នៅឆ្នាំ២០៣៥ អ្នកភ្នំពេញ​អាច​នឹង​មាន​រថភ្លើង​អាកាស​ប្រើ

សាលារាជធានី និងរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការ ពីរដ្ឋាភិបាលជប៉ុន និងអង្គការ ចាយកា (JICA) កំពុង​សិក្សា​នូវ​គម្រោង​មួយ ដែលជាលទ្ធភាពក្នុងការបង្កើត ឲ្យមានរថភ្លើងអាកាស នៅរាជធានីភ្នំពេញ។

យ៉ាងហោចណាស់ រថភ្លើងអាកាសចំនួនបីខ្សែរ កំពុងត្រូវបានសាលារាជធានី រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការ ពីក្រសួងរៀបចំដែនដី និងដឹកជញ្ជូន ជប៉ុន និងអង្គការ JICA ធ្វើការ​សិក្សា ដើម្បីរិះរកលទ្ធភាព ដាក់ឲ្យមានដំណើរការ ក្នុងមូលហេតុជួយបញ្ជៀស ការកកស្ទះចរាចរណ៍ នៅក្នុង​រាជធានីផ្នំពេញ។ ប៉ុន្តែគម្រោងនេះ មិនអាចមានរូបរាង​ នៅមុនឆ្នាំ២០៣៥នោះឡើយ។ នេះបើតាមការថ្លែង​ឲ្យ ដឹងរបស់លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យ​សាលសារាជធានី នៅក្នុងកិច្ចសម្ផាសមួយ ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

នៅក្នុងសិក្ខាសាលា កម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ឋដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបាន​រៀបចំ​ឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា សាលារាជធានី ក្រសួងរៀបចំដែនដី និងដឹកជញ្ជូន ជប៉ុន និងអង្គការ JICA នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ​២០១៥នោះ ការផ្លាស់ប្ដូរយោបល់ជាច្រើន ត្រូវបានលើកយកមកពីភាក្សា ក្នុងនោះមានដូចជា៖

  • គោលនយោបាយដឹកជញ្ជូន នៃប្រទេសកម្ពុជា
  • ប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុង នៅក្នុងប្រទេសជប៉ុន
  • ការផ្តល់ជំនួយរបស់អង្គការ JICA ក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា
  • ផែនការមេ នៃគម្រោងរថភ្លេីងលេីអាកាស ប្រភេទ AGT ចំនួន៣ខ្សែ
  • និងការបង្ហាញពី AGT របស់ក្រុមហ៊ុន Mitsubishi ជប៉ន។

រីឯគម្រោងរថភ្លើងអាកាស ដែលមានបីខ្សែនោះ អាចនឹងត្រូវសាងសង់៖

ខ្សែទី១- ផ្តេីមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្សីុ និងរង្វង់មូលចោមចៅ។
ខ្សែទី២- ផ្តេីមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លេីង រួចបត់ឆ្វេងតាមផ្លូវតាំងកសាង ចូលអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។
ខ្សែទី៣- ផ្តេីមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ។

អ្នកនាំពាក្យរាជធានី បានថ្លែងឲ្យដឹងទៀតថា គម្រោងនេះកំពុងស្ថិតនៅ ក្នុងលក្ខណៈជាការសិក្សា ដោយ​ក្រុម​អ្នកបច្ចេកទេសជប៉ុន នៅឡើយ។ ប៉ុន្តែលោក ឌីម៉ង់ បានពន្យល់ថា «រថភ្លើងអាកាស ឬ Skytrain» អាចជា​ជម្រើស​មួយ នៅក្នុងចំណោមជម្រើស ដ៏សមស្របដទៃទៀត សម្រាប់យកមកធ្វើ ជាមធ្យោបាយដឹកជញ្ជូន​សាធារណៈ នៅក្នុងរាជធានីភ្នំពេញ។ ចំពោះទឹកប្រាក់ ដែលត្រូវចំណាយ យកមកសាងសង់រថភ្លើង លើ​អាកាស​ទាំងនេះ នៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ។

ការសិក្សាគម្រោង ទាក់ទងនឹងការដឹកជញ្ជូនសាធារណៈ របស់សាលាដំបូងរាជធានីភ្នំពេញ ពុំមែនទើប​តែ​កើតមាន នៅពេលនេះទេ។ កាលពីដើមខែសីហា ឆ្នាំ២០១២ សាសារាជធានីភ្នំពេញ ក៏ធ្លាប់បានសិក្សា​គម្រោង​មួយ ជាមួយនឹងអ្នកជំនាញ ពីប្រទេសបារាំង ដើម្បីដាក់ឲ្យដំណើរការ នូវត្រាមវ៉េយ៍ (Tramway - ប្រភេទ​ដូច​រថភ្លើង រត់នៅផ្លូវមួយច្បាស់លាស់) ដើម្បីដាក់ឲ្យរត់ក្នុងរាជធានី២ខ្សែ។ បើទោះជាគម្រោងនេះ ត្រូវ​បាន​លើក​ឡើង នាពេលនោះថា នឹងអាចមានរូបរាង នៅឆ្នាំ២០១៣ ក៏ដោយ តែរហូតមក​ដល់​ឆ្នាំ​២០១៥​នេះ សាលា​រាជធានី បានដាក់ឲ្យដំណើរការ ត្រឹមតែរថយន្ដក្រុងធម្មតា បីខ្សែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក ជា ប៊ុនសៀង សាស្ត្រចារ្យស្ថាបត្យកម្ម និងនគរោបនីយកម្មមួយរូប នៅរាជធានី​ភ្នំពេញ បានសម្ដែងសុទិដ្ឋិនិយមថា ប្រសិនបើរថភ្លើងអាកាស ត្រូវបានដាក់ឲ្យប្រើប្រាស់នោះ វានឹងអាច​ជួយ​បញ្ជៀស ការកកស្ទះចរាចរណ៍ និងជួយបង្កើតគុណភាពដល់បរិស្ថាន ដោយសារបណ្ដាជន​នឹងឈប់​ប្រើ​ប្រាស់​រថយន្ដ ហើយងាកមកប្រើ មធ្យោបាយដឹកជញ្ជូនសាធារណៈ​នេះវិញ។ លោក ប៊ុនសៀង បានថ្លែងថា រថភ្លើង​អាកាស​នឹង​អាច​ធ្វើឲ្យបណ្ដាជន អ្នករស់នៅរាជធានី ផ្លាស់ប្ដូរទម្លាប់ មនុស្សម្នាក់រថយន្ដមួយ ហើយមក​ប្រើ​ប្រាស់​មធ្យោបាយ​ផ្សេង ដែលមានលក្ខណៈរួម និងតាមបែបសហគមន៍៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់