កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា

អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានហៅ វប្បធម៌បុគ្គល និងស្ថាប័នមិនបើកចំហ ការិយាល័យ​ធិបតេយ្យ ពុករលួយ ថាជាជំងឺសង្គមធ្ងន់ធ្ងរ ក្នុងវិស័យសេវាសុខា​ភិបាលក្នុងប្រទេសកម្ពុជា។ ជា​ពិសេស​ថ្នាក់​ដឹកនាំ ថ្នាក់​ក្រោម​មាន​ទំលាប់​មិនល្អ ចាំតែទទួលបញ្ជា ពីថ្នាក់លើបានក្លាយជា «វប្បធម៌»​ដែលត្រូវ​កែប្រែ​ថ្នាក់​ដឹកនាំ ឬត្រូវធ្វើការ​ផ្លាស់ប្តូរ​ភាព ជាអ្នកដឹកនាំថ្មី។ សូមតាមដានការលើកឡើង ទាំង១៦ចំណុច នៃកំណែ​ទម្រង់ ក្នុង​វិស័យ​សុខាភិបាល ដែល​លោក កែម ឡី លើកឡើង ដើម្បីនាំជំនឿ​មក​ឲ្យ​សាធារណជនវិញ។
កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា
លោក កែម ឡី អ្នកវិភាគ និងស្រាវជ្រាវផ្នែកសង្គម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: June 20, 2017
  • ប្រធានបទ: សុខភាពខ្មែរ
  • អាន និងបញ្ចេញយោបល់

ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្ន​មួយ​ដែល​វិស័យសុខាភិបាល ត្រូវការ​សង្រោះ​បន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗ នៅក្នុងប៉ុន្មានឆ្នាំ​ខាងមុខ​នេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ នេះជាការលើកឡើង របស់លោក កែមឡី ក្នុងបណ្តាញសង្គម​ផ្ទាល់​របស់​លោក។

លោកបានបន្ថែមថា ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា នៅតែជាបន្ទុក ដ៏ធ្ងន់ធ្ងរនៅឡើយ ដូចជា អត្រា​ស្លាប់​របស់ស្រ្តី ជុំវិញការសម្រាលកូន នៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់), អត្រាស្លាប់ របស់​កុមារ​ក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រាស្លាប់ របស់ប្រជាពលរដ្ឋដោយជំងឺ (៨៦,៥ ក្នុង​១.០០០​នាក់) និងមិនទាន់ឆ្លើយតប ទៅសេចក្តីត្រូវការពិត របស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត កម្មវិធី​អាហា​រូបត្ថម្ភ និង​កម្មវិធី​សុខភាព​បន្តពូជតាមផែនការនៅឡើយ។ មន្ទីរពេទ្យខោនត្រាត់ធិញ (Contracting), មូលនិធិ​សមធម៌ (Health Equity Fund-HEF), ការធានារ៉ាប់រងសុខភាព​សហគមន៍ (Community-Based Health Insurance -CBHI) និងភ្នាក់ងារប្រតិបត្តិការ ពិសេស(Special Operating Agency-SOA) មិនអាច​កែ​លំអ​គុណភាព​​សេវា​សុខា​ភិបាល ឲ្យឆ្លើយតបទៅនឹងស្តង់ដារ ដែលអាចឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និង​ប្រើប្រាស់​បាន។

អ្នកវិភាគរូបនេះបានបន្តថា របៀបរបបគ្រប់គ្រង ពីលើចុះក្រោម (មិនវិមជ្ឈការការងារសម្រេចចិត្ត និងថវិកា) និង​ការរឹតត្បិត ក្នុងការចូលរួម​របស់​អង្គការ​សង្គមស៊ីវិល ផ្នែកឯកជន បណ្តាញសហគមន៍ ក៏ជា​បញ្ហា​គន្លឹះ​ដែល​ត្រូវដោះស្រាយ។ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាពិសេស ជាមួយគ្លីនិកឯកជន ក្នុងការ​ផ្តល់សេវា​ដល់​ពលរដ្ឋ​នៅ​តំបន់​ជនបទ និងតំបន់ដាច់ស្រយាល។

ដើម្បីបានជំនឿ ពីសាធារណៈជនឡើងវិញ ផ្នែកសុខាភិបាលត្រូវអនុវត្ត នូវទំរង់វិស័យសុខាភិបាលថ្មីៗ លោក​បានផ្តល់ជាយុទ្ធសាស្រ្តថ្មី ដែលចេញ​ពីការវិភាគ និងការតាមដានវិស័យសុខាភិបាល គ្រប់ជ្រុងជ្រោយ មាន​១៦ យុទ្ធសាស្រ្តដូចខាងក្រោម៖

១- វិមជ្ឈការមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន ឲ្យទៅជាស្ថាប័ន​រដ្ឋបាល​សាធារណៈ ឬពាក់កណ្តាលស្វ័យភាព នៃដំណើរ​ការ​គ្រប់គ្រង ចាត់ចែងនិងអនុវត្ត។ គោលការកំណត់​អត្ត​សញ្ញាណ​ភាព​ក្រីក្រ ត្រូវវិមជ្ឈការឲ្យភាគីទី៣ទាំងស្រុក។

២- បង្កើនការកែលំអគុណភាពមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពដោយចម្លង និងរៀនសូត្រ ពីមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង (គោលការណ៍ ប្រាក់បៀវត្សរ៍ វិន័យ ប្រូតូកូល (ពិធីការ) ថ្នាំនិងរបៀបគ្រប់គ្រង​ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព)។

៣- រៀបចំប្រាក់បៀវត្សរ៍ ដោយផ្តល់ប្រាក់ខែអប្បបរមា៥០០$ ដល់មន្រ្តីពេទ្យថ្នាក់ទាបបំផុត ក៏ដូចជាមន្ត្រី​រាជការ​ទូទៅ (សូមមើលកំណែ​ទំរង់​ប្រាក់​បៀវត្សរ៍)។

៤- ពង្រឹង និងពង្រីកកម្មវិធីធានារ៉ាប់រងសុខភាព​សហគមន៍ទូទាំងប្រទេស ដោយសហការ​ជាមួយ​ភាគី​យ៉ាង​តិច​បួន​ភាគី (រដ្ឋ ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និងក្រុមហ៊ុនឯកជន)។

៥- ពង្រីក និងលើកទឹកចិត្តមន្ទីរពេទ្យឯកជន នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជនបទ ជាពិសេសតំបន់​ដាច់​ស្រយាល ឲ្យមានសិទ្ធិពេញលេញ ក្នុង​ដំណើរការ​សេវារបស់ខ្លួន។

៦- បង្កើនភាពជាដៃគូជិតស្និទ្ធ ជាមួយអង្គការសង្គមស៊ីវិល និងផ្តល់ថវិកាជាតិ ដល់អង្គការសង្គមស៊ីវិល ក្នុង​ដំណើរ​ការគ្លីនិក និងកម្មវិធីជាតិ​នានា​ដែល​រដ្ឋ​មិនអាច​បំពេញបាន។

៧- វិមជ្ឈការឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នឯកជនដេញថ្លៃ យកសេវាចាក់ថ្នាំថ្នាំបង្ការ និងកម្មវិធី​ជាតិ​ចាំបាច់​មួយ​ចំនួន។ ភ្នាក់ងាររដ្ឋមានតួនាទី​អភិបាល​កិច្ច​តាមបែបចូលរួម នូវដំណើរការផ្តល់​សេវាកម្មវិធី​ជាតិ​ទាំង​នោះ។

៨- រៀបចំស្តង់ដារសេវាសុខភាព ដោយយកគំរូតាមប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន និងដាក់ឲ្យអនុវត្ត ចំពោះមន្ទីរពេទ្យរដ្ឋ និងឯកជន។

៩- ពង្រឹងការចូលរួម របស់សហគមន៍ តាមរយៈពង្រីកសមាសភាព ពីអង្គការសង្គមស៊ីវិល និង​សមាជិក​សហគមន៍ ក្នុង​យន្តការ​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព គណៈកម្មការគ្រប់គ្រង មន្ទីរពេទ្យបង្អែក។ វិនិយោគ​បន្ថែម ទាំងសមត្ថភាព សេចក្តីសម្រេចចិត្ត និងធនធានថវិការដ្ឋ ដើម្បីឲ្យ​ដំណើរការ។ ជំរុញឲ្យ​អនុវត្ត​ទាំង​ស្រុង នូវឧបករណ៍គណនេយ្យភាពសង្គម ដូចជា៖ Citizen Report Card-CRC, Community Score Card=CSC, Social Audit=SA, Social Budgeting-SB etc.។

១០- រៀបចំ និងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ធានារ៉ាប់រងសុខភាព សម្រាប់ពលករធ្វើការ នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងក្នុងប្រព័ន្ធ។ ពង្រឹង​ការ​សហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រងស្តង់ដារ ដោយមាន​ភាគី​យ៉ាង​តិច​បួន មានដូចជា៖ ស្ថាប័នរដ្ឋ ស្ថាប័នអង្គសង្គមស៊ីវិល ក្រុមហ៊ុនដែលកម្មករធ្វើការ និង​កម្មករខ្លួនឯង។

១១- បង្កើតក្រុមតំណាងប្រជាពលរដ្ឋ ដើម្បីកំណត់តម្លៃសេវាសុខភាព អភិបាលកិច្ចល្អ តាមដាន និងវាយតម្លៃ លើ​សេវាសុខាភិបាលទូទៅ។

១២- រៀបចំយន្តការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈ​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌល​សុខភាព តាមរយៈការចូលរួម របស់បុគ្គលិកស្ថាប័ននោះផ្ទាល់។ លុប​បំផុត​ចោល​ទាំង​ស្រុង នូវការតែងតាំងប្រធាន អនុប្រធានតាមរយៈមេនយោបាយ ឬថ្នាក់​លើ។

១៣- ពង្រឹងការអនុវត្តជាក់ស្តែង នូវគោលនយោបាយដាក់ទណ្ឌកម្ម ដល់បុគ្គលិកប្រព្រឹត្តខុស ពីក្រម​សីលធម៌​វិជ្ជា​ជីវៈ និងគោលនយោបាយ នៃការ​ចូលរួម​ពេញលេញ ពីប្រជាពលរដ្ឋ តំណាងប្រជាពលរដ្ឋ ផ្នែកឯកជន និង​អង្គការ​សង្គម​ស៊ីវិល ក្នុងកិច្ចការអភិបាលកិច្ចល្អ។

១៤- ពង្រឹងយន្តការក្រុមការងារសុខភា ពថ្នាក់ជាតិ (Institutionalized TWGH with clear procedures and decision making) និងថ្នាក់ក្រោមជាតិ​តាម​រយៈកូតា (ភាគបែង) ស្មើភាពរវាងសមាជិក នៃតំណាង​ស្ថាប័ន​រដ្ឋ តំណាងអង្គការសង្គមស៊ីវិល តំណាងជនរងគ្រោះ តំណាងផ្នែកឯកជន និង​តំណាង​ដៃគូ​ពាក់ព័ន្ធ​នានា។

១៥- ពង្រីកកម្មវិធីអប់រំសុខភាពបឋម តាមរយៈវិមជ្ឈការ ឲ្យអង្គការសង្គមស៊ីវិល បណ្តាញសហគមន៍ ផ្នែក​ឯកជន និង​បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ និង​ផែនការ​វិនិយោគឃុំ/សង្កាត់។ យុទ្ធនាការអប់រំសុខភាព និង​សុខភាព​​បន្តពូជ ត្រូវជំរុញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។

១៦- ពង្រឹង និងពង្រីកការសិក្សាស្រាវជ្រាវ តាមបែបចូលរួម និងតាមលក្ខណៈវិទ្យាសាស្ត្រ ដោយមាន​ការ​សហការ ជាមួយស្ថាប័ននានាដូចជា វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ របស់ក្រសួងផែនការ ស្ថាប័ន​ស្រាវជ្រាវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និងអន្តរជាតិ ស្ថាប័នស្រាវជ្រាវឯកជន ស្ថាប័នស្រាវជ្រាវ តាមសកលវិទ្យាល័យ និងអ្នក​ស្រាវជ្រាវ​ឯករាជ្យ​នានា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់