MH370៖ ជំហ៊ាន​ទៅ​រក​ឃើញ យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន?

ការពិនិត្យសិក្សា ទៅលើបំណែកនៃយន្ដហោះ ដែលរកឃើញនៅលើឆ្នេរ នៃកោះរ៉េអ៊ុយញ៉ុង (La Réunion ទឹកដី​បារាំង) ស្ថិតនៅភាគខាងលិច នៃមហាសមុទ្រឥណ្ឌា បានប្រកាសចេញ នូវសេចក្ដីសន្និដ្ឋានជាផ្លូវការថា បំណែក​ទាំង​នោះ ពិតជាមកពីយន្ដហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន កាលពីជាងមួយឆ្នាំមុន។ នេះ​ជា​ការ​អះអាង របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 06, 2015
  • ប្រធានបទ: បាត់យន្ដហោះ
  • អាន និងបញ្ចេញយោបល់

តើនេះជាតំរ៉ុយតំបូង ដើម្បីឈានទៅរកឃើញ នូវយន្ដហោះបាត់ខ្លួន ដ៏អាថ៌កំបាំងជាងគេក្នុងលោកឬ? បំណែក​យន្ដហោះ ដែលត្រូវបានឃើញ អណ្ដែតមកទើរ នៅលើឆ្នេរនៃកោះរ៉េអ៊ុយញ៉ុង ជារបស់យន្ដហោះ MH370 របស់​ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងពីដើមខែមីនា ឆ្នាំ​២០១៤។ នេះជាការអះអាង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) ពីរដ្ឋធានី​កូឡាឡំពួរ។

ការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង នៅមុនសេចក្ដីសន្នីដ្ឋាន​ជំហានដំបូងមួយ របស់អ្នក​ស៊ើប​អង្កេតបារាំង ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃពុធទី៥ ខែសីហានេះដែរ។ លោក សែជ ម៉ាកូវ៉ាក (Serge Mackowiak) រដ្ឋអាជ្ញារងបារាំង ប្រចាំរដ្ឋធានីប៉ារីស ដែលទទួលបន្ទុក ការស៊ើបអង្កេតករណីនេះ បាន​ថ្លែង​នៅ​ចំពោះ​មុខ ក្រុមអ្នកសារព័ត៌មានថា បំណែករប៉ាត់រប៉ាយទាំងនោះ ពិតជាផ្នែកមួយនៃយន្ដហោះប៊ូអីង (Boeing 777) បើយោងទៅលើ ឯកសារសម្គាល់យន្ដហោះ ដែលផ្ដល់ដោយក្រុមហ៊ុនអាកាសចរណ៍។ ការសិក្សាទាំង​នោះ បានផ្ដល់នូវកា«ជឿជាក់»យ៉ាងខ្លាំង ថាយន្ដហោះប៊ូអីងនោះ ពិតជាយន្ដហោះ MH370។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ មិនបានសង្ស័យទៀតទេថា បំណែកទាំងនោះ គឺពិតជាផ្នែក​មួយ នៃយន្ដហោះម៉ាឡេស៊ី ដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពូរ ទៅកាន់រដ្ឋធានីប៉េកាំងប្រទេស​ចិន កាលពីពាក់កណ្ដាលអាធ្រាត ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។ លោក ណាជីព រ៉ាហ្សាក់ បានថ្លែងឡើងថា៖ «ជាការរន្ធត់ញ៉ាប់ញ័រណាស់ ដែលខ្ញុំត្រូវប្រកាសប្រាប់អ្នករាល់គ្នាថា ក្រុមអ្នក​ជំនាញ​ចម្រុះជាតិសាសន៍ បានអះអាង ពីបំណែកទាំងនោះ ដែលត្រូវបានរកឃើញនៅលើកោះ រ៉េអ៊ុយញ៉ុង គឺ​ជា​បំណែកមកពីយន្ដហោះ MH370»។

លោកនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «នៅពេលនេះ យើងមានភស្ដុតាងរឹង បញ្ជាក់ថា យន្ដហោះដែលភ្ជាប់ ជើងហោះហើរលេខ MH370 បានបញ្ជប់ដំណើររបស់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង»។

ទោះជាការថ្លែង របស់លោក ណាជីព មានភាពច្បាស់លាស់ យ៉ាងនេះក៏ដោយ តែសម្រាប់អ្នកជំនាញបារាំង នៅ​តែមានគម្រោងថា នឹងត្រូវធ្វើការសិក្សាពីករណីនេះ ជាថ្មីម្ដងទៀត។ រដ្ឋអាជ្ញារង លោក សែជ ម៉ាកូវ៉ាក បាន​អះអាងថា៖ «អ្នកជំនាញ នឹងធ្វើការងាររបស់ពួកគេ នៅក្នុងរយៈពេលដ៏ឆាប់មួយ ដើម្បីផ្ដល់ជូននូវព័ត៌មាន​លំអិត​ពេញលេញ និងច្បាស់លាស់ ទៅឲ្យក្រុមគ្រួសារ នៃជនរងគ្រោះ»។ ក្រុមគ្រួសារនៃជនរងគ្រោះ ដែល​បាន​ចោទប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងមក ថាបានលាក់ និងបង្វិលព័ត៌មាននានា ជុំវិញការបាត់ខ្លួននៃ​យន្ដហោះ ដ៏ធំមួយនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់