បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ​២​ចប់)

ចំណែករាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅក្នុងរយះពេល ៦ខែមុននេះ សូមចុចអាននៅទីនេះ។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។


ខ្យល់ព្យុះសង្ឃរា សេនឌី បានបក់កាត់ទីក្រុងញ៉ូយក ហើយសម្លាប់មនុស្ស ៤៣នាក់។

នេះជាព្រឹត្តិការណ៍ ដែលកើតនៅក្នុងរយះពេល ៦ខែ នៃចុងឆ្នាំ២០១២ ចំណែកឯរាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅ​ក្នុងរយះពេល ៦ខែ នៃដើមឆ្នាំមុននេះ សូមចុចអាននៅទីនេះ

- ខែកក្កដា ថ្ងៃទី០១ នៅអៀរ៉ង់៖ ការហាមឃាត់មួយ ទៅលើអាជីវកម្មប្រេង ដែលមិនធ្លាប់មានពីមុនមក ដាក់ដោយ សហគមន៍អ៊ឺរ៉ុប បានចូលជាធរមាន គួបផ្សំនឹងការដាក់ទណ្ឌកម្មផ្សេងទៀត របស់បស្ចឹមលោក ដើម្បីបង្ខំអោយ ទីក្រុង​តេអៀរ៉ង់ បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលមានលក្ខណៈចម្រូងចម្រាស់ខ្លាំងនោះ។

- ខែកក្កដា ថ្ងៃទី០៧ ​នៅលីប៊ី៖ បោះឆ្នោតជ្រើសរើស សភាតំណាងរាស្ត្រដោយសេរី ជាលើកដំបូង បន្ទាប់ពីរយះពេល​ជាង១០ឆ្នាំ នៃរបបផ្ដាច់ការ របស់អតីតប្រធានាធិបតី មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) ត្រូវបានផ្តួលរលំ។

-​ ខែកក្កដា ថ្ងៃទី១៨ នៅស៊ីរី៖ អំពើភវរកម្មដ៏សាហាវមួយ បានផ្ទុះឡើងកណ្ដាបេះដូង នៃរបបទីក្រុងដាម៉ាស ដែលបាន​សម្លាប់អ្នកទទួលខុសត្រូវជាន់ខ្ពស់ ខាងសន្តិសុខជាតិ ចំនួនបីនាក់ ក្នុងនោះ មានម្នាក់ជាសាច់ថ្លៃ របស់ប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad)។ អំពើរភេវរកម្មនេះ ទទួលស្គាល់ដោយ ក្រុមកងទ័ពសេរី ស៊ីរី (កើតពី​ទាហ៊ាន​រត់ចោលជួរ និងប្រជាជនស៊ីវិលប្រដាប់អាវុធ) ដើម្បីជាការឆ្លើយតប នឹងការបង្ក្រាបដោយហឹង្សារបស់របបលោកអាសាធ ទៅលើការបះបោររបស់ប្រជាជន រាប់ចាប់តាំងពីឆ្នាំ២០១១មក។

- ខែកក្កដា ថ្ងៃទី២០ នៅអេស៉្បាញ៖ ទីក្រុងម៉ាឌ្រីដ ដែលប្រឈមមុននឹងបញ្ហាទីផ្សារ និងសង្គមកិច្ចនោះ បានទទួល​ជំនួយពីតំបន់ចាយលុយអ៊ឺរ៉ូ ដើម្បីបំពេញថង់ប្រាក់ អោយធនាគារក្នុងស្រុករបស់ខ្លួន។ នៅដើមខែសីហា រដ្ឋាភិបាល​របស់លោក ម៉ារិយ៉ាណូ រ៉ាជយ (Mariano Rajoy) បានសម្រេចបាន នូវគម្រោងថវិការត្បិតត្បៀត ដែលនឹងសន្សំប្រាក់ បាន១៥០ពាន់លានអ៊ឺរ៉ូ។

- ខែកក្កដា ថ្ងៃទី២៧ នៅអង់គ្លេស៖ ពិធីបើកល្បែងអូឡាំពិក នៅទីក្រុងឡុងដ៍ បានចាប់ផ្ដើម។ ជាលើកទីមួយ ដែលនៅ​ក្នុងគ្រប់តំណាងមកពីគ្រប់ប្រទេស មានស្ត្រីចូលរួម។

- ខែសីហា ថ្ងៃទី០៦ នៅអវកាស៖ មនុស្សយន្ដ គួរីយ៉ូស៊ីធី (Curiosity) បានទទួលជោគជ័យ ក្នុងការចុះចតលើ ភព ព្រះអង្គារ ដើម្បីបើកទ្វារទៅរកសម័យកាលថ្មី នៃការស្រាវជ្រាវរបស់ខ្លួន។ បេសកកម្មរបស់ គួរីយ៉ូស៊ីធី ត្រូវមានរយះពេល យ៉ាងហោចណាស់ ២ឆ្នាំ។

- ខែសីហា ថ្ងៃទី១៧ នៅរ៉ូស្សី៖ យុវតី៣នាក់ នៃក្រុមចម្រៀង ពូស្សី រីយ៉ូត (Pussy Riot) ត្រូវបានកាត់ទោស អោយជាប់ ពន្ធនាគារ ២ឆ្នាំ ដោយហេតុបានច្រៀងចម្រៀង «ថ្វាយព្រះ» ដែលមានលក្ខណៈប្រឆាំងលោកប្រធានាធិបតីពូទីន នៅ​ក្នុងព្រះវិហារនៃទីក្រុងម៉ូស្កូ កាលពីខែកុម្ភះកន្លងមក។ ដោយមានការគាំទ្រពីវីរជនជាច្រើន ទាំងជាតិនិងអន្តរជាតិនោះ យុវតីម្នាក់ត្រូវបានដោះលែង នៅពេលធ្វើឧទ្ទរណ៍នៅខែតុលាក្រោយមក។

- ខែសីហា ថ្ងៃទី២៤ នៅណ័រវេស៖ យុវជនជ្រុលនិយមម្នាក់ឈ្មោះ អេនដ័រ ប៊េរីង ប្រេវិក (Anders Behring Breivik) ដែលបានដាក់បន្ទុះគ្រាប់បែកសម្លាប់យ៉ាងរង្គាល នៅកណ្ដាលទីក្រុងអូស្លូ និងបានបាញ់ទៅលើកូនសិស្ស នៅលើកោះ​អូតូអេយ៉ា (Utoeya) ត្រូវបានតុលាការរកឃើញថាមានទោស ដោយត្រូវទទួលទោសអតិប្បរិម៉ា​ ២១ឆ្នាំ។ ជននេះ​បាន​សម្លាប់មនុស្សទាំងអស់ ចំនួន៧៧នាក់ នៅក្នុងព្រឹត្តិការណ៍ ដែលកើតនៅខែកក្កដាឆ្នាំ២០១១មុននោះ។ តុលាការបាន​កំណត់ថា​ អ្នកទោសរូបនេះ នឹងត្រូវជាប់ទោសបន្តទៀត ប្រសិនតុលាការយល់ថា វានៅតែមានគ្រោះថ្នាក់។

- ខែសីហា ថ្ងៃទី២៥ នៅអាមេរិក៖ អវកាសយានិកម្នាក់ លោកនែល អាមស្ត្រង (Neil Armstrong) បានធ្វើមរណភាព។ លោកជាបុរសទីមួយ ដែលបានប្ដូរប្រវត្តិសាស្ត្រមនុស្សជាតិ នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៦៩ ដោយបានដាក់ជើងជាន់ លើ​ភពព្រះច័ន្ទមុនគេ។

- ខែកញ្ញា ថ្ងៃទី០៤ នៅកាណាដា៖ ក្រុមអ្នកនិយមឯករាជ្យ ពីគណបក្សនយោបាយ នៃទីក្រុងកេប៊ិច បានឈ្នះក្នុងការ​បោះឆ្នោត រើសតំណាងរាស្ត្រប្រចាំខេត្តនីមួយៗ។ រដ្ឋាភិបាលថ្មី បានលប់ចោល ការតំឡើងថ្លៃលើវិស័យអប់រំ ដែលបាន​បង្កអោយមានចលនាប្រឆាំងតវ៉ា តាំងពីខែកុម្ភះកន្លងមក។

- ខែកញ្ញា ថ្ងៃទី០៨ និងទី០៩ នៅអៀរ៉ាក់៖ មហាភេ​វរកម្មមួយ បានធ្វើឡើងក្នុងគោលដៅប្រឆាំង កងកម្លាំងសន្តិសុខ បង្កអោយមនុស្សស្លាប់ ៩០នាក់ និងជាង៤០០នាក់រងរបួស។ ភេវរកម្មនេះទទួលស្គាល់ដោយ «រដ្ឋអៀរ៉ាក់អ៊ីស្លាមនិយម» ដែលជាផ្នែកមួយនៃបណ្ដាញភេវរកម្មអាល់កៃដា ក្នុងប្រទេសអៀរ៉ាក់។ ខែកញ្ញានេះ ក្នុងប្រទេសអៀរ៉ាក់ មានមនុស្សស្លាប់​ច្រើនជាងគេ រហូតដល់៣៦៥នាក់ គិតចាប់តាំងពីពីរឆ្នាំមកហើយ។

- ខែកញ្ញា ថ្ងៃទី១១ នៅលីប៊ី៖ អ្នកការទូតអាមេរិកាំង បួនរូប ក្នុងនោះអគ្គរាជទូតលោក គ្រឹស ស្ទេវេន ត្រូវបានសម្លាប់​ក្នុងការវាយប្រហារ បាញ់រុក្កែត ចូលក្នុងស្ថានទូតអាមេរិកាំង នៅប៊េនហ្គាស្សី ដោយកងស្មោះស្ម័គ្រអ៊ីស្លាមនិយម។

- ខែកញ្ញា ថ្ងៃទី១៤ នៅអាហ្គានីស្ដង់៖  កងទ័ពសម្ព័នមិត្ត បានរងនូវបាត់បង់សម្ភារះ ដ៏ធំជាងគេតាំងពីឆ្នាំ២០០១មក ក្នុងយុទ្ធនាការវាយលុកមួយ ធ្វើដោយពួកតាលីបង់ ចូលទៅក្នុងបន្ទាយយោធា បាស្ទីយ៉ុង (Bastion) ដើម្បីតវ៉ាប្រឆាំង នឹងភាពយន្ដប្រឆាំងអ៊ីស្លាម ផលិតនៅអាមេរិក។ តាំងពីដើមឆ្នាំមក ទាហ៊ានរបស់អូតង់ ជិត៦០នាក់ ត្រូវបានសម្លាប់ ដោយមនុស្សដែលស្លៀកពាក់ ជាឯកសណ្ឋានអាហ្គានីស្តង់។

- ខែកញ្ញា ថ្ងៃទី២១ នៅអាហ្គានីស្ដង់៖ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដកទ័ព ៣៣ពាន់នាក់ ពីប្រទេសអាហ្គានីស្ដង់ ដែលត្រូវបានបញ្ជូនជាកងទ័ពជំនួយ ដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ នៅខែវិច្ឆិការក្រោយមក ប្រទេសបារាំងក៏​បាន​ដកកងទ័ពចុងក្រោយរបស់ខ្លួន ចេញពីប្រទេសនេះដែរ។ បេសកកម្មប្រយុទ្ធ របស់កងទ័ពសម្ព័ន្ធមិត្ត ក្នុងប្រទេសនេះ នឹង​ត្រូវបញ្ចប់​ទាំងអស់ នៅចុងឆ្នាំ២០១៤ខាងមុខ។

- ខែតុលា ថ្ងៃទី០៩ នៅប់ាគីស្ដង់៖ ម៉ាឡាឡា យូសាហ្វហ្សៃ (Malala Yousafzai) យុវសកម្មជនស្ត្រីម្នាក់អាយុ ១៥ឆ្នាំ ក្នុង​ការទាមទារសិទ្ធិអប់រំទៅអោយស្ត្រី បានរងរបួសជាទម្ងន់ ក្នុងអំពើភេវរកម្មដែល រៀបចំដោយ ពួកតាលីបង់ នៅ​ប្រទេស​ប៉ាគីស្ដង់។ ម៉ាឡាឡា ជាបុព្វហេតុ នៃការរន្ធត់រញ្ជួលចិត្ត របស់បណ្ដាជនរាប់លាននាក់ ទាំងនៅក្នុងប្រទេស និង​នៅក្រៅ​ប្រទេស ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅប្រទេសអង់គ្លេស។

- ខែតុលា ថ្ងៃទី១១ និងទី១២ នៅណ័រវេស៖ ពានរង្វាន់ ណូប៊ែល ផ្នែកអក្សរសាស្ត្រ ត្រូវបានប្រគល់ជូនទៅ អ្នកនិពន្ធ ប្រលោមលោកជនជាតិចិនម្នាក់ ឈ្មោះ ម៉ូ យ៉ាន ​(Yo Man)។ ហើយពានរង្វាន់មួយទៀត សម្រាប់ភាពសុខសន្តិភាព ក៏ត្រូវ​បានប្រគល់ទៅអោយ សហគមអ៊ឺរ៉ុបដែរ។

- ខែតុលា ថ្ងៃទី១៤ នៅអូទ្រីស៖ អ្នកលោកឆ័ត្រយោង ហ្វេលីស ប៊ូមហ្គារន័រ (Felix Baumgartner) បានធ្វើសម្រេច នូវការលោតបានខ្ពស់ជាងគេក្នុងពិភពលោក ពីកំពស់ ៣៩០៤៥ម៉ែត្រ ហើយបានក្លាយជាមនុស្សទីមួយ ដែលបាន​ឆ្លង​កាត់ជញ្ជាំង (ខ្សែរខ័ណ្ឌ) សម្លេង នៃផែនដី។

- ខែតុលា ថ្ងៃទី២៤ នៅអាមេរិកខាងជើង៖ ខ្យល់ព្យុះសង្ឃរា សេនឌី (Sandy) ក្នុងចំណោមខ្យល់ព្យុះដ៏សាហាវ​ផ្សេង​ទៀត បានបក់កាត់ទ្វីប អាមេរិកខាងជើងឆៀងខាងកើត រាប់ពីប្រជុំកោះការ៉ាអីប ទៅដល់ប្រទេសកាណាដា។ កោះហៃទី និងភាគខាងកើតនៃសហរដ្ឋអាមេរិក ទទួលរងគ្រោះពីខ្យល់ព្យុះនេះខ្លាំងជាងគេ។ ខ្យល់ព្យុះបានសម្លាប់មនុស្ស ជាង​២០០នាក់ និងគ្រាន់តែនៅទីក្រុងញ៉ូយកមួយ មនុស្សស្លាប់ មានចំនួន៤៣នាក់។

- ខែតុលា ថ្ងៃទី២៨ នៅអ៊ុយក្រែន៖ គណបក្សរបស់លោកប្រធានាធិបតី វិចទ័រ អ៊ៀនូកូវិច (Viktor Ianoukovitch) បាន​ឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ តែបានរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់បស្ចឹមលោក ក្នុងខណៈ​ពេលដែលលោកស្រីអតីតប្រធានាធិបតី អ៊ីអ៊ូលីយ៉ា ទីមូឆេនកូ (Ioulia Timochenko) នៅជាប់ក្នុងពន្ធនាគារនៅឡើយ។

- ខែវិច្ឆិកា ថ្ងៃទី០៦ នៅអាមេរិក៖ បារ៉ាក់ អូបាម៉ា (Barack Obama) បានជាប់ជាប្រធានាធិបតី មួយអណត្តិទៀត ទល់​នឹងបេក្ខជនប្រជែង មកពីគណបក្សសាធារណរដ្ឋ លោក មីត រូមនី (Mitt Romney)។

- ខែវិច្ឆិកា ថ្ងៃទី០៩ នៅអាមេរិក៖ ការសុំលាឈប់ របស់នាយកអង្គភាពស៊ើបការសម្ងាត់របស់អាមេរិក ( CIA) លោក​ឧត្តមសេនីយ៍ ដេវីដ ផេត្រាអើស (David Petraeus) បន្ទាប់ពីការលេចធ្លាយរឿងអាស្រូវផ្លូវភេទ ជាមួយនឹងអ្នកសរសេរ​ប្រវត្តិរូបរបស់ខ្លួន។ រឿងអាស្រូវនេះ មានជាប់ទាក់ទងនឹងឧត្តមសេនីយ៍ម្នាក់ទៀត ចន អេលេន (John Allen) បច្ចុប្បន្ន​ជាមេបញ្ជាការកងទ័ពអាមេរិក នៅអាហ្គានីស្ដង់ ហើយបានធ្វើអោយការតែងតាំងលោក អោយឡើងធ្វើជា​មេបញ្ជាការ​កំពូលនៅអង្គការអូតង់ ត្រូវបានផ្អាក។

- ខែវិច្ឆិកា ថ្ងៃទី១៤ នៅហ្គាស៊ា និងអ៊ីស្ត្រាអែល៖ ប្រទេសអ៊ីស្ត្រាអែលបាន បើកយុទ្ធនាការ «ជន្ទល់ការពារ» ដែលជា​យុទ្ធនាការវាយប្រហារទៅលើ តំបន់ហ្គាស៊ា របស់ជនជាតិប៉ាឡេស្ទីន ជាមួយនឹងការចាប់ផ្ដើមបញ្ជាកាំជ្រួច ទៅបាញ់​សម្លាប់មេទ័ពម្នាក់ របស់ចលនាហាម៉ាស (Hamas) គឺលោកអាមេដ ចាអាបារី (Ahmed Jaabari)។ បទឈប់បាញ់មួយ រវាងប្រទេសអ៊ីស្ត្រាអែល និងចលនាអ៊ីស្លាមនិយម ជាមេដឹកនាំរដ្ឋប៉ាឡេស្ទីននេះ បានបញ្ចប់ការវាយសម្រុក មានរយះ​ពេល១សប្ដាហ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧៤នាក់ និជនជាតិអ៊ីស្ត្រាអែល៦នាក់។

- ខែវិច្ឆិកា ថ្ងៃទី១៥ នៅចិន៖  សមាសភាពមេដឹកនាំចិន ត្រូវបានផ្លាស់ប្ដូរ នៅក្នុងមហាសន្និបាតបក្សកុម្មុយនីស លើក​ទី១៨។ លោក ស៊ី ជីនភីង (Xi Jinping) ជាបុរសទីមួយ នឹងបន្តតំណែងពីលោក ហ៊ុយ ជីនតាវ (Hu Jintao)។

- ខែវិច្ឆិកា ថ្ងៃទី២២ នៅអេហ្សីប៖ វិបត្តិនយោបាយ  និងអំពើរហឹង្សា បានចាប់ផ្ដើមឡើងវិញទៀត នៅក្រោយបន្ទាប់ពី ក្រិត្យរបស់ប្រធានាធិបតី ម៉ូស្សី ដើម្បីបន្ថែមឥទ្ធិពល នៃដែនអំណាចរបស់លោក ទៅលើការសម្រេចចិត្តទាំងឡាយ របស់​តុលាការ។ ប្រជាមតិ​មួយបានរៀបចំឡើង នៅថ្ងៃ២៥ខែធ្នូទៅម៉ិញ ដើម្បីដូររដ្ឋធម្មនុញ្ញរបស់ប្រទេស ជាមួយនឹងសម្លេង​យល់ព្រម ៦៣,៨%។

- ខែវិច្ឆិកា ថ្ងៃទី២៧ នៅប៉ាឡេស្ទីន​៖ សពមេដឹកនាំជាប្រវត្តិសាស្ត្រ នៃរដ្ឋប៉ាឡេស្ទីន លោក យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) ដែលបានស្លាប់នៅឆ្នាំ២០០៤ ត្រូវបានគាស់ឡើងវិញ ដើម្បីធ្វើកុសល្យវិច្ឆ័យ​​ នៅទីក្រុងរ៉ាម៉ាឡា ដោយអ្នកជំនាញ​អន្តរជាតិ ដើម្បីកំណត់អោយច្បាស់ នូវមូលហេតុនៃការស្លាប់របស់លោក ជាការបំពុលនឹងជាតិប៉ូឡូនីញ៉ូម ឬយ៉ាងណា។

- ខែវិច្ឆិកា ថ្ងៃទី២៨ នៅស៊ីរី៖ ជាយក្រុងទីក្រុងដាម៉ាស បានរងនូវអំពើភេវរកម្មមួយ យ៉ាងធ្ងន់ធ្ងរ ដែលធ្វើអោយប្រជាជន​ស៊ីវិលស្លាប់ជាង៥៤នាក់។

- ខែវិច្ឆិកា ថ្ងៃទី២៩ ប៉ាឡេស្ទីន៖ ការបោះឆ្នោតជាប្រវត្តិសាស្ត្រ នៅក្នុងមហាសន្និបាត របស់អង្គការសហប្រជាជាតិ (១៣៨សម្លេងស្រប ៩សម្លេងប្រឆាំង និង៤១អនុប្បវាត) ដើម្បីអោយប៉ាឡេស្ទីន ក្លាយជារដ្ឋសង្កេតការណ៍ផ្លូវការមួយ របស់អង្គការពិភពលោកនេះ។ ជាការឆ្លើយតបវិញ ប្រទេសអ៊ីស្ត្រាអែល នឹងសាងសង់បន្ថែមនូវលំនៅដ្ឋានចំនួន៣ពាន់​ថែមទៀត នៅក្នុងតំបន់ខ្លួនកាន់កាប់ ស៊ីហ្សកដានី និងនៅហ្សារ៉ុយស៊ាឡឹម បើទោះជាមានការរិះគន់ពី សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ុបជាច្រើនក៏ដោយ។

- ខែធ្នូ ថ្ងៃទី០១ នៅម៉ិចស៊ិក៖ ពិធីចូលកាន់តំណែង នៃលោកប្រធានាធិបតី លោកអង់រិក ផេណា នីអេតូ (Enrique Peña Nieto) ដែលបញ្ជាក់​ពីការិលត្រឡប់មកវិញទៀត នៃការកាន់អំណាចរបស់ គណបក្សវិទ្យាស្ថានបដីវត្តន៍ ដែលធ្លាប់កាន់​តំណែងនេះ សឹងតែ​រហូតមក គិតចាប់តាំងពីឆ្នាំ១៩២៨ រហូតដល់ឆ្នាំ ២០០០។

- ខែធ្នូ ថ្ងៃទី០៤ នៅហ្វីលីពីន៖ ខ្យល់ព្យុះបូហ្វា (Bopha) មានកម្លាំងខ្លាំងជាងគេ ក្នុងឆ្នាំនេះ បានបក់កាត់ផ្នែកខាងត្បួង​នៃប្រទេស​ ដោយបានកម្ទេចទ្រព្យសម្បត្តិ ដីស្រែ ព្រមទាំងសម្លាប់ជីវិតមនុស្សប្រមាណជា ១០៦៧នាក់ និងបាត់ខ្លួន​ជាង៨០០នាក់។

- ខែធ្នូ ថ្ងៃទី១២ នៅកូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់បង្ហោះផ្កាយរណប​មួយ តែបានរងនូវការថ្កោលទោស ពីសំណាក់សហគមអន្តរជាតិ មានរួមទាំង ប្រទេសចិនសម្ព័ន្ធមិត្តចាក់ទឹកមិនលេច របស់ខ្លួននោះផង។ ប្រទេសជាច្រើនផ្សេងទៀត បានមើលឃើញថា ជាការបាញ់បន្លំសាកល្បង កាំជ្រួចបាស៊ីលីក ចម្ងាយ​ឆ្ងាយរបស់ប្រទេសកុម្មុយនីសមួយនេះ។

- ខែធ្នូ ថ្ងៃទី១៤ នៅអាមេរិក៖ សាលាបឋបសិក្សា សេនឌី ហូក (Sandy Hook) នៅទីក្រុងញ៉ូថោន (Newtown) នៃរដ្ឋ​កូនេទិកខាត់ (Connecticut) បានក្លាយជាសោកនាដកម្ម ដ៏ខ្លោចផ្សារ ប្រព្រឹត្តិដោយយុវជនខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំម្នាក់ ឈ្មោះ អាដាម លេនហ្សូ (Adam Lanza)។ ជននេះបានបាញ់សម្លាប់ កុមារ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅក្នុង​សាលានេះ។ មុននឹងមកដល់សាលា ជននេះក៏បានបាញ់សម្លាប់ម្ដាយខ្លួន នៅ​ឯផ្ទះខ្លួនឯងដែរ។

- ខែធ្នូ ថ្ងៃទី១៦ នៅជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរី បានត្រឡប់មកកាន់អំណាចវិញ ជាមួយនឹងសម្លេង​ភាគ​ច្រើន​ដាច់ខាត នៅក្នុងសភាជាតិ និងស្ថានភាពតានតឹងទល់នឹងប្រទេសចិន ជុំវិញជម្លោះប្រជុំកោះ សេនកាគូ (Senkaku ជា​ភាសាជប៉ុន) ឬ ដាវយូ (Diaoyu ជាភាសាចិន) ក្នុងដែនទឹកខាងត្បូង។ លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) បានក្លាយជា​នាយករដ្ឋមន្ត្រីជប៉ុន តាំងពីថ្ងៃទី២៦ខែធ្នូ មុននេះមក។

- ខែធ្នូ ថ្ងៃទី១៨ នៅកូរ៉េខាងត្បូង៖ ជាថ្ងៃបោះឆ្នោតមួយ ដែលបានប្ដូរប្រវត្តិសាស្ត្រប្រទេស។ លោកស្រី ប៉ាក ជុន-ហេ (Park Geun-hye) ជាស្ត្រីលើកដំបូងកេ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតី នៃកូននាគប្រចាំតំបន់​អាស៊ីមួយនេះ។  លោកស្រី នឹងត្រូវស្បថ ចូលកាន់តំណែងនៅខែកុម្ភះខាងមុខ។

- ខែធ្នូ ថ្ងៃទី២១ នៅអ៊ីតាលី៖ លោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី នៅក្រោយ​ការសម្រេចទទួលយក នូវច្បាប់ថវិកាឆ្នាំ២០១៣ភ្លាម និងការវិលត្រឡប់មកវិញ នៃអតីតនាយករដ្ឋមន្ត្រីលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi)។ រដ្ឋសភា ក៏ត្រូវបានរំលាយផងដែរ នៅថ្ងៃស្អែកបន្ទាប់ឡើង ដែលតម្រូវអោយការបោះ​ឆ្នោតឡើងវិញមុនកាលកំណត់ នឹងធ្វើក្នុងប៉ុន្មានខែខាងមុខ៕

------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments