាំងអស់។ ប៉ុន្តែយុវជន សុគន្ធ សុវណ្ណ ដែលធ្លាប់មានសកម្មភាព ចូលរួមក្នុងការពិនិត្យព្រំដែន កម្ពុជា-​វៀតណាម នា​ពេល​កន្លងមក បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នូវទស្សនៈពង្វាងរបស់ខ្លួន តែមាន​ន័យ​ប្រហាក់​ប្រហែល​ថា៖ «អ្នកច្បាប់នៅកម្ពុជា ភាគច្រើនបាននឹងកំពុងយកច្បាប់ មកទ្រាប់គូថ(ខ្លួន)អង្គុយ ក្នុង​ចេតនា​ចង់ គេច​វេស​ពីការបិត ឬបិទបាំងនូវកំហុសរបស់ខ្លួន ដែលមាននោះ»។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ លោកនាយករដ្ឋមន្រ្តី ហុន សែន បានចូលរួម​កិច្ច​ប្រជុំ គណៈរដ្ឋមន្រ្តីនាវិមានសន្តិភាព ដើម្បីពិនិត្យ និងសម្រេចទៅសេចក្តីព្រាង អនុក្រឹត្យស្ដីពីការកំណត់រចនា សម្ព័ន្ធ​គ្រប់គ្រង និងមុខតំណែងក្នុង រចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង សេចក្ដី​ព្រាងគោលនយោបាយដីធ្លី «សៀវភៅ ស ដីធ្លី»។៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់