តុលាការ​ខេត្ត​បាត់ដំបង​កោះ សាសា​ បំភ្លឺ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍

ការកោះហៅ របស់តុលាការ ដែលគិតថានឹងកើត វាបានកើតឡើងហើយ។ កញ្ញា សាសា ឬនាង ឯក សុជាតា តារា​មិន​មាន​កន្លែងរះ តែល្បីដោយសាររឿងវាយតប់ ពីសំណាក់ឧកញ៉ា សុខ ប៊ុន ត្រូវបានតុលាការ​ខេត្ត​បាត់ដំបង កោះ​ឲ្យ​ចូល​បំភ្លឺ នៅសប្ដាហ៍ខាងមុខនេះ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចណ៍ កាល​ពី​ដើម​ខែ​កក្កដា។
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: តារា
  • អាន និងបញ្ចេញយោបល់

ការគេចវេសពីការទទួលខុសត្រូវ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទោះហេតុការណកើតឡើង ដោយចេតនា ឬ​អចេតនាក្ដី មិនមែនជាជំរើសល្អទេ ជាពិសេសនៅពេលខ្លួន មានឈ្មោះបោះសម្លេង ត្រូវបានសង្គមស្គាល់​ច្រើន​នោះ។ ផ្ទុយទៅវិញ ទង្វើនេះ នឹងបន្ថែមទំងន់ទោស ទៅឲ្យជនដែលគេសវេសនោះទៅវិញ ប្រសិនជា​ប្រព័ន្ធ​យុត្តិធម៌របស់ប្រទេស បានរកឃើញថាខ្លួន ជាអ្នកបង្កហេតុ។

ដូច្នេះហើយ ទើបករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានសាក្សីបានឃើញថា បង្កឡើងដោយកញ្ញា សាសា ឈ្មោះ​ដើម ឯក សុជាតា អតីតាតារាទូរទស្សន៍នោះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង លោក តូច សុភក្ដី ធ្វើការកោះហៅ មកឲ្យចូលបំភ្លឺជុំវិញ ករណីបង្កគ្រោះថ្នាក់ កាលពីថ្ងៃទី២ ខែកក្កដា នៅ​សប្ដាហ៍​​ក្រោយ​នេះ។ ព្រះរាជអាជ្ញា បានបញ្ជូនដីការនេះ ឡើងមកដល់តុលាការរាជធានីភ្នំពេញហើយ មុន​នឹង​ត្រូវបាន​ចាត់​ចែង តាមនីតិវិធីបញ្ជូនទៅដល់សាមីខ្លួន។

ស្រង់សម្ដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តូច សុភក្ដី បានថ្លែងឡើង នៅថ្ងៃទី១៩ ខែសីហានេះថា៖ «ដីកាកោះហៅកញ្ញា សាសា ខ្ញុំបានបញ្ជូនទៅតុលាការភ្នំពេញរួចហើយ ហើយគេនឹងចាត់ចែងបញ្ជូន​ដល់​សាមី​ខ្លួន តាមនិតិវិធីច្បាប់ ខាង​ខ្ញុំ​រង់ចាំតែចម្លើយ និងកន្ទុយសន្លឹកដីកាត្រឡប់ មកវិញតែប៉ុណ្ណោះ ។ ខ្ញុំចេញ​ដីកា​កោះហៅ នៅសប្ដាហ៍​ក្រោយ​នេះ (...)។»

សូមរំលឹកឡើងវិញថា រឿងគ្រោះថ្នាក់ចរាចរណ៍ វវាងរថយន្ត​ស៊េរី​ទំនើប​ម៉ាក Porsche ពណ៌​ស និងរឺ​ម៉ក​ដឹក​ទឹក នៅបានកើតឡើង នៅក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បណ្ដាល​ឲ្យអ្នកបើកបររ៉ឺមក រងរបួសយ៉ាងធ្ងន់ធ្ងរ។​ សាក្សីដែលនៅក្នុងហេតុការណ៍នេះ តាំងពីដំបូង បាន​និយាយ​ថា កញ្ញា សាសា គឺជាអ្នកបើកបររថយន្ដទំនើបនេះ ដែលមានអ្នកជិះជាមួយ ជាមិត្តស្រីនាងម្នាក់​ទៀត។ ប៉ុន្តែ​នៅ​ក្រោយ​គ្រោះថ្នាក់នោះបន្តិច កញ្ញា សាសា ត្រូវបានមន្ត្រីយោធាម្នាក់ ជម្លៀសខ្លួនចេញទៅ។ សាក្សី​ខ្លះ​ទៀត បាននិយាយថា កញ្ញា សាសា និងមិត្តភ័ក្ររបស់នាង ដែលស្ថិតក្នុងឡានជាមួយគ្នា ត្រូវបានក្រុម​យុវជន​មួយ​ក្រុម ជម្លៀសខ្លួនចេញទៅ ដោយទុក​កិច្ចការ​ដោះស្រាយបញ្ហា ទៅឲ្យមិត្តភ័ក្ររបស់នាងម្នាក់ ដែល​ជា​ម្ចាស់​ផ្ទះ​​សំណាក់ ​ស្តារ​វីឡា លោក ឡូ​ ប៊ុន​រិ​ទ្ធ ​ហៅ​​ តូ​ នៅក្រុងបាត់ដំបង។

បើតាមសារព័ត៌មានកម្ពុជាថ្មី ដែលតាមដានសំនុំរឿង របស់កញ្ញា សាសា «ដល់ទីបញ្ចប់»នោះ បាន​រាយការណ៍​ថា រហូត​មក​ទល់នឹង​ថ្ងៃនេះ គឺ​មាន​សាក្សី​ចំនួន​៧​រូប​ហើយ ដែល​បាន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​ នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង ដែល​ក្នុង​នោះ​មាន​សាក្សី​ដ៏​សំខាន់​ ចំនួន​៣​នាក់​ ដែលលាតត្រដាង​នូវ​ការ​ពិត ​ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​ផឹក​ស៊ី​ ហើយបាន​បង្ក ​ជា​គ្រោះថ្នាក់​ចរាចរណ៍នេះឡើង។ ប៉ុន្តែរាល់ការលើកឡើង អះអាងពី«វត្តមាន»របស់នាង នៅក្រុងបាត់ដំបងនោះ ធ្លាប់ត្រូវបានអតីតតារាទូរទស្សន៍ ដែលល្បីឈ្មោះ ពីវាយ​តប់​បោចសក់ របស់លោកឧកញ៉ា សុខ ប៊ុន នោះ ធ្វើការបដិសេធ ដោយនិយាយថា ខ្លួននៅពេលនោះ កំពុង​ស្ថិត​ក្នុង​រាជធានីបាងកក ប្រទេសថៃ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់